Thursday 19 December 2013

លោក អ៊ូ វីរៈ បកស្រាយ​ពាក្យ«យួន»ប្រាប់​អ្នក​ប្រតិកម្ម​ប្រឆាំង​រូបលោក

ដោយ គី សុខ​លីម



ភ្នំពេញ៖ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានចេញ​សេចក្តី​ថ្លែង​ការណ៍​បកស្រាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា បើទោះបីជា​អត្ថន័យ​នៃ​ពាក្យ«យួន» មានន័យ បង្អាប់បង្អោន​ឬ​មិន​បង្អាប់បង្អោន​ក៏ដោយ​ក្តី ក៏ប៉ុន្តែ​សុន្ទរកថា របស់លោក សម រង្ស៊ី បង្ហាញ​ពី​ចេ​តនា​រើសអើង​ចំពោះ​ពលរដ្ឋ​វៀតណាម។ 

លោក អ៊ូ វីរៈ បាន​ព​ន្យ់​ថា បើទោះបីជា​ពាក្យ«យួន»មាន​បង្កប់​ឬ​គ្មាន​បង្កប់​អត្ថន័យ​បង្អាប់បង្អោន​ក៏ដោយ វា​គឺជា​រឿង​មួយ។ ប៉ុន្តែ​ពាក្យសម្តី​របស់លោក សម រង្ស៊ី ប្រើប្រាស់​នៅក្នុង​សុន្ទរកថា កាលពី​ថ្ងៃទី១០ខែធ្នូ​កន្លងមក ពិតជា​បង្ហាញ​ពី​ការរើសអើង​ប្រឆាំង​ជនជាតិ​វៀតណាម។ ពាក្យសម្តី​ទាំងនោះ​បាន​ថ្លែងថា ពលរដ្ឋ​វៀតណាម​កំពុងដណ្តើម​ដីធ្លី និង​ការងារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែលមាន​ការប្រើប្រាស់​នូវ​ពាក្យសម្តី​ទាំងនេះ​ដើម្បី​ផលប្រយោជន៍​នយោបាយ។

ការបកស្រាយ​របស់លោក អ៊ូ វីរៈ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​រិះគន់​រូបលោកខ្លាំងៗពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម មតិ​ប្រជាពលរដ្ឋ​មួយចំនួនធំ និងពី​​សំណាក់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​។ លោក សម រង្ស៊ី ធ្លាប់បាន​ពន្យល់ថា ពាក្យ«យួន»នេះ​គឺជា​ពាក្យ​ទូទៅ​ដែល​ដូនតា​ខ្មែរ​បាន​ប្រើប្រាស់​តាំងពី​យូ​យារ​ណាស់​មកហើយ។

តើ​ពាក្យ«យួន»មាន​អត្ថន័យ​យ៉ាង​ដូ​ម្តេច?

ប្រជាជន​ខ្មែរ​ម្នាក់​ដែល​បាន​ទៅ​រស់នៅ​ប្រទេស​វៀតណាម​អស់​រយៈពេល ជាង២០មកហើយ​នោះ បាន​ពន្យល់ថា ប្រជាជន​ខ្មែរ​ហៅ​ជនជាតិ​វៀតណាម​ថា«យួន»គឺ​ក្នុងន័យ​សំដៅ​មើលងាយ​ពួក​វៀតណាម ថា​ជាម​នុស្ស​មិនល្អ។ ប៉ុន្តែ​ជនជាតិ​វៀតណាម​ដែល​រស់នៅក្នុង​ប្រទេស​វៀ​ត​ណា​ម​ឯណោះ​វិញ ពួកគេ​មិនដឹងថា ពាក្យ​នេះ​មានន័យ​មាក់ងាយ​នោះទេ។

បុរស​ខ្មែរ​ដែល​ចេះ​ភាសា​វៀតណាម​យ៉ាង​ស្ទាត់ជំនាញ​រូបនេះ បាន​បញ្ជាក់ថា ជនជាតិ​វៀតណាម៩៥%មិន​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​យួន​នេះ​ទេ លើកលែងតែ​ជនជាតិ​វៀតណាម​ដែល​ធ្លាប់​មក​ប្រទេស​កម្ពុជា​ច្រើនដង ឬ​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ទើប​ពួកគេ​អាច​យល់ថា ពាក្យ«យួន»នេះ​ជា​ពាក្យ​មើលងាយ។

បើ​យោងតាម​បុរស​ខ្មែរ​ដែល​ចេះ​ភាសា​វៀតណាម​ខាងលើនេះ ពាក្យ«យួន»អាចមកពី​ពាក្យ​វៀតណាម​ថា«យុង»បញ្ចេញ​សំឡេង​តាមរបៀប​ជនជាតិ​វៀតណាម​ខាងត្បូង​ក្រុង​ហូជីមិញ​ឬ«យុន»បញ្ចេញ​សំឡេង​តាម​វៀតណាម​ក្រុង​ហាណូយ(វៀតណាម​ខាងជើង)។ ពាក្យ«យុង»ឬ«យុន» នេះ តាម​ភាសា​វៀតណាម មានន័យថា សត្វល្អិត​អាក្រក់។ ដូច្នេះ ប្រហែលជា​តាមរយៈ​ពាក្យ​នេះ និង​ដោយសារ​ការប្តូរ​សំនៀង​បន្តិចបន្តួច​ហើយ ទើប​ខ្មែរ​ហៅ​វៀតណាម ពី«យុង»ឬ«យុន»មកជា«យួន»វិញ។

ជនជាតិខ្មែរ​ម្នាក់ទៀត​ដែល​សុំ​មិនអោយ​បញ្ចេញ​ឈ្មោះ​ដែរ ហើយ​ធ្លាប់​ទៅ​រៀន និង​ទៅធ្វើ​ការ​នៅក្នុង​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាង១០ឆ្នាំ​នោះ បាន​ពន្យល់​ក្រោយពេល​មាន​ជម្លោះ​ពាក្យសម្តី​រវាង​លោក សម រង្ស៊ី និង​លោក អ៊ូ វីរៈ ថា ពាក្យ«យួន»អាច​ក្លាយ​មកពី​ពាក្យ​វៀតណាម​ខាងជើង​ថា«ហ្ស៊ូ​ន»ឬ«យូ​ន»សម្រាប់​ជនជាតិ​វៀតណាម​ខាងត្បូង​ដែល​មានន័យថា​សត្វ​ព្រូន។ ពាក្យ​ដើម​ថា«ហ្ស៊ូ​ន ឬ​យូ​ន» តែ​ខ្មែរ​វិញ​អាច​ហៅថា«យួន»ទៅ។ នេះ​គឺជា​ការសន្និដ្ឋាន​របស់​បញ្ញា​វ័​ន្ត​ខ្មែរ​សិក្សា និង​រស់នៅក្នុង​ប្រទេស​វៀតណាម៕ 

បណ្ឌិត​អក្ស​សាស្ត្រ​ខ្មែរ លោក ច័ន្ទ សំណព្វ៖ ពាក្យ«យួន»គ្មាន​ន័យ​មើលងាយ​ទេ


ដោយ គី សុខ​លីម



ភ្នំពេញ៖ សង្គ្រាមពាក្យសម្តី​រវាង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជុំវិញ​ពាក្យ«យួន»នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ។ សម្រាប់​លោក​បណ្ឌិត​អក្ស​សាស្ត្រ​ខ្មែរ ច័ន្ទ សំណព្វ ពាក្យ«យួន»គ្មាន​ន័យ​មើលងាយ​ទេ!តើ​ពាក្យ«យួន»មាន​អត្ថន័យ​យ៉ាងដូចម្តេច និង អាច​ក្លាយ​មកពី​ពាក្យ​អ្វី?

បើ​ផ្អែកលើ​វចនា​នុ​ក្រុម​សម្តេច​សង្ឃ​ជួន​ណាត ពាក្យ​ថា«យួន» គឺ ជាតិ​មនុស្ស​អ្នក​ដែន​តុង​ក័​ង ដែន​អណ្ណាម ដែន​កូស័ងស៊ីន។ យួនតុងក័ង យួនកូស័ងស៊ីន យួន​ដែន​អណ្ណាម។ ពាក្យ​សាមញ្ញ​ច្រើន​ហៅ​យួនតុងក័ង ថា យួន ហាណូយ។ ហៅ​យួន​អណ្ណាម ថា យួន ហ្វេ។ ហៅ​យួនកូស័ងស៊ីន​ថា យួន ព្រៃនគរ។

វចនានុក្រម​របស់​ស​ម្តេច​សង្ឃ​ជួនណា​គ្រាន់តែ​ពន្យល់​ពាក្យ«យួន»គឺជា​ប្រភព​នៃ​ជនជាតិ​ប៉ុណ្ណោះ។ប៉ុន្តែ​វចនានុក្រម​នេះ​មិនបាន​ពន្យល់​ពាក្យ«យួន»ថា មានន័យ​យ៉ាងណា​នោះទេ។

ចំពោះ​លោក ច័ន្ទ សំណព្វ បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា​វិញ ពាក្យ«យួន»គឺ​មិនមាន​អត្ថន័យ​មើលងាយ​ទេ។ ពាក្យ​នេះ​វា​គ្រាន់តែ​ការដាក់​ងារ​អោយ​ដោយ​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ។ បើ​យោងតាម​ឯកសារ​ចិន​មួយចំនួន ពាក្យ«យួន»នេះ​អាចមកពី​ពាក្យ​ដើម​របស់​ប្រទេស​វៀតណាម​ថា«យៀ​កណាន់»។ តាមរយៈ​ពាក្យ​នេះ ចិន​ហៅ​វៀតណាម​ថា «យៀ​កណាន់» តែ​ខ្មែរ​វិញ​មិន​ហៅថា «យៀ​ក»ដូច​ចិន​ទេ តែ​បែរជា​ហៅថា«យួន»វិញ។

លោក ច័ន្ទ សំណព្វ បាន​រម្លឹកថា សម្តេច​ព្រះបាទ​នរោត្តម សីហនុ កាលពី​អតីតកាល មិនដែល​ហៅ​ប្រទេស​វៀតណាម​ថា «វៀតណាម»នោះទេ។ ព្រះអង្គ​តែងតែ​ហៅថា«យៀកណាម»។ រីឯ លោក ប៉ុល ពត វិញ លោក​បាន​ហៅ​ជនជាតិ​វៀតណាម​ថា«អា​យួន»។

សរុបសេចក្តី​មកវិញ សម្រាប់​លោក សំណព្វ ពាក្យ«យួន»មិន​មានន័យ​មើលងាយ​ទេ។ ជនជាតិខ្មែរ​ក្រោម​នៅ​វៀតណាម ក៏​ហៅ វៀតណាម ថា«យួន»ដែរ ហើយ​គ្មាន​វៀតណាម​ណា​ម្នាក់​ខឹង​នោះទេ។

ងាក​មក​បញ្ញវ័ន្ត​ខ្មែរ​រស់នៅក្នុង​ប្រទេស​វៀ​ត​ណា​ម និង​សិក្សា​នៅក្នុង​ប្រទេស​វៀតណាម​ឯណោះ​វិញ ពួកគេ​សាកល្បង​ពន្យល់​ពាក្យ«យួន»ដូចខាងក្រោម​នេះ។

ប្រជាជន​ខ្មែរ​ម្នាក់​ដែល​បាន​ទៅ​រស់នៅ​ប្រទេស​វៀតណាម​អស់​រយៈពេល ជាង២០មកហើយ​នោះ បាន​ពន្យល់ថា ប្រជាជន​ខ្មែរ​ហៅ​ជនជាតិ​វៀតណាម​ថា«យួន»គឺ​ក្នុងន័យ​សំដៅ​មើលងាយ​ពួក​វៀតណាម ថា​ជាម​នុស្ស​មិនល្អ។ ប៉ុន្តែ​ជនជាតិ​វៀតណាម​ដែល​រស់នៅក្នុង​ប្រទេស​វៀ​ត​ណា​ម​ឯណោះ​វិញ ពួកគេ​មិនដឹងថា ពាក្យ​នេះ​មានន័យ​មាក់ងាយ​នោះទេ។

បុរស​ខ្មែរ​ដែល​ចេះ​ភាសា​វៀតណាម​យ៉ាង​ស្ទាត់ជំនាញ​រូបនេះ បាន​បញ្ជាក់ថា ជនជាតិ​វៀតណាម៩៥%មិន​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​យួន​នេះ​ទេ លើកលែងតែ​ជនជាតិ​វៀតណាម​ដែល​ធ្លាប់​មក​ប្រទេស​កម្ពុជា​ច្រើនដង ឬ​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ទើប​ពួកគេ​អាច​យល់ថា ពាក្យ«យួន»នេះ​ជា​ពាក្យ​មើលងាយ។

បើ​យោងតាម​បុរស​ខ្មែរ​ដែល​ចេះ​ភាសា​វៀតណាម​ខាងលើនេះ ពាក្យ«យួន»អាចមកពី​ពាក្យ​វៀតណាម​ថា«យុង»បញ្ចេញ​សំឡេង​តាមរបៀប​ជនជាតិ​វៀតណាម​ខាងត្បូង​ក្រុង​ហូជីមិញ​ឬ«យុន»បញ្ចេញ​សំឡេង​តាម​វៀតណាម​ក្រុង​ហាណូយ(វៀតណាម​ខាងជើង)។ ពាក្យ«យុង»ឬ«យុន» នេះ តាម​ភាសា​វៀតណាម មានន័យថា សត្វល្អិត​អាក្រក់។ ដូច្នេះ ប្រហែលជា​តាមរយៈ​ពាក្យ​នេះ និង​ដោយសារ​ការប្តូរ​សំនៀង​បន្តិចបន្តួច​ហើយ ទើប​ខ្មែរ​ហៅ​វៀតណាម ពី«យុង»ឬ«យុន»មកជា«យួន»វិញ។

ជនជាតិខ្មែរ​ម្នាក់ទៀត​ដែល​សុំ​មិនអោយ​បញ្ចេញ​ឈ្មោះ​ដែរ ហើយ​ធ្លាប់​ទៅ​រៀន និង​ទៅធ្វើ​ការ​នៅក្នុង​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាង១០ឆ្នាំ​នោះ បាន​ពន្យល់​ក្រោយពេល​មាន​ជម្លោះ​ពាក្យសម្តី​រវាង​លោក សម រង្ស៊ី និង​លោក អ៊ូ វីរៈ ថា ពាក្យ«យួន»អាច​ក្លាយ​មកពី​ពាក្យ​វៀតណាម​ខាងជើង​ថា«ហ្ស៊ូ​ន»ឬ«យូ​ន»សម្រាប់​ជនជាតិ​វៀតណាម​ខាងត្បូង​ដែល​មានន័យថា​សត្វ​ព្រូន។ ពាក្យ​ដើម​ថា«ហ្ស៊ូ​ន ឬ​យូ​ន» តែ​ខ្មែរ​វិញ​អាច​ហៅថា«យួន»ទៅ។ នេះ​គឺជា​ការសន្និដ្ឋាន​របស់​បញ្ញា​វ័​ន្ត​ខ្មែរ​សិក្សា និង​រស់នៅក្នុង​ប្រទេស​វៀតណាម៕ 

Sunday 8 December 2013

បទវិភាគ៖ ប្រជាជនខ្មែរ ត្រូវយល់ពាក្យ «ជាតិ» ឲ្យបានច្បាស់ មុននឹងនិយាយថា «ស្នេហាជាតិ»

បទវិភាគ៖ ប្រជាជនខ្មែរ ត្រូវយល់ពាក្យ «ជាតិ» ឲ្យបានច្បាស់ 

E-mailPrintPDF
ដើមអម្ពិលៈ ដោយ ប៉ោ សេដ្ឋា (បរិញ្ញាបត្រ អក្សរសាស្រ្ត និងមនុស្សសាស្រ្ត «ជំនាន់ទី១២» ,សញ្ញាបត្រ មន្រ្តី រដ្ឋបាល«ជំនាន់កសាងជាតិ»,អនុបណ្ឌិតច្បាប់ ផ្នែកនីតិឯកជន និងបម្រើការងារ ផ្នែកសារព័ត៌មានរយៈពេល ១០ឆ្នាំ)
ភ្នំពេញ៖ ពាក្យ «ជាតិ» មួយម៉ាត់នេះ តាំងពីអតីតកាល និងបច្ចុប្បន្នកាលបាន និងកំពុងធ្វើឲ្យជាតិនានា នៅលើ ភពផែនដីនេះ ហ៊ានបូជាជីវិតនៅសមរភូមិអស់រាប់រយលាន រាប់ពាន់លាននាក់ ដោយឮពាក្យ «ស្នេហាជាតិ» និង «ស្រឡាញ់ជាតិ» ទាំងចិត្តសប្បាយរីករាយ មានទាំងចម្រៀងជាប់នឹងមាត់ដោយសារតែពាក្យ «ជាតិ» មួយព្យាង្គ នេះ ហើយទៅអនាគត ក៏នៅតែស្លាប់តទៅទៀត។ ការស្លាប់បាត់បង់ជីវិតនេះ មានមនុស្សមួយចំនួនបានស្លាប់ ដោយដឹងច្បាស់លាស់អំពីអត្ថន័យនៃពាក្យ «ជាតិ» ហើយក៏មានមនុស្សជាច្រើនលាននាក់ដែរ ហ៊ានបូជាជីវិត របស់ខ្លួនដើម្បីជាតិ ដោយមិនទាំងយល់ពាក្យ «ជាតិ» នេះផង។ តើពាក្យ «ជាតិ» នេះ មានអត្ថន័យយ៉ាងណា?
តាមវចនានុក្រមខ្មែរ របស់សម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ជាតិ»(នាម) (សំស្ក្រឹត), (បាលី) (ជា-តិឬជាត) កំណើត; មនុស្សដែលមានសញ្ជាតិផ្សេងគ្នាៈ ជាតិខ្មែរ, ជាតិចិន។ល។
ពាក្យ «ជាតិ» គឺជាពាក្យសង្ខេបខ្លីចេញពីពាក្យ «ប្រជាជាតិ»។  ក្រៅពីការពន្យល់ន័យនៃពាក្យ «ជាតិ» តាម អត្ថន័យអក្សរសាស្ត្រខាងលើនេះ ក៏មានអ្នកខ្លះ បានខិតខំពន្យល់ទៅតាមបែបវេជ្ជសាស្ត្រ (ផ្តោតលើឈាម) ទស្សនវិជ្ជា ប្រវត្តិសាស្ត្រ ដោយទាញភ្ជាប់ទៅនឹងនយោបាយ សាសនា និងភាសាជាដើម។
១-ការសម្គាល់ «ជាតិ» ផ្តោតលើឈាម
ការប្រឹងពន្យល់ដោយទាញពាក្យ «ជាតិ» ភ្ជាប់ទៅនឹង ឈាម នេះ តាមពិតត្រូវនឹងពាក្យ «ពូជជាតិ» គឺ សំដៅទៅ លើក្រុមមនុស្សដែលកើតចេញមកពី ពូជតែមួយ។ ពោលគឺគេផ្តោតយកឈាមជ័រ និងវង្សត្រកូល ជាសំអាងតែ ម្តង។ ពាក់ព័ន្ធឈាមជ័រនេះ ជនជាតិអាល្លឺម៉ង់ខ្លះ មានអំណួតជាងគេ ដោយហ៊ាន អះអាងថា នៅលើលោកនេះ គេបានពិនិត្យឈាមរបស់ពូជជាតិផ្សេងៗ ជាលទ្ធផល មានតែជនជាតិអាល្លឺម៉ង់ទេ ដែលមានបញ្ញាវៃឆ្លាតខ្ពស់ ជាងគេ។ ដូច្នេះហើយ បានជារដ្ឋបុរសជាតិអាល្លឺម៉ង់មាន ហ៊ីត្លែរ ជាមេ បង្កើតនូវទ្រឹស្តី «ពូជជាតិនិយម» ដោយ មានមហិច្ឆតាត្រួតត្រាពិភពលោក អញ្ចឹងហើយបាននាំឲ្យមានសង្គ្រាមលោកលើកទី២ និងសម្លាប់រង្គាល ប្រជា ជាតិនានានោះ។
អ្វីទៅជាឈាម? ឈាមជាសាធាតុរាវមានពណ៌ក្រហមដែលហូរក្នុងសរសៃឈាម នៅក្នុងខ្លួនមនុស្ស និង សត្វ មួយចំនួន តាមរយៈបេះដូង សរសៃឈាមអាកទ័រ និងសរសៃឈាមវ៉ែន។ ឈាមផ្សំឡើងដោយគោលិកាឈាម និងសារធាតុរាវប្លាស្មា។
គោលិកាឈាមមាន ៤៥%មានគោលិកាឈាមក្រហម, គោលិកាឈាមស និងប្លាកែត។ប្លាស្មាមាន៥៥% គឺផ្សំ ដោយទឹកសារធាតុខណិជ និងសារធាតុគីមីប្រូតេអ៊ីន (អាល់ប៊ុយម៉ីន  ក្លូប៊ុយលីន  ហ្វីប្រីណូហ្សែន និងកត្តា កំណកឈាម)។ក្រុមឈាម មានប្រមាណ ៥០០ក្រុម ឬប្រភេទ ប៉ុន្តែមាន២ក្រុម ដែលសំខាន់នៅក្នុង ការចាក់ បញ្ចូលឈាម៖ក្រុមក្នុងប្រព័ន្ធ ABO មានក្រុម A, B, AB, O និងក្រុមក្នុងប្រព័ន្ធ Rh មានក្រុម វិជ្ជមាន និងអវិជ្ជ មាន។
តាមវិទ្យាសាស្ត្រជឿនលឿនបច្ចុប្បន្នដែលគេពិនិត្យឈាម តាមបច្ចេកទេសDNA នោះ ពិបាករកឃើញថា មាន ពូជជាតិសុទ្ធណាស់ ពីព្រោះមកដល់ពេលនេះ វាបានឆ្លងកាត់ពេលវេលាដ៏យូរអង្វែង នៃកំណើត មនុស្សរស់នៅ លើភពផែនដី ហើយជាតិនីមួយៗបានធ្វើដំណើរផ្លាស់ទីតាំងរស់នៅ និងបានទាក់ទងគ្នា, រីកចម្រើនផ្នែក មធ្យោបាយធ្វើដំណើរកាន់តែធ្វើឲ្យជាតិនីមួយៗងាយស្រួលទាក់ទងគ្នាទៅទៀត, វិវឌ្ឍផ្នែកសិទ្ធិមនុស្ស គឺមិន ប្រកាន់ពូជជាតិ ជាការដករបាំងចេញយ៉ាងច្រើន រួចឲ្យមនុស្សជាតិផ្សេងគ្នា អាចរៀបការជាមួយគ្នាបាន, ធ្វើ ជំនួញឆ្លងដែន ឆ្លងទ្វីបកាន់តែងាយស្រួល ការទាក់ទងគ្នាក៏មិនពិបាកដូចមុនដែរ, រដ្ឋជាច្រើនបានអនុញ្ញាត ឲ្យចូលសញ្ជាតិ នាំឲ្យមានជាតិនានារស់នៅលើទឹកដីរបស់ខ្លួន, មានរដ្ឋខ្លះទៀតអនុញ្ញាតឲ្យជនបរទេស មាន សិទ្ធិទិញផ្ទះនៅលើទឹកដីរបស់ខ្លួនដើម្បីស្នាក់នៅ ដែលបង្កលក្ខណៈងាយស្រួល ក្នុងការទាក់ទងជាមួយជាតិ ដើមនៅទីនោះ, ប្រទេសខ្លះ អនុញ្ញាតឲ្យជនបរទេសស្មុំកូនបាន និងមានប្រទេសខ្លាំងមួយចំនួន បានប្រើ នយោបាយបង្ខំបង្កាត់ពូជជាតិទៅលើប្រទេសទន់ខ្សោយជាងខ្លួន (មនុស្សប្រុស ស្រីរបស់ប្រទេសខ្លាំង រៀបការ ជាមួយមនុស្សប្រុស ស្រី របស់ប្រទេសទន់ខ្សោយ ដូចនេះកូនកើតមកមានឈាមកាត់គ្នា) ជាដើម។ ហេតុនេះ យើងអាចវិភាគថា ការទទួលស្គាល់ «ជាតិ» មួយដោយអំអាងលើ «ឈាម» មិនមានភាពមាំទាំឡើយ ពីព្រោះវា បានកាត់គ្នាស្ទើរអស់ទៅហើយ។
២-ការសម្គាល់ «ជាតិ» ផ្តោតលើ សាសនា
សាសនា ជាពាក្យប្រើក្លាយមកពីពាក្យសាសន, សាសន៍ ដែលពាក្យនេះ មានន័យថា សាសន៍ព្រះពុទ្ធ ឬ សាសនាព្រះពុទ្ធ, សាសន៍ព្រាហ្មណ៍ ឬសាសនាព្រាហ្មណ៍, ចូលសាសន៍ (ចូលសាសនាអ្វីមួយ)។ ប្រជាជាតិ ឬជាតិជាច្រើននៅលើពិភពលោក បានកាន់សាសនាដូចគ្នា ឧទាហរណ៍ ជាតិខ្មែរ ថៃ ឡាវ ភូមា សិរីលង្កា នេប៉ាល់ កាន់សាសនាព្រះពុទ្ធ ប៉ុន្តែពួកគេមានជាតិខុសៗគ្នា។ ចំណែកមនុស្សខ្លះ មានជាតិតែមួយ តែបែរជា កាន់សាសនាខុសគ្នាទៅវិញ ដូចជា មនុស្សខ្មែរខ្លះ បានកាន់សាសនាគ្រឹស្គ ដែលមាន សាសនាដើមរបស់ខ្លួនគឺ សាសនាព្រះពុទ្ធនោះ។ ឧទាហរណ៍មួយទៀត ជាតិហ្វីលីពីន កាន់សាសនាគ្រឹស្គ ដូចជាតិអង់គ្លេស អាម៉េរិក អូស្ត្រាលី...ដែរ។ អាស្រ័យហេតុនេះ ការសម្គាល់ «ជាតិ» មួយដោយអំអាងទៅលើសាសនា ឬសាសន៍ ក៏មិនសូវមានមូលដ្ឋានត្រឹមត្រូវនោះដែរ។
៣-ការសម្គាល់ «ជាតិ» ផ្តោតលើ ភាសា
ក្រៅពីការសម្គាល់ ជាតិមួយ ដោយផ្តោតទៅលើ ឈាមនិង សាសនាក៏នៅមានអ្នកខ្លះ បានបញ្ចេញ    ទស្សនៈថា គេអាចសម្គាល់ជាតិមួយ ផ្តោតទៅលើ ភាសា។ តើការសំអាងលើ ភាសានេះ សមហេតុសម ផលដែរឬទេ? ជាការពិត មានជាតិខ្លះ មានភាសាមួយពិតប្រាកដរបស់ខ្លួនដែលមិនមានជាតិណាផ្សេងយកភាសានោះ ទៅប្រើ ជាផ្លូវការឡើយ មានដូចជា ភាសាខ្មែរ, ភាសាវៀតណាម, ភាសាឡាវ, ភាសាថៃ, ភាសាភូមា...។ ប៉ុន្តែក៏មានជាតិជាច្រើន បានប្រើភាសាតែមួយជាមួយគ្នា ឧទាហរណ៍ ជាតិអាម៉េរិក, ជាតិអង់គ្លេស, ជាតិអូស្ត្រាលី ជាដើម បានប្រើភាសាអង់គ្លេសតែមួយ។ លើសពីនេះទៅទៀត បច្ចុប្បន្ន មានមនុស្សនៃជាតិនានា បានខិតខំ រៀនសូត្រភាសាអង់គ្លេស បារាំង ចិន ជប៉ុន រួចនិយាយភាសានេះ ដើម្បីទំនាក់ទំនងគ្នាក្នុងផ្នែកការទូត ជំនួញ ឬក៏ជីវភាពប្រចាំថ្ងៃ។ ដូចនេះ ការសម្គាល់ ជាតិមួយ ដោយ សំអាងទៅលើ ភាសា ក៏មិនមានលក្ខណៈ សមហេតុ សមផលប៉ុន្មានដែរ។
៤-ការសម្គាល់ «ជាតិ» ផ្តោតលើឆន្ទៈ
អ្វីទៅជា ឆន្ទៈ តាមវចនានុក្រមខ្មែរ របស់សម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ឆន្ទៈ»(នាម) (សំស្ក្រឹត) អានថា(ឆ័ន-ទៈ), (បាលី) អានថា(ឆន្ទ)មានន័យថា សេចក្តីប្រាថ្នា, បំណង, គំនិត, ការយល់ព្រម...។
លោក ស្តាលីន ដែលបានទទួលភារកិច្ចសិក្សាអំពីបញ្ហាជាតិ ក្នុងក្របខណ្ឌអតីតបក្សសូវៀត បានពន្យល់ពាក្យ «ជាតិ» នេះ មានខ្លឹមសារស្រដៀងគ្នាខ្លះដូចការបកស្រាយរបស់លោក រ៉ឺណង់ដែរគួរយកមកពិចារណា។ ខ្លឹមសារនៃពាក្យ «ជាតិ»ពន្យល់ដោយ ស្តាលីននេះមានន័យថា  «គឺចំណោមមនុស្សមួយដ៏រឹងប៉ឹង ដែល កើតឡើងដោយបានឆ្លងកាត់ប្រវត្តិជាមួយគ្នាជាយូរមកហើយ, ដែលមានភាសាតែមួយ, ដែលមានផែនដី ជាមួយគ្នា, ដែលមានរបៀបរស់នៅខាងផ្លូវសេដ្ឋកិច្ចស្របគ្នា, ហើយដែលមានចិត្ត និងផ្នត់គំនិតតែមួយ ហើយនាំឲ្យ មនុស្សចំណោមនោះ មានវិចារណញ្ញាណ និងឆន្ទៈចង់រស់នៅជាមួយគ្នាតទៅទៀត។
ចំពោះលោក រ៉ឺណង់ វិញ ជាជនជាតិបារាំងបានបកស្រាយពាក្យ «ជាតិ» នេះថា គឺជាឆន្ទៈរួមរបស់សមាជិក សង្គមនីមួយៗក្នុងការទទួលស្គាល់ជាតិរបស់ខ្លួន ដោយស្ថិតនៅលើតម្លៃវប្បធម៌ សង្គមធម៌ ប្រវត្តិសាស្ត្រ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវផ្នត់គំនិត និងសកម្មភាពលើការយល់ព្រមរស់នៅជាមួយគ្នា ធ្វើកិច្ចការ ផ្សេងៗជាមួយគ្នា មានអនុស្សាវរីយ៍ដូចគ្នា បានទទួលជោគជ័យរួមដូចគ្នានៃអតីតកាល។
តាមអត្ថន័យនៃពាក្យ «ជាតិ» ដែលកំណត់ដោយលោក ស្តាលីន និងលោក រ៉ឺណង់ ខាងលើ យើងអាចកំណត់ ចរិតនៃជាតិ ដូចគ្នាមានចំនួន៤ចំណុច៖១-ជាតិ ជាក្រុមមនុស្ស ដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា ដ៏យូរលង់ព្រមទាំងទទួលបានសេចក្តីសុខដូចគ្នា និងជូរចត់គ្នា,២-ជាតិ ជាក្រុមមនុស្សដែលទទួលស្គាល់រួមគ្នា ទៅលើតម្លៃវប្បធម៌ណាមួយ,៣-ជាតិ ជាក្រុមមនុស្សដែលបញ្ចេញសកម្មភាពប្រចាំថ្ងៃផ្សេងៗគ្នា តែជាប្រយោជន៍ រួមដើម្បីឲ្យសង្គមរបស់ខ្លួនរីកចម្រើន, ៤-ជាតិ គឺផ្តោតទៅលើ ឆន្ទៈ ដូចគ្នា ឬប្រហាក់ប្រហែលគ្នា ក្នុងការទទួល ស្គាល់ជាតិរបស់ខ្លួន ហើយការពារឆន្ទៈនេះ។
ដូច្នេះ អ្វីជាការកត់សម្គាល់របស់ខ្ញុំ ខ្ញុំយល់ឃើញថា មានតែពាក្យ «ឆន្ទៈ» ប៉ុណ្ណោះដែលសំខាន់ជាងគេ មាំទាំ ជាងគេ សមហេតុសមផលជាងគេ ចំពោះចំណុចផ្សេងៗទៀត ពុំសូវមានភាពរឹងមាំប៉ុន្មានឡើយ ដូចដែលខ្ញុំបាន លើកយកមកជម្រាបជូនរួចមកហើយ ប៉ុន្តែក៏មិនបោះបង់ចោលដែរ។
ដើម្បីយល់ពាក្យ «ឆន្ទៈ» នេះឲ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅបន្ថែមទៀតនោះ ខ្ញុំសូមលើកយកការ ពន្យល់ តាមបែបទស្សនវិជ្ជាវិញម្តង។ ឆន្ទៈជាអំពើភ្លាមៗស្ថិតនៅលើការប្រតិបត្តិមាននៅក្នុងបច្ចុប្បន្ន ប្រកបដោយ វិចារណញាណ និងសកម្ម។ ជាធម្មតា ឆន្ទៈ ត្រូវមាន ៤ ដំណាក់កាលគឺ៖
ដំណាក់កាលទី១-បញ្ញត្តិកម្មៈ យើងពិនិត្យក្នុងចិត្តនូវអ្វីដែលយើងបំរុងធ្វើ។
ដំណាក់កាលទី២-ការជជែកផ្គូរផ្គងៈ យើងពិនិត្យនូវហេតុផល មូលហេតុ អត្ថប្រយោជន៍ អត្ថទោស ឬ ផលអាក្រក់នៃអំពើដែលយើងបានព្រាងហើយ។
ដំណាក់កាលទី៣-សេចក្តីសម្រេចចិត្តៈ គឺយើងសំរេចចិត្តថា ធ្វើ ឬមិនធ្វើ ក្រោយពីបានគិតថ្លឹងថ្លែងរួច។
ដំណាក់កាលទី៤-ការប្រតិបត្តិៈ ប្រសិនបើការសម្រេចនោះ មានភាពជាវិជ្ជមាន គេចាប់ផ្តើមប្រតិបត្តិការ។ បើគ្មានដំណាក់កាលទី៤នេះទេ ឆន្ទៈ ក៏ពុំមានរូបរាងកើតឡើងបានដែរ។ ឆន្ទៈ មានពីរ គឺបើឆន្ទៈល្អ គេហៅថា សុឆន្ទៈ, បើឆន្ទៈអាក្រក់ គេហៅថា ទុឆន្ទៈ។
ជាការពិត ទោះបី ភាសា សាសនា ឈាម ទឹកដី ក៏ដូចកត្តាផ្សេងៗទៀត ពុំសូវមានហេតុផលមាំទាំក្នុងការ យក មកធ្វើការបកស្រាយលើបញ្ហាពាក្យ «ជាតិ» ក៏ដោយ ប៉ុន្តែមិនមែនមានន័យថា  ប្រជាជាតិ (ជាតិ) នីមួយៗ ទាត់ចោលដោយមិនគិតគូរយកចិត្តទុកដាក់នោះទេ គឺត្រូវតែការពារ រក្សា ដុសខាត់ឲ្យកាន់តែប្រសើរឡើង ដើម្បីបំពេញសេចក្តីត្រូវការជាក់ស្តែង ក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួនឲ្យទាន់នឹងការរីកចំរើនក្នុងតំបន់ និងពិភពលោក។
បន្ទាប់ពីយល់នូវខ្លឹមសារនៃពាក្យ«ជាតិ»រួចមក តើប្រិយមិត្តអ្នកអាននូវបទវិភាគនេះ មានឆ្ងល់ទេថា តើ ជាតិ ឬប្រជាជាតិនីមួយៗ មានសម្បត្តិរបស់ខ្លួនដែរឬទេ? យើងដឹងរួចមកហើយថា ជាតិទាំងអស់ នៅលើសកល លោកនេះ មានអត្ថិភាពដល់បច្ចុប្បន្ន ពិតជាបានឆ្លងកាត់នូវប្រវត្តិសាស្ត្ររបស់គេយ៉ាងយូរ គ្រាន់តែតិច ឬច្រើន ជាងគ្នាប៉ុណ្ណោះ ដូច្នេះពួកគេបានធ្វើពលកម្មដ៏ច្រើន។
ពលកម្មដ៏ច្រើននេះហើយដែលបានបង្កើតនូវសម្បត្តិរបស់ជាតិគេ។សម្បត្តិនោះ គេហៅថា «សម្បត្តិវប្បធម៌» ដែលសំគាល់នូវភោគទ្រព្យទាំងឡាយ សំរាប់បណ្ដុះចំណេះដឹង បណ្ដុះគំនិតពិចារណា បណ្ដុះទឹកចិត្ត ស្រឡាញ់ រាប់អានចង់បាន និងចង់រក្សាទុកឲ្យបាន។ សម្បត្តិវប្បធម៌ ចែកចេញជាពីរគឺ សម្បត្តិវប្បធម៌លទ្ធកម្ម និង សម្បត្តិវប្បធម៌ធម្មជាតិ។
១-សម្បត្តិវប្បធម៌លទ្ធកម្ម. សំគាល់នូវភោគទ្រព្យទាំងឡាយ ដែលជនជាតិ ឬជាតិ ឬប្រជាជាតិណាមួយ បានបង្កើតឡើង កសាងឡើង បណ្ដុះបណ្តាលឡើងជាសមិទ្ធិសំរាប់ជាមរតកដល់កូនចៅសម័យក្រោយ ។ សម្បត្តិវប្បធម៌លទ្ធកម្មរបស់ខ្មែរមាន៖
-វិស័យអក្សរសាស្ត្រ. ខ្មែរមានសំណេរលើស្បែកសត្វ, លើបន្ទះក្តារ, លើផ្ទាំងថ្ម ហៅថា សិលាចារឹក, សំណេរ លើស្លឹករឹត ហៅថា សាស្ត្រាស្លឹករឹត។
-វិស័យវិទ្យាសាស្រ្ត.  ខ្មែរចេះគន់គូរដំណើរគោចរព្រះអាទិត្យ ព្រះចន្ទតាមរនោច តាមខ្នើតដើម្បីកំណត់សូរ្យគ្រាស និងចន្ទគ្រាស គ្រាន់តែ ពិធីពន្យល់លេខប្លែកពីអឺរ៉ុបបន្តិច។
-វិស័យតិចនិច. ខ្មែរចេះធ្វើកញ្ច្រែង ត្រក់ បង្គី ឈ្នាង តោក តុ ទូ ទ្រូ ធ្នូ ស្នា ចង្អេរ ត្បាល់កិនស្រូវ ក្អម ឆ្នាំង រទេះ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។លើសពីនេះ ខ្មែរចេះស្លដែកតាំងពីសម័យមុនអង្គរ ចេះលាយលោហធាតុ។
-វិស័យជំនឿ.  គឺខ្មែរជឿហោរា, ជឿធម្មជាតិ, ជឿគុណម្តាយឪពុក, ជឿខ្មោចព្រាយ, ជឿអ្នកតា, ជឿលើ អាទិទេព ដែរ, ជឿថា មនុស្សស្លាប់ទៅកើតវិញ, ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍, ចូលម្លប់ចំពោះកូនស្រី ឯកូនប្រុស ត្រូវ ទៅបួសមុនប្រកបកិច្ចការផ្សេងៗ, បុណ្យចូលឆ្នាំខ្មែរ, ត្រុដសុំភ្លៀងជំនឿហោរា, បុណ្យភ្ជុំបិណ្ឌ, កឋិន, បុណ្យផ្កា, បបួសនាគ, សំពះព្រះខែ។
-វិស័យសិល្បៈ.ខ្មែរ មានភ្លេង (ភ្លេងប្រជាប្រិយ, ភ្លេងការ, ភ្លេងមហោរី, ភ្លេងខ្មែរ)។ខ្មែរមានរបាំ (របាំព្រះរាជ ទ្រព្យ, របាំភួងបុប្ផា, របាំក្ងោក, របាំទន្សោង, របាំមេអំបៅ, របាំអាយ៉ៃ, របាំរាំវង់, របាំរាំក្បាច់, របាំត្រុដ, របាំកាប់ ក្របីផឹកស្រា, របាំយ៉ីកេនិងរបាំទើបរកឃើញថ្មីៗមួយចំនួនទៀត)។ ចំរៀងខ្មែរមាន (ចំរៀងចាប៉ី, ចំរៀងប្រកកៃ, ចំរៀងបំពេរ, ចំរៀងលួងលោម, ចំរៀងស្នេហា,...)។ខ្មែរមានល្ខោន (ល្ខោនខោល, ល្ខោនត្រាប់, ល្ខោននិយាយ, ល្ខោនបាសាក់, ល្ខោនស្បៃធំ ស្បៃតូច...)។ គ្រឿងភ្លេងខ្មែរមានច្រើន (រនាតឯក, រនាតដែក, រនាតធុង, ទ្រខ្មែរ, ទ្រសោ, ទ្រអ៊ូ, ទ្រឆេ, តាខេ, ខ្លុយ, ឃឹម, ស្គរ, សំភោរ, ប៉ីកែវ, ប៉ីបបុស, ប៉ីអ, ប៉ីពក, ស្រឡៃ, គងតូច, គងធំ, ចាប៉ី, ឆៃយ៉ាំ, ក្រាប, ឆឹង, សាដៀវ)។ ក្រៅពីនេះ ខ្មែរមានក្បាច់ចម្លាក់ជាច្រើន និងរហ័សកម្ម។
-វិស័យកីឡា.ខ្មែរមានកីឡាប្រណាំងទូក, ប្រណាំងសេះ, ប្រណាំងរទេះគោ,ប្រដាល់សេរី (ក្បាច់គុនខ្មែរ), ប្រជល់មាន់, ប្រជល់ដំរី, ប្រជល់ជ្រូក, ប្រជល់គោ, ប្រជល់ត្រី។
-ល្បែងប្រជាប្រិយ.ខ្មែរមាន បោះអង្គុញ, ចោលឈូង, លាក់កន្សែង, បិតពួន, ស្តេចចង់, អ៊ូ, ចោលដំបង, វាយឆ្នាំង, ឡើងសសរខ្លាញ់, ទាញព័្រត្រ, ហ៊ឹង...)។
-វិស័យសំណង់. ខ្មែរបានកសាងប្រាង្គប្រាសាទជាច្រើន ក្នុងនោះក៏មានរូបចម្លាក់ផងដែរ,បារាយណ៍ស្តុកទឹកសំរាប់វិស័យកសិកម្ម, មានសំណង់ជាច្រើនប្រភេទទៀត ដែលខ្មែរបានសាងសង់ឡើង ដើម្បីបំរើ វិស័យផ្សេងៗទៀត ដូចជា កីឡា, យោធា, សិល្បៈ, កសិកម្ម, អប់រំ, សាសនា, អាកាសធាតុ, បរិស្ថាន, សេដ្ខកិច្ច, ពាណិជ្ជកម្ម...។
២-សម្បត្តិវប្បធម៌ធម្មជាតិ. សំគាល់នូវភោគទ្រព្យទាំងឡាយរបស់ជនជាតិ ឬជាតិ ឬប្រជាជាតិណាមួយ ដែលកើតមកពីធម្មជាតិ ផ្ទុយពីអ្វីដែលមនុស្សបង្កើតឡើង។ សម្បត្តិវប្បធម៌ធម្មជាតិរបស់ជាតិខ្មែរ រាប់តាំងពីដី ទឹក អាកាសរបស់ជាតិខ្មែរ,  ព្រំដែនដី ទឹក អាកាសរបស់ជាតិខ្មែរ, សមុទ្រខ្មែរ, ទន្លេ ស្ទឹង បឹងបួ ស្រះ ត្រពាំងរបស់ជាតិខ្មែរ, ភ្នំទាំងឡាយរបស់ជាតិខ្មែរ, កោះទាំងឡាយរបស់ជាតិខ្មែរ, ឆ្នេរខ្សាច់របស់ជាតិខ្មែរ, រុក្ខជាតិរបស់ជាតិខ្មែរ, សត្វស្រុក សត្វព្រៃរបស់ជាតិខ្មែរ, រ៉ែ ឧស្ម័ននៅលើដី ក្នុងដី ក្នុងសមុទ្រ ក្រោមបាតសមុទ្ររបស់ខ្មែរជាដើម។
សម្បត្តិវប្បធម៌ធម្មជាតិរបស់ជាតិខ្មែរមួយទៀតដែលសំខាន់ជាងគេ គឺមនុស្សខ្មែរ ពីព្រោះមនុស្សខ្មែរ ជាអ្នកការពារសម្បត្តិវប្បធម៌ទាំងអស់របស់ខ្មែរ, មនុស្សខ្មែរ តំណាងឲ្យវប្បធម៌ និងអរិយធម៌របស់ខ្មែរ ដោយហេតុថា នៅក្នុងខ្លួនមនុស្សខ្មែរ មានព្រលឹងខ្មែរ នៅក្នុងព្រលឹងខ្មែរ មានខ្លឹមខ្មែរ។ ដូច្នេះ ត្រូវរក្សាមនុស្សខ្មែរឲ្យបានគង់វង្ស ត្រូវជៀសវាងសង្គ្រាមសម្លាប់ខ្មែរគ្នាឯង ឬចាញ់ល្បិចកលបរទេសសម្លាប់ខ្មែរគ្នាឯង (បរទេសខ្ចីដៃខ្មែរ ឲ្យសម្លាប់ខ្មែរគ្នាឯង)។
ការបាត់បង់ជីវិតនៃជាតិខ្មែរ គឺជាការវិនាសហន្តរាយនៃសម្បត្តិវប្បធម៌ធម្មជាតិរបស់ប្រជាជាតិខ្មែរ ក៏ដូច វិនាសព្រលឹងខ្មែរ។ ដូចនេះ ប្រជាជនខ្មែរ ត្រូវយល់ពាក្យ «ជាតិ» និង «សម្បត្តិវប្បធម៌របស់ជាតិ» ឲ្យបានច្បាស់ មុននឹងនិយាយថា «ស្នេហាជាតិ ឬស្រឡាញ់ជាតិ» ដើម្បីកុំឲ្យទង្វើរបស់ខ្លួនបំផ្លាញជាតិទាំងមិនដឹងខ្លួន។
ខ្ញុំសូមរំលឹកឡើងវិញថា «ជាតិ» គឺមានធាតុ ឆន្ទៈ ជាគោលដ៏សំខាន់ក្នុងការកំណត់អត្តសញ្ញាណនៃជាតិ ឬប្រជាជាតិណាមួយ។ ដូច្នេះតើត្រូវធ្វើដូចម្តេច ដើម្បីឲ្យជាតិខ្មែរ មានឆន្ទៈល្អ ឬ សុឆន្ទៈ?
តាមឯកសាររបស់សាស្ត្រាចារ្យមហាវិទ្យាល័យអក្សរសាស្ត្រ សរ សារុន ស្តីពី អត្ថាធិប្បាយទស្សនវិជ្ជា ដែលមានប្រធានបទ វប្បធម៌ទូទៅ, ចិត្តវិជ្ជា, សង្គមវិជ្ជា និងទស្សនវិជ្ជា បានពន្យល់ថា ដើម្បីឲ្យជាតិខ្មែរ មានឆន្ទៈល្អ ឬ សុឆន្ទៈនោះ គេត្រូវធ្វើយ៉ាងណាឲ្យមាន៖ ប្រជាជន ត្រូវរស់នៅក្នុងកម្រិតជីវភាពបង្គួរ ដែលអាចចិញ្ចឹមជីវិតបាន, ត្រូវមានច្បាប់ ទម្លាប់ដែលប្រជាពលរដ្ឋទូទៅគួរឲ្យទុកចិត្តបាន (មិនមែនច្បាប់ ទម្លាប់បង្កើតឡើងគ្រាន់តែបម្រើផលប្រយោជន៍បក្សពួកខ្លួន និងគ្រួសារខ្លួននោះទេ), អ្នកដឹកនាំរដ្ឋ គឺជាមនុស្សពិតជាមានគំនិតស្នេហាជាតិឥតក្លែងក្លាយ, អាជ្ញាធរទាំងអស់ ពិតជាធ្វើការបម្រើរដ្ឋ និងប្រជាជន, ចំណុចសំខាន់ជាងគេ គឺយុត្តិធម៌ ព្រោះបើមានអំពើអយុត្តិធម៌នៅទីណា ទីនោះគ្មានទេសុឆន្ទៈ, ចំណុចខ្សោយមួយដែលអាចធ្វើឲ្យជាតិខ្មែរមានសុឆន្ទៈ គឺចេះបញ្ជោរ និងចេះសរសើរ ពីព្រោះ អំបូរខ្មែរ-មន ចូលចិត្តពាក្យបញ្ជោរ និងពាក្យសរសើរ៕