Wednesday 26 January 2011

ផ្ទាំង​អក្សរ​ចារិក ដែល​សម្គាល់​ពី​កងទ័ព​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា ត្រូវបាន​ដកចេញ​ជា​លើក​ទី​២

ផ្ទាំង​អក្សរ​ចារិក ដែល​សម្គាល់​ពី​កងទ័ព​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា ត្រូវបាន​ដកចេញ​ជា​លើក​ទី​២
ភ្នំពេញ: កង​ទាហាន​កម្ពុជា បាន​យក​ផ្ទាំង​អក្សរ​ចារិក ដែល​សំគាល់​ពី​ទាហាន​ថៃ ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ជិត​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ចេញ​ជា​លើក​ទី​២​ហើយ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​មករា ឆ្នាំ​២០១១​។​

​    ​ផ្ទាំង​ថ្ម​ចារិក​ពី​ទាហាន​ថៃ ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ត្រូវបាន​កង​ទាហាន​កម្ពុជា ធ្វើការ​កែសម្រួល និង​ផ្លាស់ប្តូរ​ដោយ​ស្ងាត់ៗ កាលពី​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១១​។
​    ​ការសម្រេចចិត្ត​កែសម្រួល​អក្សរ​ចារិក​នោះ ដោយសារ​តែ​ភាគី​ថៃ​សុំឲ្យ​កម្ពុជា ដក​ស្លាក​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ថា “ ទីនេះ ជា​កន្លែង​ទាហាន​ថៃ ចូល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា កាលពី​ថ្ងៃ​១៥ ខែកក្កដា ឆ្នាំ​២០០៨ ហើយ​បាន​ដកទ័ព​ទៅវិញ​នៅ​ម៉ោង​១០ និង​៣០ ព្រឹក​នា​ថ្ងៃ​១​ធ្នូ ឆ្នាំ​២០១០”​។ ស្លាក​អក្សរ​ខ្មែរ​មួយ​ផ្ទាំង និង​អក្ស​រលើ​ផ្ទាំង​ថ្ម​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ត្រូវ​បើក​សម្ពោធ ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ កាលពី​ខែ​ធ្នូ តាម​បទបញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥​។
​    ​ស្លាក​អក្សរ​ចារិក នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ដែល​ស្ថិតនៅ​ចម្ងាយ ៣០០ ម៉ែត្រ ពី​ប្រាសាទ​ព្រះវិហារ និង​ជា​ទីតាំង ដែល​ស្ថិត​ក្នុង​តំបន់ ៤,៦ គីឡូម៉ែត្រ ដែល​ថៃ​ប្រកាស​អះអាងថា ជា​តំបន់​ជម្លោះ ត្រូវបាន​កង​ទាហាន​កម្ពុជា កែសម្រួល​ពាក្យពេជន៍ និង​ផ្លាស់ប្តូរ កាលពី​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១១ មក​ជា​ពាក្យ​ថា "​ទីនេះ​! ជា​ទឹកដី​កម្ពុជា​"​។​
​    ​យ៉ាងណាក៏ដោយ ចំពោះ​ការសម្រេចចិត្ត​ដក​ស្លាក​អក្សរ​ចារិក​ចេញ​ជា​ថ្មី ពី​ផ្ទាំង​ថ្ម នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ នៅ​រសៀល​ថ្ងៃ​ទី​២៦​មករា​នេះ លោក​ឧត្តមសេនីយ៍ទោ ស្រី ឌឹ​ក មេបញ្ជាការ​កងពល​ធំ​លេខ ៣ ប្រចាំ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ មិន​បាន​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​បង្វែរ​សំណួរ ទៅកាន់​លោក​នាយ​ឧត្តមសេនីយ៍ ផ្កាយ​បួន ជា​តារា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ ដែល​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។​
​    ​លោកនាយ​ឧត្តមសេនីយ៍ ជា​តារា មិនអាច​ទាក់ទង​បាន​ទេ កាលពី​រសៀល​ថ្ងៃ​ទី​២៦​មករា​នេះ​។​
​    ​ក៏ប៉ុន្តែ​នាយទាហាន ដែល​ឈរជើង​នៅ​តំបន់​ជួរមុខ ក្នុង​ព្រំដែន​ប្រាសាទ​ព្រះវិហារ បានឲ្យដឹងថា ការដក​ផ្ទាំង​អក្សរ​ចារិក​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ចេញពី​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ពុធ ទី​២៦​មករា​នេះ បាន​ធ្វើឡើង ក្រោយពី​មាន​កងទ័ព​ថៃ ប្រមាណ​ពី ៣០ ទៅ ៤០ នាក់ បាន​ចូល​មក​តំបន់​សំបុក​ឃ្មុំ ដែល​ស្ថិតនៅ​ជិត​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ កាលពី​ព្រឹក​ថ្ងៃទី​២៦​មករា​នេះ​។
​    ​កង​ទាហាន​ថៃ បានទាមទារ​ឲ្យ​កម្ពុជា ដក​ស្លាក​អក្សរ ដែល​អះអាង​ថា តំបន់​ដី ៤,៦ គីឡូម៉ែត្រ​នោះ ( ទីនេះ​! ជា​ទឹកដី​កម្ពុជា ) ជា​របស់​កម្ពុជា ចេញពី​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ទើប​ពួកគេ​យល់ព្រម​ដកទ័ព​ចេញពី​តំបន់​សំបុក​ឃ្មុំ​។
    ជុំវិញការដកចេញនូវផ្ទាំងអក្សរចារិកបញ្ជាក់ពីការឈ្លានរបស់ថៃ លើទឹកដីកម្ពុជា ត្រូវបានកាសែតថៃ បាងកកប៉ុស្តិ៍ ស្រង់សំដីរបស់នាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត មកបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃ បានចាត់ទុករឿងនេះ ជាប្រការល្អមួយ ដែលអាជ្ញាធរកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយថៃ ក្នុងការដកចេញនូវស្លាក ដែលសរសរថា "ទីនេះ! ជាទឹកដីកម្ពុជា" ចេញពីតំបន់ជម្លោះ ជិតប្រាសាទព្រះវិហារ៕
ដោយ : លីហូវ (ថ្ងៃទី 26 មករា 2011) 
ប្រភពៈ CEN.COM.KH

Tuesday 25 January 2011

Wednesday 19 January 2011

> សម្ដេចតេជោនាយករដ្ឋមន្ដ្រីប្រកាសច្បាស់លាស់ អក្ខរាវិរុទ្ធ-អក្សរសាស្ដ្រជាតិ យកតាមវចនានុក្រម “ជួន ណាត”

រាជធានី​ភ្នំពេញ​៖ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៩ មីនា ក្នុង​ឱកាសអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​ស​ន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ​យុវជន និង​កីឡា​ឆ្នាំ​សិក្សា​២០០៨-២០០៩ និង​លើកទិស​ដៅ​ឆ្នាំ​សិក្សា​ឆ្នាំ​២០០៩-២០១០ នៅវិទ្យាស្ថាន​ជាតិ​អប់រំ ឱ្យ​បន្ដ​ជំរុញ​ការ​ប្រឡងប្រជែង​លើ​កិច្ចការ​ស្រាវជ្រាវ និង​កិច្ចការតែង​និពន្ធ​លើ​គ្រប់មុខ​វិជ្ជា។ ជាមួយ​នេះត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ហ្មត់ចត់​លើ​អត្ថបទ​សិក្សា​ស្រាវជ្រាវ កាសែត ទស្សនាវដ្ដី គេហទំព័រ ស្លាក​សញ្ញានានា​នៅ​តាម​ទី​សា​ធារណៈ ឱ្យ​រក្សា​បាន​នូវ​ទម្រង់ និង​ក្បួនខ្នាត​អក្សរសាស្ដ្រ និង​ភាសាជាតិ​ខ្មែរ​ដូច​បាន​រៀបចំ​នៅក្នុង​វចនានុក្រម​ខ្មែ​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្ដេច​តេ​ជោនាយក​រដ្ឋមន្ដ្រី​បានឱ្យ​គណៈកម្មាធិការ​ជាតិភាសា​ខ្មែរ​ផ្ដោត​ការ​យកចិត្ដទុកដាក់​ទៅ​លើភារកិច្ច​កំណត់​ឯកភាព​នៃ​ភាសា​ខ្មែរ​ក្នុង​ការអាន ការ​បង្កើត​ពាក្យការ​ឱ្យ​និយម​ន័យ ក៏​ដូចជា​ការ​សរសេរ​អក្ខរាវិរុទ្ធដែល​បច្ចុប្បន្ន​នេះមាន​មួយ​ចំនួន​មិន​ទាន់​មានការ​ឯកភាព​គ្នានៅឡើយ។ សម្ដេច​តេ​ជា​នាយក​រដ្ឋមន្ដ្រី​មានប្រសាសន៍​ថា បើ​ប្រៀបធៀប​ទៅ​នឹង​២០​ឆ្នាំមុន គឺ​មានការ​ស្រួល​បន្ដិច។ ឥឡូវនេះ ក្រុមសម្ដេច​ ជួន ណាត កំពុង​មានកម្លាំង​ខ្លាំងលើសលប់​ហើយ។ ក្រុម​ទំនាញសូរ​របស់លោក​ កេង វ៉ាន់​សាក់ បាន​ធាក់​ថយ​ហើយ​…​។ ពិបាក​ណាស់ មហា​ពិបាក ខុស​គ្នា​រឿង​អក្សរ កាលសម័យ​ដើម​ទាស់​គ្នា​ពី​រឿង​អក្សរ​នេះ​។ ម្ខាង​គឺ​ខាង​សម្ដេចព្រះសង្ឃរាជ ជួន ណាត ឯ​ម្ខាង​ទៀត គឺ​ក្រុម​ទំនាញសូរ​របស់​លោក កេង វ៉ា​ន់​សាក់។ក្រោយ​ឆ្នាំ​១៩៧៩ នៅ​ពេល​បើក​កិច្ចប្រជុំសភា​ម្ដង​ៗ​មានការ​ជជែក​យ៉ា​ង​ខ្លាំង​អំពីរឿង​ភាសា​នេះ ក្រុម​ទំនាញសូរ​មួយ​ក្រុមទៅ ឯខាង​ក្រុម​ម្ខាង​ទៀត ក៏​ទិតៀន​ទៅ ឧទាហរណ៍ៈ ដូច​ពាក្យ​ សំណើ” ​=​គេ​សរសេរ សំណើ។ ប៉ុន្ដែ​ទំនាញសូរ​របស់​លោកតា កេង វ៉ា​ន់​សាក់ ពាក្យ​ ណើ​នោះ​សរសេរ​នឹង “​ន​”​ ទេ (​សំនើ​)​។
ទោះជា​យ៉ាងនេះ​ក្ដី សម្ដេចតេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា កាល​ណោះ ខ្ញុំ​ម៉ឺងម៉ាត់​ណាស់ តាំងពី​ឆ្នាំ​១៩៨៥ ពេល​ខ្ញុំធ្វើ​នាយក​រដ្ឋមន្ដ្រី ខ្ញុំ​កំណត់​ច្បាស់​ថា អ្នក​ណាធ្វើ​លិខិត​ ឬ​បញ្ជូន​របាយការណ៍​អ្វី​ៗ សរសេរ តាម​ទំនាញសូរ ខ្ញុំ​អត់​ចុះហត្ថលេខា ត្រូវ​យកទៅ​កែ​ដែល​កាល​ជំនាន់​នោះ​មិនមែន​ជំនាន់ កុំព្យូទ័រ​ឯណា ជំនាន់​អង្គុលីលេខ​យក​ទៅ​វាយកែ​វិញ​ទៅ។ បើ​ប្រៀបធៀប​នឹង​ជាង​២០​ឆ្នាំ​មុន​ការ​លំបាក​មានការ​ថយ​ចុះ​ហើយ។ ឥឡូវ​ល្អហើយ​អត្ថបទ​ច្បាប់​មួយ ឬ​អនុក្រឹត្យ​មួយមាន​ស​ន្ទា​នុ​ក្រម​ភ្ជាប់​ទៅ​ជាមួយដើម្បី​បកស្រាយ។ ទាក់ទិន​នឹង​បញ្ហា​នេះ សម្ដេចតេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា ព្រោះ​មានភាសា​ខ្លះ​យើង​អត់​ទាន់​មាន​ផង។ នេះ​គឺជាចំណុច​មួយ​ដែល​ត្រូវ​បន្ដ​យក​ចិត្ដ​ទុក​ដាក់ យើង​ត្រូវ​យល់​ហើយ​ឯកភាព​គ្នា​ក្នុង​ការ​ប្រើប្រាស់។ សម្ដេច​បាន​លើក​មក​បញ្ជាក់​ខ្លះ​ៗ​ថា គ្រាន់តែ​ភាសា​ខ្មែរ​មួយ​ក៏​មាន​របៀប​សរសេរ​ខុស​គ្នា​ដែរ។
ឥឡូវ​យើង​បាន​ឯកភាព​គ្នា​ត្រឹមត្រូវ​ហើយ​តាម​វចនានុក្រម​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត។ លោក​ អ៊ឹម សិទ្ធី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា អង្គ​សន្និបាត​បាន​ពិនិត្យ​ផ្ដល់​យោបល់​លើ​របាយការណ៍​បូកសរុប និង​ទិស​ដៅ​ការងារព្រមទាំង​បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន​៨ នឹងបាន​ឯកភាព​លើ​របាយការណ៍​បូក​សរុប​វាយ​តម្លៃ និង​ទិស​ដៅ។ ការ​ពិភាក្សា​លើ​ប្រធានបទ​នីមួយ​ៗ​បាន​វាយតម្លៃ​ពី​ការ​រីក​ចម្រើន​កំណត់​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ និង​លើក​វិធានការ និង​អនុសាសន៍​ជា​អាទិភាព​សម្រាប់​អនុវត្ដ​នា​ពេល​ខាង​មុខ​មានៈ
1.    ​ការ​ចូល​រៀន និង​អត្រា​បញ្ចប់​ការសិក្សាដើម្បី​សម្រេចការ​អប់រំ​សម្រាប់​ទាំងអស់គ្នាៈ បង្កើន​ការ​ចូល​រៀន​កុមារ​អាយុ​៣-៥​ឆ្នាំ នៅ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ជា​ពិសេស​កុមារ​អាយុ​៥​ឆ្នាំ​, បង្កើន​ការ​ចុះ​ឈ្មោះ​ចូល​រៀន កុមារ​អាយុ​៦​ឆ្នាំ នៅ​ថ្នាក់​ទី​១ និង​ធានានិរន្ដរភាព​ការ​សិក្សា​នៅ​បឋម​សិក្សា​, បង្កើនអត្រា​បញ្ចប់​ការ​សិក្សា​នៅ​បឋម​សិក្សា​។
2.    ​ការ​គ្រប់គ្រង និង​ការ​ធ្វើ​ស​និទាន​កម្ម បុគ្គលិក​អប់រំតម្រូវការ​និង​ការ​ផ្គត់​ផ្គង់​​គ្រូ​បង្រៀនៈ កែ​លំអ​គុណភាព​គ្រប់គ្រង និងធ្វើ​ស​និទាន​កម្មបុគ្គលិក​អប់រំ។ ដោះ​ស្រាយ​តម្រូវ​ការ​គ្រូបង្រៀន និង​ពង្រឹងគុណភាព​វិជ្ជា ជីវៈ​គ្រូបង្រៀន។
3.    ​ការ​អនុវត្ដន៍​កម្មវិធី​សម​មូល និង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ៈ ធានា​សមធម៌​នៃ​​ការ​ចូល​រៀន​តាម​កម្មវិធី​សមមូល​, ធានា​និរន្ដរភាព​នៃ​ដំណើរការ​ម​ជ្ឈមណ្ឌល​សិក្សា​សហគមន៍។
4.    ​ការ​ចូល​រៀន​នៅ​ឧត្ដម​សិក្សាៈ ធានាសមធម៌​នៃ​ការ​ចូល​រៀន​នៅ​ឧត្ដម​សិក្សា​, ធានា​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​បណ្ដុះបណ្ដាល​នៅ​ឧត្ដម​សិក្សា។
5.    ​ការងារ​យុវជន និង​ការងារ​អប់រំ​កាយ និង​កីឡាៈ អភិវឌ្ឍន៍​គោលនយោបាយ​ជាតិ​យុវជន​កម្ពុជា​, ជំរុញ​ចលនា​ប្រឡងប្រណាំង៣​ល្អ (​កូន​ល្អ សិស្ស​ល្អ មិត្ដ​ល្អ​), ពង្រឹង​ក្រុមប្រឹក្សា​យុវជន​-​កុមារ និង​សមាគមនិស្សិត​, អភិវឌ្ឍន៍​មជ្ឈមណ្ឌល​យុវជន​ជាតិ និង​មជ្ឈមណ្ឌល​យុវជន​រាជធានី​-​ខេត្ដ​, អភិវឌ្ឍន៍គោលនយោបាយ​ជាតិ​កីឡា​, ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​សកម្មភាព​អប់រំ​កាយ និងកីឡា។
6.    ​អនុវត្ដ​កម្មវិធី​សិក្សា​ថ្មី និង​ផ្គត់ផ្គង់សៀវភៅ​សិក្សា​គោលៈ អនុវត្ដ​កម្មវិធី​សិក្សាថ្មី​នៅ​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​តម្រង់​ទិស​វិជ្ជាជីវៈ​, ពង្រឹង​គុណភាព​​អប់រំ​នៅ​មធ្យមសិក្សា​ទុតិយភូមិ​, ផ្គត់ផ្គង់​សៀវភៅ​សិក្សា​គោល​ទៅ​ដល់​សាលារៀន​ឱ្យទាន់​ពេលវេលា និង​គ្រប់គ្រាន់។
7.    ​ការ​កសាង​សមត្ថភាព​មន្ដ្រី​គ្រប់គ្រងអប់រំៈ អនុវត្ដ​វិមជ្ឈការ​ការងារ​ស្ថិតិ និង​ផែនការ​អប់រំ​, ពង្រឹងសមត្ថភាព​មន្ដ្រី​គ្រប់គ្រងសម្រាប់​ឆ្លើយ​តប​ទៅ​នឹង​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ។
8.    ​ការងារ​កំណែទម្រង់ការ​គ្រប់គ្រងហិរញវត្ថុ​សាធារណៈ​ក្នុង​វិស័យ​អប់រំៈ  ពង្រឹង​គណនេយ្យ​ភាព​​ហិរញ្ញវត្ថុ​សាធារណៈ​, អនុវត្ដ​យន្ដការ​គ្រប់គ្រង​ហិរញវត្ថុ​តាម​ប្រព័ន្ធព័ត៌មានវិទ្យា​, ពង្រឹង​ភាព​ជឿ​ទុកចិត្ដ​លើថវិកា។
ទាំង​អស់នេះ គឺជា​របាយការណ៍​សង្ខេបស្ដី​ពី​លទ្ធផល​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងអប់រំ​យុវជន និង​កីឡា។ លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំយុវជន និង​កីឡា បញ្ជាក់​ថា លទ្ធផល​វិជ្ជមាន​ដែល​ក្រសួង​សម្រេច​បាន​នេះ គឺ​អាស្រ័យ​ដោយ​មគ្គុទេសក៍​ភាព​ដ៏​ឆ្នើម​នៃសម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែល​ផ្ដល់​ឱកាស​ឱ្យ​ក្រសួង​បាន​ទទួល​កិច្ច​សហ​ប្រតិបត្ដិការ​​ល្អ​ពី​សំណាក់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធជា​ពិសេស​កិច្ច​គាំទ្រ​ដ៏​មានប្រសិទ្ធភាព​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្ដរជាតិ។
ដោយ៖ កោះឯករាជ្យ
ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មីនា ឆ្នាំ២០១០
ស្រង់​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន កោះ​សន្តិភាព

Tuesday 18 January 2011

> អានភាសាខ្មែរលើគេហទំព័រ កាន់តែងាយស្រួល

     
ពុម្ពអក្សរប៉ាកកាមាស KHMER PEN

      នេះជាសេចក្តីណែនាំខ្លះពីវិធីប្តូរពុម្ព​អក្សរខ្មែរ យូនីកូដ លើ​កុំព្យ៍ទ័រ​របស់​លោកអ្នក។
     ក្រោយពេល​បានប្តូរ​ពុម្ពអក្សររួច លោកអ្នក​អាចអាន​ភាសាខ្មែរ​លើគេហទំព័រ​បានស្រួល និង​ច្បាស់​ជាងមុន ព្រោះពុម្ពអក្សរ​ទាំង​នេះត្រូវ​បានបង្កើតឡើ​ងដើ​ម្បីប្រើ​ជាផ្លូវការ​ក្នុងការ​បោះពុ​ម្ពឯកសារ។
    ខាងក្រោមនេះ​ជារូប​ភាពដែល​បានបង្ហាញ​ពីវិធី​ទាំងនោះ៖​


ដើម្បីទាញយកពុម្ពអក្សរ Khmer Pen សូមចុចត្រង់នេះ Download Khmer Pen Font



មានបញ្ហាលើកការតំឡើង ទំនាក់ទំនង lekchumnor@yahoo.com

Sunday 16 January 2011

> ប្រភពនៃពាក្យ "ក្បាល"





ក្បាល   กบาล  ກະບາລ
ក្បាល /kba:l/ តើពាក្យនេះមានប្រភពមកពីណាពិតប្រាកដ។ ខាងក្រោមជា ប្រភពអត្ថន័យរបស់ពាក្យ ក្បាលរបស់បណ្តាអ្នករៀបរៀងវចនានុក្រម ភាសាខ្មែរ ថៃ ឡាវ

ក្បាល  ( . )  អវយវៈប៉ែកខាងលើ ខាងមុខបង្អស់នៃរូបកាយមនុស្ស, សត្វ វត្ថុ : ក្បាលមនុស្ស, ក្បាលសត្វ, ក្បាលទូក, ក្បាល  ដែកគោល មនុស្សក្បាលសករាជ គឺមនុស្សខិលខូចជាងគេ តែងនាំគេឲ្យធ្វើការពុំគប្បីជាមួយ [វចនានុក្រមខ្មែរ ជ.]

กบาล /บ.ส./ ศีรษะ(น.) (សិរ្ស) [รศ.สวางจิต พงศ์ศรีวัฒน์]​(រងសាស្ត្រាចារ្យ ស្វាងចិត ពង្សស៊ីវឌ្ឍន៍ រួមភាសានិយាយ និងសរសេរ ព.. ២៥៥០)

กระบาน กระบาล  /กฺบาล/ (ក្បាល)​ (น.) กบาล (คำยืมภาษาบาลี)  [ศานติ ภักดีคำ/សានទិ ភ័ក្តីខាំ/(វចនានុក្រមពាក្យកម្ចីភាសាខ្មែរក្នុងភាសាថៃ,  ច្បាប់ឆ្លងគម្រប់៥៥ឆ្នាំនៃការស្ថាបនាសម្ពន្ធភាពខាងការទូតថៃ-កម្ពុជា​  បោះពុម្ពព..២៥៤៩) ]

กบาล /กะบาน/ น. ส่วนกลางของกะโหลกศีรษะ, หัว, (ផ្នែកកណ្តាលរបស់លលាដ៏, ក្បាល), (คําไม่สุภาพ) เช่น ตีกบาล เขกกบาล; แผ่นกระเบื้อง; ลานกลางหมู่บ้าน เรียกว่า กบาลบ้าน; เครื่องเซ่นผีที่ใส่ภาชนะกับตุ๊กตาแล้วนําไปทิ้งที่ทางสามแพร่ง และต่อยหัวตุ๊กตาเสีย เรียกว่า เสียกบาล, เรียกภาชนะที่ใส่เครื่องเช่นนั้น เช่น เอาเหล้าข้าวใส่กบาลออกเซ่นวัก. (ขุนช้างขุนแผน), บางทีใช้ว่า กระบาล เช่น ปรุตรุเคลือบกระบาลหิน. (จารึกวัดโพธิ์). (ป., ส. กปาล ว่า กะโหลกหัว). [พจนานุกรมไทย ราชบัณฑิตยสถาน พ.ศ.2542]

ກບາລ /ກະບາລ/ (.)​​  ຫົວ, ກະຫໂຫຼກຫົວ, ແຜ່ນກະເບື້ອງ,​ ລານ, ກາງ,ປວດກບາລ=ປວດຫົວ
    [ສຸບິນ ພຣະໂກໄຊຍ໌​ /សុបិន ព្រះកោស្ស័យ/ វចនានុក្រមឡាវ ទំព័រទី៥ ព..២៥៤៦ ]

ກະບາລ​ (ນ.)​ ດູກຫົວ, ຫົວ, ເຟື້ອງໝໍ້, ຖ້ວຍຊາມ ປາລີວ່າ (ກປາລ/ກະປານ/)​
ឆ្អឹងក្បាល, ក្បាល, បំណែកឆ្នាំង, ចានក្បាន បាលីថា (កៈប៉ាល) [មហាសិលា វីរៈវង្ស, វចនានុក្រមភាសាឡាវ ច្បាប់កែថ្មី2005]
            (សេចក្តីប្រែអត្ថន័យនៃពាក្យ​ "ក្បាលនេះ ដូច-ស្រដៀ​ង ជា​​មួយការបកស្រាយរប​ស់​​វចនានុ​ក្រ​​ម​ខ្មែ​​រ។ប៉ុន្តែ​​លក្ខ​ណៈ​សង្កេត ពាក្យនេះ ​ក្នុង​​ភាសាខ្មែរ និ​ងឡាវ មិ​នបានបង្ហា​ញពី​ប្រភ​​ពពា​ក្យទេ យើងអាច​​សន្មតបានថា ពាក្យនេះ​ ជាពាក្យរបស់ជាតិនោះយ៉ាង​ប្រាកដ ចំណែក ក្នុងភា​សថៃ គេបាន​​ប្រាប់ប្រភពពាក្យនេះថា ជាភា​សាបាលី។ ដោយឡែក សាទិ ភ័ក្តីខាំ បានបង្ហាញពីសំនេរនៅក្នុងវចនានុក្រម "ពាក្យកម្ចីខ្មែរ ក្នុងភាសាថៃ"  ប្រភេទពា​ក្យដែលបា​​នកម្ចី ពីភា​សា​​ខ្មែរ ​ខ​ណៈ​ដែល រ​ងសាស្ត្រាចា​​​រ្យ ស្វាងចិ​តពង្សស៊ីវឌ្ឍន៍ បានសរសេរថា ជាពាក្យកម្ចីបាលី​សំស្ក្រឹត​ ដែ​​រនោះ​​​ ហើ​​​យចំ​ណុ​ចដែល​​គួរ​​ចាប់អា​​រម្មណ៍ គឺលោក​មិនបានបង្ហាញពីការខ្ចីពីភាសាខ្មែរនៅក្នុងសៀវភៅ"រួបរួម ពាក្យនិយាយ និងពាក្យ​ស​​រសេ​​​រ​" ​រប​​ស់​​លោ​​​ក​​ឡើយ​ នៅពេ​​​ល​ដែលមា​​នពា​ក្យកម្ចីពី​ភាសា​ជាច្រើនបានដាក់បង្ហាញនោះ។  យ៉ាងណាក៏ដោយ  បើតាមការសន្និ​​ដ្ឋានរបស់ប៉ា​កកាខ្មែរ សូមបញ្ជាក់ថា ពាក្យ “​​ក្បា​ល”​ ជាពា​ក្យរប​​ស់ខ្មែ​រយ៉ាង​​​ប្រាកដ ព្រោះ​​​កា​​ររៀបរៀងរបស់សម្តេច សង្ឃរាជ ជូន ណាត បានបញ្ជាក់​យ៉ាងច្បា​​ស់ពីប្រ​ភ​ពពា​​ក្យនីមួ​យៗ​ ​​​ព្រះ​​អង្គ​មិ​​នបាន​រំលោ​​ភយ​កពា​ក្យ​​បរទេ​សដោយមិន​​បានបង្ហាញប្រពឡើយ ។ ករណីដែលថៃមិ​​នបានដាក់​នោះ​ព្រោះតែ​​​គេព្យា​យា​​មបញ្ជាក់​​​ថា ពាក្យ​​នេះជាពាក្យដើ​ម​រ​បស់គេ​ដែរ...​ )
​​​​
        

Wednesday 12 January 2011

> អំពីដើមកំណើតសករាជ

អំពី​ដើម​កំណើត​សករាជ
ឃុនបណ្ណានុរ័ក្ស ប៊ូ - ប៉ូ នៅ​ពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង
    បរិយា​ដើម
    មនុស្ស​ក្នុង​សាកលលោក​គ្រប់​ជាតិ​គ្រប់​សាសន៍ សុទ្ធសឹង​តែ​មាន​កិច្ចការ​ត្រូវ​ធ្វើ​ទាំងអស់​គ្នា គ្មាន​អ្នក​ណា​នៅ​ស្ងៀម​ឡើយ ព្រោះ​ធម្មតា​លោក​បង្គាប់​ឲ្យ​ធ្វើ ។ ឯ​កិច្ចការ​របស់​អ្នក​ស្រុក​ទាំងអស់​នោះ ដែល​នឹង​ចំរើន​កើន​ឡើង​តាម​លំដាប់​ទៅ​បាន ដោយ​សារ​តែ​មាន​ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ជា​គ្រឿង​កត់​សំគាល់ ដូច​មាន​ពេល​ព្រឹក - ល្ងាច - ថ្ងៃ - យប់ ជាដើម ។ សូម្បី​ការ​សរសេរ​សំបុត្រ​ស្នាម​ទៅ​មក​រក​គ្នា ក៏​ត្រូវ​ចុះ​ថ្ងៃ - ខែ - ឆ្នាំ​ខាន​មិន​បាន​ដែរ ។ ហេតុ​នេះ ការ​ចេះ​ចាំ​ថ្ងៃ - ខែ - ឆ្នាំ មាន​ប្រយោជន៍​ជា​ច្រើន​យ៉ាង ។ បើ​ប្រទេស​ណា​មិន​ប្រើ​ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ​ទេ ប្រទេស​នោះ​នឹង​ធ្វើ​ការ​អ្វី ៗ ឥត​កម្រិត ឥត​របរ ឥត​ក្របខ័ណ្ឌ ឥត​របៀប មិន​រៀបរយ នាំ​ឲ្យ​ការងារ​ទាំង​នោះ​ច្របូក​ច្របល់​រសេម​រសាម គឺ​ធ្វើ​ការ​ព្រឹក​ជា​ល្ងាច ៗ ជា​ព្រឹក, ខែ​នេះ​ជា​ខែ​នោះ, ឆ្នាំ​នេះ​ជា​ឆ្នាំ​នោះ ចំណាំ​បាន​ច្បាស់​ប្រាកដ​តែ​រដូវ​ថា រដូវ​ភ្លៀង, រដូវ​រាំង, រដូវ​ទឹក​ឡើង, រដូវ​ទឹក​ស្រក នឹង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ជាដើម ។ ពុំនោះ​សោត គេ​ទុកដាក់​នូវ​មនុស្ស​ពួក​នោះ ថា​ជា​មនុស្ស​ល្ងង់​ខ្លៅ តួ​យ៉ាង​ដូចជា​មិលក្ខៈ គឺ​មនុស្ស​ព្រៃ, មនុស្ស​ព្នង ដែល​អាស្រ័យ​នៅ​ក្នុង​កោះ​តូច​តាច ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ ឬ​អាស្រ័យ​ជ្រក​នៅ​ក្នុង​ព្រៃ​ជ្រៅ​ជាយ​កៀន​កោះ ជា​ចន្លោះ​ប្រទេស​របស់​គេ, មនុស្ស​ចំពូក​នេះ​ប្រើ​តែ​គំនូស​ជំនួស​អក្សរ តាំង​ពីរ​កើត​ទល់​គ្នា​នឹង​ស្លាប់​ទៅ​វិញ ពុំ​ដែល​បាន​ស្គាល់​នូវ​រសជាតិ​នៃ​អារ្យធម៌​នឹង​គេ​សោះ ។ ហេតុ​ដូច្នោះ បាន​ជា​លោក​អ្នក​ប្រាជ្ញ​ជាន់​ដើម​កំណត់​ឲ្យ​ប្រើ​ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ហៅ​ថា "សករាជ" ជា​គ្រឿង​ចំណាំ ។ ឯ​សករាជ​ដែល​គេ​និយម​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ មាន ៤ យ៉ាង​គឺ ១- ពុទ្ធសករាជ, ២- គ្រិស្តសករាជ, ៣- មហា​សករាជ, ៤- ចុល្លសករាជ ។ ឯ​សករាជ​ទាំង ៤ យ៉ាង​នេះ​គេ​រៀបរៀង​តាម​លំដាប់​ដែល​កើត​មិន កើត​ក្រោយ ដូច​តទៅ​នេះ គឺ
១- ពុទ្ធសករាជ កើត​មុន​សករាជ ទាំង ៣,២- គ្រិស្តសករាជ កើត​ក្រោយ ព. ស. ៥៤៣ ឆ្នាំ,៣- មហា​សករាជ -ដ- -ដ- ៦២១ -ដ-,៣- ចុល្លសករាជ -ដ- -ដ- ១.១៨១ -ដ-
      អធិប្បាយ​អំពី​សករាជ​ទាំង ៤ តាម​លំដាប់​គ្នា
     ពុទ្ធសករាជ .- ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ៦២៩ ប្រាប់​ថា ពុទ្ធសករាជ គេ​កំណត់​រាប់​ចំនួន​ថ្ងៃ​ខែ​ឆ្នាំ តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក ។ ព្រះ​សក្យមុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ១៥ កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់, រាប់​ពី​ត្រឹម​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំ​នោះ​មក ជា​ពុទ្ធសករាជ
ការ​រាប់​ពុទ្ធសករាជ ជា​ការ​កំណត់​ថ្ងៃ​ខែ​ឆ្នាំ​របស់​ពួក​ពុទ្ធសាសនិកជន សម្រាប់​ប្រើ​ខាង​សាសនា ដែល​ហៅ​ថា "បក​សករាជ" ។ របៀប​នេះ រាប់​យក​ចំណែក​ខាង​រនោច​ខែ​មួយ​មុន​មក​ប៉ះ​រួម​នឹង​ខ្នើត​ខែ​បន្ទាប់​នោះ​ជា ១ ខែ គឺ​ត្រូវ​រាប់​ពី​ថ្ងៃ ១ រោច ខែ​ពិសាខ មក​ដល់​ថ្ងៃ ១៥ កើត ខែ​ជេស្ឋ ជា ១ ខែ ។ល។ ពី​ថ្ងៃ ១ រោច ខែ​ចេត្រ មក​ដល់​ថ្ងៃ ១៥ កើត ខែ​ពិសាខ ជា ១ ខែ (ពេញ​ជា ១ ឆ្នាំ) រាប់​យ៉ាង​នេះ​រៀងរាល់​ឆ្នាំ, បើ​រាប់​ពី​លើ​មក​ដល់​ត្រឹម​ណា ត្រូវ​ទុក​ថ្ងៃ​ខែ​នោះ​ជា​បច្ចុប្បន្នកាល មិន​ទាន់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅ​ហើយ​ទេ, ដូចជា​កាល​ពី​ក្នុង​ថ្ងៃ ១៥ រោច ខែ​ស្រាពណ៍ ឆ្នាំ​មមី បន្ទាប់​ឆ្នាំ​ពុទ្ធ​បរិនិព្វាន ត្រូវ​រាប់​ថា ពុទ្ធសករាជ​កន្លង​ទៅ​ហើយ​បាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លង​ទៅ​ហើយ​បាន​ប៉ុន្មាន ត្រូវ​ថា​ត្រឹម​ប៉ុណ្ណោះ), តែ​បើ​ប្រើ​ខាង​ការ​សរសេរ​សំបុត្រ​ចុតហ្មាយ កត់ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ទាំង​ពួង ឬ​និយាយ​ស្ដី​ប្រាប់​គ្នា​តាម​ធម្មតា​នោះ ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំ​មមី​ដែល​ចូល​ក្នុង​រវាង​ឆ្នាំ​គំរប់ ២ នុ៎ះ​ឯង​ថា ពុទ្ធសករាជ ២ ឆ្នាំ ឬ​ពុទ្ធសករាជ ២, បើ​ប្រើ​អក្សរ​សង្ខេប​ត្រូវ​ប្រើ​អក្សរ​ជា ព. ស. ២ ។
ពុទ្ធសករាជ​នេះ ចាប់​ផ្ដើម​កើត​មាន​ឡើង​ជា​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌៀ ដោយ​ពួក​ពុទ្ធបរិស័ទ​មាន​ព្រះ​សង្ឃ​ជាដើម​ក្នុង​ប្រទេស​នោះ​កំណត់​ឲ្យ​ប្រើ​ឡើង ចាប់​រាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន ១ ថ្ងៃ គឺ​កំណត់​រាប់​តាំង​ពី​ត្រឹម​ថ្ងៃ​ពុទញធ ១ រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់​នោះ​មក ឲ្យ​ឈ្មោះ​ថា​ជា​ពុទ្ធសករាជ ដោយ​មាន​ថ្ងៃ​បរិនិព្វាន​នៃ​ព្រះ​ពុទ្ធ​ជា​គោល​ចារិក, ហើយ​ត​មក​ក្នុង​ប្រទេស​នានា ដែល​ជា​ប្រទេស​កាន់​ព្រះ​ពុទ្ធសាសនា ដូច​ប្រទេស​ខ្មែរ​ជាដើម ក៏​និយម​ប្រើត ៗ គ្នា​មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ
ឯ​ប្រទេស​ឥណ្ឌៀ កាល​ពី​សម័យ​មុន ដែល​ពុំ​ទាន់​មាន​ពុទ្ធសករាជ​នៅ​ឡើយ គេ​និយម​ប្រើ​បុរាណ​សករាជ គឺ​សករាជ​ខាង​សាសនា​ព្រាហ្មណ៍​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ។ លុះ​ដល់​មាន​ពុទ្ធសករាជ ប្រទេស​ឥណ្ឌៀ ក៏​ចាប់​ប្រើ​ពុទ្ធសករាជ​ជាប់​ឡើង ។ ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ប្រទេស​ឥណ្ឌៀ​ឈប់​ប្រើ​ពុទ្ធសករាជ​ទៅ​ហើយ, តែ​គេ​ប្រើ​សករាជ​អ្វី​យើង​មិន​បាច់​និយាយ ។
     គ្រិស្តសករាជ .- ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ២ ទំព័រ ៧៩៧ ប្រាប់​ថា គ្រិស្តសករាជ​នេះ គេ​បង្កើត​ឡើង​តាម​នាម​នឹង​ពង្សាវតា​នៃ​សាស្ដា​ម្នាក់​ឈ្មោះ ហ្ស៊េហ្ស៊ុយ ឬហ្ស៊េហ្ស៊ុយ - គ្រិស្ត (Jésus ou Jésus - Christ) ជា​អ្នក​បង្កើត​លទ្ធិ ឬ​សាសនា​មួយ ហៅ​ថា​សាសនា​គ្រិស្ត (Religion Chretienne) ក្នុង​កាល​សតវត្សរ៍​ទី ៦ នៃ​ពុទ្ធសករាជ (ព. ស. ៥៤៣) ។ ពិត​មែន​តែ​ព្រះ​ហ្ស៊េហ្ស៊ុយ - គ្រិស្ត ទទួល​មរណភាព​ក្នុង ព. ស. ៥៧៦ ក្នុង​អាយុ​គំរប់ ៣៣ ឆ្នាំ តែ​គេ​បាន​តាំង​សករាជ​នោះ​គិត​ពី​ថ្ងៃ​ដែល​សាស្តា​នេះ​កើត គឺ​ក្នុង ព. ស. ៥៤៣ ហៅ​ថា គ្រិស្តសករាជ សរសេរ​អក្សរ​សង្ខេប​ថា គ. ស. គឺ​សករាជ​ដែល​គេ​និយម​ប្រើ​ក្នុង​ប្រទេស​អឺរុប​នឹង​ប្រទេស​អាស៊ី​ដោយ​ច្រើន ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ។
   មហា​សករាជ .- ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ៧២២ នឹង​ភាគ​ទី ទំព័រ ១០៨១ ប្រាប់​ថា ស័ក ប្រែ​ថា "កាល", សម័យ​យុគ ...," រាជ ប្រែ​ថា "ស្ដេច" ។ ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក​ដោយ​មាន​បុគ្គល​អស្ចារ្យ ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់, ត្រូវ​ប្រើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជាដើម បង្កើន​មួយ​លេខ​រៀងរាល់​ឆ្នាំ ហៅ​ថា "សករាជ" ៗ នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក​ហៅ​ថា ពួក​តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌៀ ក្នុង​កាល ព. ស. ៦២១ ន្នាំ ។ កាល​ជន​ពួក​នេះ​មាន​ជ័យជំនះ​ក្នុង​ការ​លុកលុយ​ចូល​មក​វាត​អំណាច​ក្នុង​ប្រទេស​ឥណ្ឌៀ​ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រ​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ ឬសាលិវាហនៈ, ហើយ​ក៏​ចាប់​ផ្ដើម​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ថា "ស័ក ឬ​សការជ" ដែល​ចំណេរ​ត​មក ហៅ​ថា "មហា​សករាជ" ប្រែ​ថា "សករាជ​ធំ" នេះ​កើត​មុន​ចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់​មាន​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​តាំង​ពី​រវាង​សតវត្សរ៍​ទី​១០ នៃ​ពុទ្ធសករាជ (ព. ស. ៩២១) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រើ​អក្សរ​សង្ខេប​ថា ម. ស.1
    មហា​សករាជ ប្រាកដ​ជា​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌៀ​ជា​ដំបូង​ក្នុង ព. ស. ៦២១ ឆ្នាំ អំពី​ជន​ពួក​មួយ ដែល​មាន​រៀបរាប់​ខាង​លើ​នេះ, មិន​មែន​កើត​ឡើង​ជា​ដំបូង​នៅ​ប្រទេស​ខ្មែរ​ដោយ​ព្រះ​កេតុមាលា​តាំង​ឡើង​ក្នុង ព. ស. ៦២១ នោះ​ទេ ។
     ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ ភាគ​ទី ២ ថា ព្រះ​កេតុមាលា​កាល​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ក្នុង ព. ស. ៦២១ ឆ្នាំ​មែន ជា​មួយ​នឹង​ឆ្នាំ​ដែល​ប្រទេស​ឥណ្ឌៀ​បង្កើត​ឲ្យ​ប្រើ​មហា​សករាជ, ប៉ុន្តែ​ទ្រង់​ពុំ​ទាន់​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ ក្នុង​ឆ្នាំ​នោះ​នៅ​ឡើយ​ទេ ។ លុះ​ដល់​មក ព. ស. ៦២៣ ឆ្នាំ ព្រះ​កេតុមាលា​ទ្រង់​បាន​ទទួល​ឥន្ទ្រាភិសេក​ជា​ថ្មី ក៏​តាំង​ជា​មហា​សករាជ​ដរាប​មក ។ (ត្រង់​នេះ​ហើយ​ប្រហែល​ជា ព្រះ​កេតុមាលា​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ តាម​ប្រទេស​ឥណ្ឌៀ ហើយ​គេ​និយម​ថា ព្រះ​កេតុមាលា​ផ្ដើម​បង្កើត​មហា​សករាជ ជា​ប្រឋម​នៅ​ប្រទេស​ខ្មែរ) ។
     ចុល្លសករាជ .- ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ១៥២ ប្រាប់​ថា ចុល្លសករាជ ប្រែ​ថា "សករាជ​តូច" ៗ នេះ​ចាប់​ផ្ដើម​តាំង​ឡើង​នៅ​ថ្ងៃ​ចន្ទ​១២ កើត ខែ​ចែត្រ ឆ្នាំ​កុរ​ឯកស័ក ព. ស. ១.១៨១​។
ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ២ ទំព័រ ១.០៨១ ប្រាប់​ថា ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា​ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុលាមា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល ព. ស. ៦២១ ។ ព្រះ​បាទ​សម្ដេច​សន្ធិព​អមរិន្ទ​បរម​ព្រហ្មកិល (ពញាក្រែក) បាន​តាំង​ចុល្លសករាជ ១ ក្នុង​កាល ព. ស. ១.១៨១ ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ​នៅ​នគរ​ធំ
     ក្នុង​ច្បាប់​រាជ​ពង្សាវតារ​ក្រុង​កម្ពុជាធិបតី​ខ្សែ ២ ប្រាប់​ថា គ. ស. ៦៣៩ ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយាវង្ស ស្ដេច​តាំង​ឲ្យ​មាន​ជា​ចុល្លសករាជ​ឡើង​រាប់ ១ រៀង​មក ។
      ក្នុង​ច្បាប់​ព្រះរាជ​ពង្សាវតារ​ក្រុង​កម្ពុជា ដែល​លោក​ទេពពិទូរ ឈឹម - ក្រសេម បាន​រួបរួម​ឡើង​ជា​ថ្មី​ថា ក្សត្រ​មន​បាន​តាំង​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​មន​នោះ​ក៏​បាន ។ បើ​នឹង​យល់​ថា ក្សត្រ​ខ្មែរ បាន​តាំង​ចុល្លសករាជ​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​ខ្មែរ​ក៏​បាន​ដែរ ។ ប៉ុន្តែ ត្រូវ​យល់​ថា មាន​តែ​ព្រះ​បាទ​ជយវរ្ម័ន​ទី ១ 2 ទ្រង់​បាន​តាំង​ចុល្លសករាជ​ឡើង​ជា​ដំបូង ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ ក្នុង ព. ស. ១.១៨១ នេះ ឃើញ​គួរ​ជាង ព្រោះ​ក្សត្រ​អង្គ​នេះ​សោយរាជ្យ​នៅ​នគរ​វត្ត ហើយ​បាន​តាំង​ប្រើ​ចុល្លសករាជ​ដរាប​មក (ដែល​ថា​យ៉ាង​នេះ​ដោយ​អាង​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ដែល​លោក​ទេពពិទូរ ឈឹម - ក្រសេម រួបរួម​ជាន់​ក្រោយ) ។
     ការ​ប្រើ​សករាជ .- ក្នុង​ប្រទេស​កម្ពុជា​ប្រើ​សករាជ ៤ យ៉ាង​ គឺ ពុទ្ធសករាជ, មហា​សករាជ, ចុល្លសករាជ នឹង​គ្រិស្តសករាជ ។
     ឯ​ពុទ្ធសករាជ នឹង​មហា​សករាជ ប្រាកដ​ជា​មាន​ដើម​កំណើត​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌៀ ដោយ​សារ​ជន​ជាតិ​ឥណ្ឌៀ​សាយ​ភាយ​ចូល​មក​ក្នុង​ប្រទេស​ខ្មែរ​យើង​ផង បាន​ជា​ខ្មែរ​យើង​ចាប់​និយម​ប្រើ​ពុទ្ធសករាជ នឹង​មហា​សករាជ​ខ្លះ តាម​អារ្យធម៌​ឥណ្ឌៀ​តាំង​ពី​សម័យ​នោះ​មក ។
តែ​កាល​ពី​សម័យ​នគរភ្នំ​ជា​ដំបូង រហូត​មក​ទល់​គ្នា​នឹង​សម័យ​នគរ​ធំ ជនជាតិ​ខ្មែរ​ពុំ​ទាន់​បាន​ប្រើ​ពុទ្ធសករាជ​នឹង​ចុល្លសករាជ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប្រើ​តែ​មហា​សករាជ​មួយ​យ៉ាង​ប៉ុណ្ណោះ លុះ​មក​ដល់​ខាង​ចុង​សម័យ​នគរ​ធំ ទើប​មាន​ប្រើ​ចុល្លសករាជ​ផង​ជា​ផ្លូវ​ការ រួម​ជា​មួយ​ពុទ្ធសករាជ នឹង​មហា​សករាជ រឿង​នេះ​ដឹង​បាន​ដោយ​សារ​មាន​សិលា​ចារិក​ជា​ភស្ដុតាង ។
     ចំណែក​គ្រិស្តសករាជ ចាប់​ផ្ដើម​ប្រើ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​រជ្ជកាល​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា​ឥស្សរាធិបតី (ព្រះ​អង្គ​ដួង) គឺ​តាំង​ពី ព. ស. ២.៣៩១ គ. ស. ១.៨៤៧ រៀង​មក ដោយ​សារ​ប្រទេស​បារាំងសែស នឹង​ប្រទេស​កម្ពុជា មាន​ការ​ទាក់ទង​គ្នា​តាំង​ពី​សម័យ​នោះ​មក
    ការ​រៀបរៀង​អត្ថបទ​សករាជ​ដូច​ខាង​លើ​នេះ ឃើញ​ថា​ត្រឹមត្រូវ​ល្មម​ទុក​ជា​គតិ​ទៅ​អនាគត​បាន ដោយ​មាន​ក្បួន​តម្រា​ជា​ភស្ដុតាង​គ្រប់​សករាជ, ប៉ុន្តែ បើ​ពិនិត្យ​អំពី​ការ​ប្រើ​សករាជ​នៅ​ប្រទេស​ខ្មែរ​យើង ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ជា​ផ្លូវ​ការ​ក្ដី ជា​សាធារណៈ​ក្ដី ឃើញ​ច្រើន​តែ​ប្រើ​គ្រិស្តសករាជ​ពុំ​សូវ​មាន​ប្រើ​ពុទ្ធសករាជ​ឡើយ ។
ហេតុ​នេះ ក្នុង​សម័យ​នេះ គួរ​លើក​យក​ពុទ្ធសករាជ​មក​ចុះ​ប្រើ​ជា​ផ្លូវ​ការ នឹង​ប្រើ​ជា​សាធារណៈ​ទុក​ជា​សរណៈ​ដល់​ពុទ្ធសករាជ, នេះ​ឃើញ​ថា​ជា​ទី​សមរម្យ​ដល់​ប្រទេស​កាន់​ពុទ្ធសាសនា ដូចជា​ប្រទេស​ថៃ​ជាដើម ។
ចប់ ដោយ​សង្ខេប