Showing posts with label ពន្យល់ពាក្យ. Show all posts
Showing posts with label ពន្យល់ពាក្យ. Show all posts

Thursday, 10 March 2016

ទិវាជាតិអំណាន នៃព្រះរាជាណាចក្រកម្ពុជា ១១ មីនា ២០១៦

ថ្ងៃទី១១ មីនា ១៨៨៣ ជាថ្ងៃប្រសូតរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ដែលត្រូវនឹងនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស. ២៤២៧ ។ 
ទិវាជាតិអំណាន នៃព្រះរាជាណាចក្រកម្ពុជា ១១ មីនា ២០១៦

ទិវាជាតិអំណាន នៃព្រះរាជាណាចក្រកម្ពុជា ១១ មីនា ២០១៦


Sunday, 21 June 2015

គំរូ ឬ គម្រូ?

គំរូ ឬ គម្រូ?

ដោយ : ហ៊ុន ឈុនតេង
អត្ថបទ​នេះ​ ខ្ញុំបានសរសេរ​តាំងពីខ្ញុំនៅសិក្សា​ថ្នាក់បរិញ្ញាបត្រអក្សរសាស្ដ្រខ្មែរ​ឆ្នាំ​ទី​៣​មក​ម្ល៉េះ​និង​ធ្លាប់​បាន​ចុះ​ផ្សាយក្នុងទស្សនាវដ្ដីចំណេះដឹងសាកលផង។ ទីនេះ ខ្ញុំ​សូម​យក​អត្ថបទ​នោះ​មក​បង្ហាញ​ដោយ​ពុំ​មាន​ការ​​កែសម្រួលឲ្យ​បានល្អត្រឹមត្រូវនោះឡើយ។
១- បញ្ហាស្តីពីពាក្យ“គំរូឬ​គម្រូ”
តាមរយៈ​ការ​ពិនិត្យ​លើ​ឯកសារ​មួយ​ចំនួន​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​កន្លង​មក​ ស្មេរ​ឃើញ​ថា​មាន​បញ្ហា​មួយ​​បាន​​ចោទ​​ឡើង​​ចំពោះ​ការ​សរសេរ​អក្ខរាវិរុទ្ធពាក្យ​“​គំរូ​ឬ​គម្រូ”។ ដោយសា​រ​ស្មេរ​សង្កេត​ឃើញ​នូវបញ្ហា​នេះ​ ស្មេរ​​​ក៏​សាក​ល្បង​​ស្រាវ​ជ្រាវ​និង​ពិចារណា​លើ​បញ្ហា​នៃ​អក្ខរា​វិរុទ្ធ​របស់​ពាក្យ​នេះ ​ថា​​តើ​មួយ​ណា​ត្រឹម​​​​​ត្រូវ​ជាង​ ដោយ​​​​ផ្អែក​លើ​ហេតុ​​​ផល​តាម​បែប​ភាសា​វិទ្យា​។
មាន​ឯក​សារ​សំខាន់​ៗ​ពីរ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ឯកសារនានាសរសេរ​អក្ខរាវិរុទ្ធ​នៃ​ពាក្យ​នេះ​បាន​ពីរ​យ៉ាង​គឺ៖
-វចនានុក្រមខ្មែរ, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ​, ទំព័រទី១៤៧, ពន្យល់ថា​ ៖
គំរូ ន. បែប, សំណាក, តួយ៉ាង, ផែនទី : គំរូស្ពានបេតុង, គំរូផ្ទះឈើ …។
-ក្រសួងអប់រំ, សៀវភៅវេយ្យាករណ៍ថ្នាក់ទី៨, ទំព័រ១៧, ឆ្នាំ១៩៨៦
គំរូ < គ្រូ+ [-អ៊’ម-]
យើងឃើញថានៅក្នុងវចនានុក្រមខ្មែរបានពន្យល់ពីន័យរបស់ពាក្យថា“គំរូ” ដូច​ដែល​បាន​បង្ហាញ​ខាង​លើ​ស្រាប់​ តែ​​ពុំ​​បានលើកហេតុ​ផល​​ពន្យ​ល់​ពីប្រភពពាក្យ​នេះ​ឡើយ​​។ ចំណែក​ឯ​សៀវ​ភៅ​វេយ្យាករណ៍​ថ្នាក់​ទី​៨​របស់​ក្រសួងអប់រំវិញ​បាន​​ប​ង្ហា​ញ​​​​ពីកំ​ណើ​ត​​​​ពា​ក្យ“គំរូ” ថាចេញ​ពី​ពាក្យ​​​ថា​​​“គ្រូ” តែមិនបានពន្យល់ន័យទេ។
តើ​ពាក្យ​​“គំរូឬ​គម្រូ”​ដែល​ពាក្យ​ត្រឹម​ត្រូវ​តាម​ហេតុ​ផល​វិទ្យា​សាស្ដ្រ? តើពាក្យ​នេះ​ពិ​តជា​មាន​ប្រភព​ពាក្យ​ពី​ពាក្យ​​​“គ្រូ”ឬ? តើ​ពាក្យ​នេះ​អាច​មាន​ប្រភ​ព​ចេញ​មក​ពី​ពាក្យ​ផ្សេង​ដែរ​ឬ​ទេ?​

២- បំណកស្រាយស្តីពីពាក្យ “គំរូឬគម្រូ”
ក្រសួងអប់រំបាន​ពន្យល់​ថាពាក្យនេះចេញពីពាក្យ គ្រូ + [-អ៊’ម-] > ​គំរូ។ ប៉ុន្តែយើង​សង្កេត​ឃើញ​ថា​ពាក្យ​“គំរូ” នេះគ្មានន័យជាប់ទាក់ទងនឹងពាក្យថា“គ្រូ”នេះឡើយ។ សូម​ពិនិត្យ​លើ​ឧទាហរណ៍​ខាង​ក្រោម៖
. ចូរអ្នកឆ្លាក់​រូប​ព្រះពុទ្ធ១អង្គ ដែលមានរូបថតមួយសន្លឹកនេះជាគំរូ
នៅក្នុងល្បះនេះ ពាក្យ“គំរូ”វាគ្មានន័យអ្វីទាក់ទងនឹងពាក្យថា“គ្រូ”ឡើយ។ ល្បះនេះអាច​មាន​ន័យថា “ចូរ​អ្នកឆ្លាក់​រូប​​ព្រះពុទ្ធ១អង្គ ដែលមានរូបថតមួយសន្លឹកនេះជាបែបផែន,​ ឬតួយ៉ាង​(មាន​ន័យ​ថា​របស់​ដែល​ដូច​នឹង​​​របស់​ដើម ហើយ​ព្រះ​​ដែលគេឆ្លាក់​នោះគឺត្រូវតែដូចនឹងរូប​ថតដែល​គេ​ឲ្យ​​នោះ)”​។
២. លោកគ្រូ ជាគំរូរបស់ខ្ញុំ។
ចំណែកនៅក្នុងល្បះនេះក៏នៅតែមានន័យថា“លោកគ្រូ ជាបែបផែនតួយ៉ាង(នៅ​ក្នុង​សង្គម​ខ្មែរយើង​ចាត់​ទុក​​គ្រូ​ជា​អ្នក​រៀនបានខ្ពង់ខ្ពស់ ដឹង​ខុស​ត្រូវ​ មាន​ចរិតលក្ខណៈល្អ ទើបសិស្សចង់ធ្វើដូចគាត់)របស់ខ្ញុំ”​ គឺ​មិន​មែន​មានន័យថា “លោកគ្រូ ដែ​លជាគ្រូរបស់ខ្ញុំ”នោះទេ។ បើ​ពិនិត្យ​លើ​ផ្នក់ជែក[-អ៊’ម-] បញ្ជាក់ពី​ន័យ​ជា​កិរិយា​​ហេតុ ឬ​ន័យ​សម្គាល់​លទ្ធ​ផ​ល​/អំពើ[1] ដែលមិនបញ្ជាក់ពីន័យជាសភាព ឬបែប​បទ​រប​ស់​នាម ឬ​គុណ​នាម​​នោះ​ទេ។
តាមទស្សនៈរបស់ស្មេរផ្ទាល់ពាក្យថា“គំរូ”នេះ មានប្រភពចេញមកពីពាក្យ“រូ”ដែលជា​ពាក្យ​ខ្មែរ​បុរាណ​​ច្រើន​ជួប​ប្រទះ​ក្នុងរឿងរាមកេរ្តិ៍មានន័យថា“ដូច”។ ហេតុដែលខ្ញុំ​ហ៊ាន​អះអាង​បែប​នេះ គឺសំអាងលើន័យរបស់​ពាក្យ​“គំរូ”​នេះ​ទាក់​ទង​នឹ​ង ពាក្យថា“ដូច”ច្រើនជាងពាក្យ​“គ្រូ”។ សូមពិនិត្យឧទាហរណ៍ខាង​ក្រោម​៖
. ផ្ទះនេះយកគំរូតាមផ្ទះនៅម៉ាឡេស៊ី។
​យើងពិនិត្យឃើញថាពាក្យ“គំរូ” មានថ្នាក់ពាក្យជានាម និងជាកម្មបទផ្ទាល់របស់ពាក្យផ្ទះ មិន​មែន​មាន​​ថ្នាក់​ពាក្យ​ជា​កិរិយាហេតុនោះទេ។ ក្នុងល្បះនេះមានន័យថា ផ្ទះនេះយកលក្ខណៈដែល​មាន​ដូច​ផ្ទះនៅ​ម៉ាឡេ​ស៊ី។
. នេះជាផ្ទះគំរូរបស់ខ្មែរ។
ក្នុងល្បះនេះ​ពាក្យគំរូដើរតួជាគុណនាមបញ្ជាក់ន័យឲ្យនាម“ផ្ទះ” ដែលមានន័យថាផ្ទះនេះ​ជាផ្ទះ​ដែល​មាន​​ដូចៗ​គ្នា​នឹង​ផ្ទះ​របស់ខ្មែរផ្សេងទៀត។
តាមរយៈឧទាហរណ៍ពីរខាងលើ យើងឃើញថាពាក្យថា“គំរូ” នេះមានន័យជាប់ទាក់ទង​នឹងពាក្យ“រូ”​ជាង​ពាក្យ​“គ្រូ”។ ពាក្យ“គំរូ”នេះមានប្រភពមកពីពាក្យ“រូ”​ផ្សំនឹងផ្នត់ដើម[គំ-]។ យើង​សង្កេត​ឃើញ​មាន​ពាក្យ​ទាំង​អស់​សរុប​ចំនួន​៤​ដែលជាពាក្យកម្លាយតាមរយៈផ្នត់ដើម​​[គំ-] គឺ គំរេច គំរឹល គំរល និងគំរូ។ ពាក្យ “គំរេច” មានន័យជាប់​ទាក់​ទង​នឹង​ពាក្យ​“រេច”, ពាក្យ“គំរឹល” មានន័យជាប់ទាក់ទងនឹងពាក្យ“រឹល”, ពាក្យ“គំរល” មាន​ន័យ​ជាប់ទាក់ទងនឹងពាក្យ“រល”។ ចំណែក​ឯ​ពាក្យ​“គំរូ”នេះ ក៏​មាន​ន័យ​ជាប់​ទាក់​ទង​នឹង​ពាក្យ​ថា​“រូ”​នេះ​ដែរ​។ ផ្នត់[គំ-] នេះ​សម្រាប់ប្រើ​ធ្វើ​ឲ្យ​ពាក្យ​កម្លាយ​ក្លាយ​ជា​នាម ឬគុណនាមទៅ​តាម​បរិបទ​ដែល​បាន​លើក​ឧទាហរណ៍​​ក្នុង​ល្បះ​ខាង​លើ​មក​។ ប៉ុន្តែវចនានុក្រមដាក់ពាក្យ“គំរូ” ​នេះ​ត្រឹម​តែ​ជានាមប៉ុណ្ណោះ ទាំងវា​មាន​ថ្នាក់​​ពាក្យ​ជា​គុណនាម​ផងដែរ ដូច​ក្នុង​ករណី ផ្ទះគំរូ និងមនុស្សគំរូ។
យ៉ាងណាម៉ិញពាក្យនេះគេធ្លាប់ជួបតាំងពីសម័យមុនអង្គររួចម្ដងមកហើយនៅក្នុងសិលាចារឹក K.138 និង​K.​109 គឺ​ពាក្យ“កំរុ”។ នៅក្នុងសិសាចារឹកទាំងពីរនេះពាក្យ​“កំរុ”​ គឺជានរនាម​​(ឈ្មោះ​មនុស្ស) ដែល​នៅ​ក្នុង​វចនានុ​​ក្រម​ខ្មែ​របុរាណ​តាម​រយៈ​​សិលាចារឹកសម័យមុនអង្គរ សតវ​ត្ស​​ទី៦-៨ របស់បណ្ឌិតសាស្ដ្រាចារ្យ ឡុង សៀម ទំព័រទី១០​៣ ថាពាក្យ “កំរុ” នេះ​ចេញ​​ពីពាក្យ “រុ” មាន​ន័យថាដូច។
៣- សន្និដ្ឋាន
ស្ថិតនៅក្នុងសេចក្ដីសន្និដ្ឋាន ស្មេរអាចនិយាយបានថា ​“​គំរូ​ឬ​គម្រូ​” អាច​សរសេរ​ឲ្យ​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ​បាន​​​តែ​មួយ​បែប​គត់​គឺ ​“គំរូ”​ ព្រោះ​វា​មាន​ប្រភព​មក​ពី​ពាក្យ“រូ” ដូច​ហេតុផលដូចបានជម្រាបមកខាងលើ។ មិន​​ត្រឹម​តែ​ប៉ុណ្ណោះ​ ពាក្យ​នេះ​មានថ្នាក់​ពាក្យ​ចំនួន​ពីរ​ គឺ​ជានាម​ និង​គុណ​នាម។ ​ដោយ​ផ្អែក​លើ​ហេតុ​ផល​ដែល​​បាន​បង្ហាញ​មក​នេះ ស្មេរ​​សូម​ឲ្យ​មាន​ការ​បំពេញ​បន្ថែមលើ​កង្វះខាត​ដែល​បាន​កើត​មាន​នៅ​ក្នុង​វចនា​នុ​ក្រម​ និង​កែកំហុស​ដែល​មាន​នៅ​ក្នុង​សៀវ​​​ភៅ​​របស់​ក្រសួង​អប់​រំ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ឆ្នាំ១៩៨៦ ដើម្បី​​ឲ្យ​ភាសា​ខ្មែរ​ឈាន​ទៅ​រក​ការ​ឯក​ភាព​គ្នា​ក្នុង​ការ​​ប្រើ​ប្រាស់​អក្ខរាវិរុទ្ធឲ្យ​មាន​តែ​មួយ។
[1] សូមមើល ព្រុំ ម៉ល់,វេយ្យាករណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប,​ ២០០៦។

Friday, 19 June 2015

ប្រភពពាក្យកន្ថោរ អង្គាដី ខ្ទះ និង​សំប៉ាន


ពាក្យខ្មែរ​ដែលស្ទើរតែមិនជឿថាមានប្រភពមកពីបរទេស

 មុននឹងនិយាយ​ដល់រឿងនេះ ខ្ញុំសូមរំលឹកបន្ដិចថា​ភាសា​ខ្មែរ​សិ្ថត​នៅ​ក្នុង​អម្បូរ​អូស្ដ្រូអាស៊ី​និង​ក្រុម​មន​ខ្មែរ​ឬ​ខ្មែរ​មន ឯសំស្ក្រឹតឯណោះវិញ​ស្ថិតនៅក្នុងអម្បូរ​ឥណ្ឌូអឺរ៉ុប។ គេ​បែង​ចែកអម្បូរផ្សេងគ្នា ដោយ​សារ​តែ​ភាសា​ទាំង​នោះ​វាមានលក្ខណៈផ្សេងគ្នា។ ដូចគ្នាដែរ​ ការ​ចាត់ភាសាឲ្យ​ទៅក្នុងអម្បូរ​ជា​មួយ​គ្នា​ ក៏​ដោយ​សារ​​លក្ខណៈ​ភាសា​នោះ​​វា​ដូច​គ្នា​ផង​ដែរ។ ភាសាមួយៗ តែងមានពាក្យ​ជាធាតុសំខាន់មួយក្នុងភាសា​ ដែល​​ទុន​ពាក្យ​​សព្ទ​​អាចមានប្រភពច្រើនយ៉ាង។ ទុ​​នពាក្យ​សព្ទម្យ៉ាង គឺជាទុនដើមបំផុត​នៃភាសាមួយ​នោះ ពោល​គឺ​​ភាសានោះកើត​ឡើងដោយ​មានទុនពាក្យសព្ទ​ដើមតែម្ដង។ ទុនពាក្យសព្ទម្យ៉ាងទៀត​ គឺបាន​មក​ពី​ពាក្យ​ក្នុង​ភាសាដទៃ។ ភាសាណាក៏មិនល្អបរិសុទ្ធដែរ ដែលខ្ញុំនិយាយ​ថា​មិនស្អាតបរិសុទ្ធនេះ គឺ​ដោយ​សារ​តែ​​គ្មានភាសាណា​ដែល​មានទុនតែ​ពាក្យសព្ទដើម​របស់ភាសានោះដែរ។ មនុស្សជា​អ្នកប្រើ​ប្រាស់ភាសា។ មនុស្ស​​មាន​ទំនាក់ទំនងគ្នា ភាសាក៏មានការរងឬជះឥទ្ធិពលដែរ។ ដូច្នេះការ​ទទួលយកទុនពាក្យ​សព្ទ​ពី​ភាសា​ដ៏ទៃ មិនមែនជារឿងចម្លែកនោះទេ!
ភាសានីមួយៗតែង​មាន​លក្ខណៈជាមូលដ្ឋានគ្រឹះរបស់ខ្លួន ដែលជាកត្តាមិននាំឲ្យ​ច្រឡំនឹង​ភាសាដទៃ។ មូល​ដ្ឋាន​សទ្ទតា ​សូរ រូបសព្ទ ការ​បង្កើតពាក្យ និងប្រព័ន្ធវេយ្យាករណ៍ជាដើម ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​របស់​ភាសា។ ការទទួលយកពាក្យ​ពីបរទេស មិន​មែន​ជា​បញ្ហា​ធំ​ដែល​អាច​ប៉ះ​ពាល់​ដល់​មូល​ដ្ឋាន​គ្រឹះ​ភាសា​នោះ​ឡើយ។ ដែលប៉ះពាល់ គឺប៉ះពាល់ត្រឹមតែកម្រិត​ពាក្យ​សព្ទ មិនប៉ះពាល់ដល់មូលដ្ឋានសទ្ទតា សូរ និង​ប្រព័ន្ធ​វេយ្យាករណ៍​នោះឡើយ។ បែបនេះហើយ​ ទើបយើង​ឃើញថា ពេលដែលយើង​ទទួល​ពាក្យ​សព្ទ​ពី​បរទេស យើង​មិនដែលគោរពតាមសូររបស់គេ​នោះទេដូចជា កាហ្វេ មនុស្ស​ខ្មែរ​និយមអានជា កាផែ ឬកាខ្វេ នេះ​ក៏ដោយសារតែខ្មែរ​គ្មានសទ្ទតា ហ្វ [f ]។ ម្យ៉ាងទៀត យើង​ក៏មិនដែលខ្ចីពាក្យ​ដោយ​ជាមួយ​នូវ​ប្រព័ន្ធ​វេយ្យាករណ៍ធំដុំពី​ភាសាដទៃដែរ។ យើង​មិនដែលខ្ចីពាក្យ​មក​បំបែកវិភត្តិ កាល វចនៈ… ឲ្យ​ដូចនឹង​ភាសា​​បាលី សំស្ក្រឹត បារាំង អង់គ្លេសនោះដែរ​។ ប្រការដែលមិនយល់ពីមូលដ្ឋានរបស់ភាសានីមួយៗ ហើយ​​បង្ខំ​​ឲ្យ​ភាសាខ្មែរ​គោរពតាមក្បួនភាសាដទៃមួយទៀត ដោយ​គ្រាន់​ខ្មែរ​តែ​ការ​ទទួល​យក​នូវ​ពាក្យ​មក​ទុក​ក្នុង​ឃ្លាំងពាក្យសព្ទខ្មែរ​នោះ ជា​ប្រការ​មិនសមរម្យឡើយ។ ប្រការនេះអាចហៅថា​ កាត់​ក្បាល​តម្រូវ​​មួក!
ដោយ​សារ​​តែ​ភាសា​មាន​លក្ខណៈ​មូលដ្ឋាន​ផ្សេង​គ្នានេះហើយ ទើបភាគច្រើន​ពាក្យ​ដែលខ្មែរ​ប្រើ​មាន​ប្រភព​ពី​បរទេស យើងប្រើ​ដោយ​​មិនបាន​ដឹងឬចាប់អារម្មណ៍​ពីប្រភពរបស់វាទេ លុះ​ត្រា​តែ​អ្នក​ធ្លាប់​រៀន​សូត្រ​ពី​រឿង​នេះឬ​ដោយ​ការ​មើលវចនានុក្រម។ ដោយហេតុថាពាក្យ​បរទេសនោះ លុះតែ​ប្រើ​យូរទៅៗ ក៏​មាន​លក្ខណៈ​សូរជាខ្មែរ មានន័យប្រែប្រួលទៅតាម​សង្គមខ្មែរ និង​ប្រើតាមតែ​របៀបនៃវេយ្យាករណ៍ខ្មែរ។ រឿង​នេះ​មិនមែនជារឿងសំខាន់ដែលខ្ញុំនឹង​យក​មក​និយាយ​ពេលនេះឡើយ! រឿង​ដែលសំខាន់ គឺ​ខ្ញុំនឹង​បង្ហាញ​នូវ​​ពាក្យ​ដែល​មាន​ប្រភពមកពីបរទេស​ ដែលយើងស្ទើរតែមិនជឿថាឬមិនដែលនឹកថា​​មាន​ប្រភព​មក​ពី​ជា​ពាក្យ​មកពីបរទេសសោះឡើយ ឯក្នុងវចនានុក្រមខ្មែរក៏ពុំបានបញ្ជាក់ប្រភពពាក្យនោះទៀត។ ពាក្យ​ទាំង​នោះ​មាន​ដូចខាងក្រោម៖

ក- កន្ថោរ

នៅ​ក្នុងវចនានុក្រមខ្មែរ​បញ្ជាក់យ៉ាងដូច្នេះថា កន្ថោរ ប្រដាប់សម្រាប់ស្ដោះទឹកមាត់  ពាក្យ​នេះ​មួយ​មាន​​រឿង​វែង​ឆ្ងាយណាស់! រឿងមួយក្នុងវប្បធម៌ខ្មែរ​ទាក់ទងនឹង​កន្ថោរ​សូមអាន​៖
បើនិយាយ​ពីប្រភពនៃពាក្យនេះ គឺមកពីសំស្ក្រឹត​ថា កដោរ (कटोर kaṭora) មានន័យថា ភាជន៍​ជា​ចាន​ឬ​ពែង​ម្យ៉ាង[1]។ បើភាសាហីណ្ឌីរាល់ថ្ងៃ កដោរា (कटोरा kaṭorā) ប្រែថាចានធំ។ តាម​រយៈ​សិលាចារឹក​ខ្មែរ​ជា​ច្រើន បានបញ្ជាក់ឲ្យ​ឃើញ​ពីវត្តមាន​ពាក្យ កន្ថោរ នេះ​ក្នុងអក្ខរាវិរុទ្ធជា កថោរ ប៉ុន្ដែ​យើង​មិន​អាច​កំណត់​ពី​រូបរាង​​និង​វត្ថុ​បំណងនៃការ​ប្រើ​ប្រាស់នេះច្បាស់លាស់ទេ​។ លោកអ្នកអាចតំណភ្ជាប់ខាងលើ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់ពីរឿងកន្ថោរក្នុងវប្បធម៌ខ្មែរ​ដែលផ្សេងគ្នាពីកន្ថោរក្នុងវប្បធម៌ចិន។
ពាក្យ កថោរ ក្នុងខ្មែរបុរាណ ត្រូវ​បាន​សៀមយកទៅប្រើជា៖ กะโถน និង​ กระโถน ដែលហៅសំដៅកន្ថោរ កន្ថោរស្ដោះជាដើម។ ពាក្យនេះហើយ ដែលអ្នកស្រុកនៅប៉ែកពាយ័ព្យប្រទេសខ្មែរយើងនិយាយ​ថា​ ក្រធុនឬ កាធុន [2] សំដៅដល់​វត្ថុ​ធ្វើ​ពី​លោហៈ​រាង​មូល​មាន​សណ្ឋាន​រាក់​ឬ​ជ្រៅ​ប្រើ​ក្នុង​បំណង​ផ្សេងៗ​ដូច​ជា​ដាក់​ទឹក​និងបោកសម្លៀកបំពាក់ជាដើម។​ ពាក្យនេះហើយដែលក្រោយមក​ទំនង​ជា​ក្លាយមកជាពាក្យ កាធុង​(ជា​សម្ដី​អ្នកស្រុកប៉ែកពាយ័ព្យ) និង​ក្លាយខ្លីជា ធុង(?)។

K89 - Copy
រូបភាពពីសិលាចារឹក​បោស​ព្រះនន្ទ K.89
ខ- អង្គាដី
អង្គាដី ជារុក្ខជាតិមួយប្រភេទ​ដែលគេនិយមយកត្រួយនិង​ផ្កាស្លសម្លផ្សេងៗ។ បើនឹងនិយាយ​រឿងអង្គាដី គេ​អាចនឹក​ឃើញ​ដល់មុខម្ហូបឬក៏សក់រួញអង្គាដី។ បើ​និយាយដល់នេះ អ្នកស្រុកខ្ញុំនិយាយតែអង្គាសដី។ ពាក្យ​នេះ​មាន​ប្រភព​មក​ពីសំស្ក្រឹតថា អគស្ដិ (अगस्ति) គឺប្រែថាដើមអង្គាដីនេះឯង។ និយាយលេង​ចុះថា អ្នកស្រុកខ្ញុំនិយាយបុរាណជាងអ្នកនិយាយថា អង្គាដី ដ្បិត​ថា​ខ្មែរ​បុរាណ​ក៏​មាន​ចារឹក​ពាក្យ​នេះ​នៅ​ក្នុង​សិលាចារឹក​ផង​ដែរ គឺសិលាចារឹក K.38 ចារឹកថា ស្រេតេំអគស្ដិ  ប្រែថាស្រែ(នៅឯ)ដើមអង្គាដី។
IMG_27018818698214
គ- ខ្ទះ
ខ្ទះ គឺជាពាក្យសាមញ្ញបំផុតដែលអ្នកផងទាំងពួងតែងស្គាល់។ ពាក្យនេះមានប្រភពមកពីសំស្ក្រឹត​ថាគដាហ ​(गटाह gaṭāha) ឯខ្មែរបុរាណសរសេរជា គទាហ (K.713B, K.420) កដាហ (K.958, K.542) និងកទាហ (K.415) ។ បើនឹង​ប្រាប់ថា កទាហ ក្លាយមកជា ខ្ទះ លោកអ្នកទំនង​ជាមិនជឿខ្ញុំនោះទេ! តែ​បើ​លោក​អ្នក​ចាប់​អារម្មណ៍​នឹងភាសាខ្មែរ​បន្ដិច​ លោកអ្នកនឹងមិនសង្ស័យអ្វីឡើយ។ ខ្ញុំ​សូម​បង្ហាញ​ពាក្យ​មួយ​ចំនួន​ដូចជា៖ ភ្ញាក់ ធាក់ ទាក់…! លោកអ្នកប្រហែលជាយល់ហើយថា ហេតុអ្វី កទាហ ក្លាយមកជា ខ្ទះ។ ខ្ញុំ​សូម​មិន​ពន្យល់​តាម​បាតុភូតសូរនិង​ការ​ប្រែ​ប្រួលសូរ​ក្នុងប្រវត្តិភាសាខ្មែរ​ឡើយ ដោយសារ​ខ្ញុំ​នៅ​ស្ទើរ​រឿង​នេះ​ផង​និង​មិនចង់ឲ្យ​ក្លាយជាប្រការវែងឆ្ងាយឡើយ។
K89
រូបភាពពីសិលាចារឹក​បោស​ព្រះនន្ទ K.89
ឃ- សំប៉ាន
អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ​ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនៅសំប៉ាន!
តាមវចនា​នុក្រម​ខ្មែរ​ពន្យល់​ថា៖
ទូក​អុំ​មួយ​ប្រភេទ ត​ដោយ​ក្ដារ ៥ សន្លឹក​ខាង​ក្បាល​និង​កន្សៃ​រាង-ង ។ ទូក​អុំ​មួយ​ប្រភេទ​ទៀត មាឌ​ជា​ទូក​ផ្កា​ចារ ប៉ុន្តែ​លើក​ក្ដារ​ប៉ះ​ថែម​ឡើង​ទៀត ក៏​ហៅ សំប៉ាន ដែរ។ (វចនា​នុក្រមខ្មែរ)
ខ្ញុំបាន​ប្រទះប្រភពពាក្យនេះដោយចៃដន្យ​ថាជា​ពាក្យ​មាន​ប្រភពមក​ពីភាសាចិន។ ពាក្យចិនកុកងឺថា舢舨 (pinyin: shānbǎn) គឺ​ជា​ប្រភេទទូកចិនមួយប្រភេទ​ដែល​មាន​បាតរាប ហើយ​សំប៉ានខ្លះរាប់បញ្ជូលទាំង​កូនទូកដែលនៅជាប់នឹង​នាវា​។ សំប៉ានខ្លះប្រើ​ជា​លំនៅអចិន្ត្រៃយ៍​នៅ​លើ​ទឹក​ផង​ដែរ​[3]។ ​ពាក្យនេះ​មាន​ប្រភព​ដើម​មក​ពីភាសាចិន​ហុកកៀនថា三板 (sam pan) មានន័យតាមជាតិសព្ទថា​ “ក្ដាបីបន្ទះ”។ សំប៉ាន​នេះ​​​នៅ​តែ​មាន​ប្រើ​នៅតំបន់ដាច់ស្រយាល​នៅ​ក្នុងដែល​ដីអាស៊ីអាគ្នេយ៍ ជាពិសេសនៅ​ម៉ាឡេស៊ី ឥណ្ឌូ​ណេ​ស៊ី បង់ក្លាដេស ភូមា និង​វៀតណាម។  ទីនេះខ្ញុំនិយាយតែពីប្រភពពាក្យ មិននិយាយ​ពី​ប្រភព​កំណើត​​របស់​វត្ថុ​នេះឡើយ។ព៌ត័មានក្បោះក្បាយជានេះ​សូមអាន​៖​https://en.wikipedia.org/?title=Sampan​​​។
សូមលោកអ្នកជាអ្នកឈ្លាសខាងនេះ​ សូមមេត្តាជួយណែនាំដោយក្ដីអនុគ្រោះ លើ​សេចក្ដីលើសលោះឬខ្វះ​ចន្លោះ​​លើ​អត្ថបទនេះ​ផង​ចុះ។
[2] ដោយ​សារ​គ្មានសំណេរក្នុងវចនានុក្រម​ ខ្ញុំសូម​សរសេរ​ទៅ​តាម​សំណូរ​ដែល​អ្នក​ស្រុក​ប៉ែក​ខាង​នោះ​និយាយ​ភាគច្រើន។
ចម្លងការផ្សាយពី សាស្ត្រាចារ្យ ហ៊ុន ឈុនតេង

 https://hunchhunteng.wordpress.com/2015/06/19/etymology-1/

Tuesday, 5 November 2013

ពាក្យថា "អន្តរ"

http://www.youtube.com/v/6PFy98-r07w?version=3&autohide=1&autohide=1&showinfo=1&feature=share&autoplay=1&attribution_tag=PsQS4tlQXQV9Y6sFCmpaPg

ពាក្យថា "ក្រុមមឿង"

http://www.youtube.com/v/RM9FBGeHkmI?autohide=1&version=3&autohide=1&feature=share&attribution_tag=2qdQ4Gb0bfi7-sGpRciumQ&showinfo=1&autoplay=1

ម្តេចព្រះវិហារបែរមុខទៅកើត?

http://www.youtube.com/v/UImm5R-F6b4?autohide=1&version=3&feature=share&autohide=1&showinfo=1&attribution_tag=Y-c5OMKSKhREh01ezlXRSg&autoplay=1

Sunday, 5 May 2013

ពិម្ព=ពុម្ព

ចាក៖ វចនានុក្រម ខ្មែរ ជួន ណាត

Wednesday, 13 March 2013

ភរិយាដ


ភរិយាដ   ភៈរិយាត   សំ. ក្ល.; សំ. ( .) (ភាយ៌ាដ) បុរសដែលព្រមឲ្យភរិយារបស់ខ្លួនស្វែងរកប្រយោជន៍ ដោយបែបបទជាស្រ្តីពេស្យា, មនុស្សអ្នកបណ្ដោយប្រពន្ធឲ្យធ្វើជាស្ត្រីផ្កាមាស។ (.កា.): នែអ្នកភរិយាដ ចូរខំខ្មីឃ្មាត បំពេញមុខការ ចូរកុំរវាត ចាកសីលាចារ
ធ្វើស្រែចម្ការ លក់ដូរវិញទៅ! (វចនខ. ជ.ណ)
សាកល្បងពុម្ពអក្សរខ្មែរ Khmer Pen Chantra



 

Sunday, 13 January 2013

សម្បទាន

មិននឹកស្មានថា ពាក្យ សម្បទាន​ មាន​ន័យជ្រៅយ៉ាងនេះ សោះ!  ដូចនេះពាក្យថា សម្បទាន ដែលខ្មែរ ធ្លាប់ប្រើនេះ ខ្លាចតែមាន​ន័យដូចនេះ​ដែរ​ទេ។ តែល្អដែរ លក្ខណៈមាន​កំណត់អាយុ​សម្បទាន :)
by http://Khmerpen.net



Monday, 5 November 2012

កូដកម្ម ( Strike )

កូដកម្ម
( Strike )

​ ​

​ ​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ​ជួន ណាត ពាក្យ​កូដកម្ម​កើតឡើង​ដោយ​ការ​ផ្សំ​រវាង ពាក្យ​បាលី កូដ (​អាន​ថា​កូត​ដាក់​)​មានន័យថា​កោង និង កម្ម​មានន័យថា អំពើ​។​ដូច្នេះ​ន័យត្រង់​របស់ ពាក្យ​នេះ​គឺ​៖​អំពើ​ព្រហើន ,​អំពើ​កោងកាច​វៀចវេរ ,​ពុតត្បុត តែ​សម្តេច​ជួន​ណាត​ក៏បាន​ពន្យល់​ផង ដែរ​ថា កូដកម្ម​គឺជាៈ​ការសំដែង​អក​ប្ប​កិរិយា​ប្រឆាំង​ចំពោះ​រឿង ឬ​កិច្ចការ​ណាមួយ ដែល​ខ្លួន​មិន ពេញចិត្ត​។
​ ​នៅ​ក្មុង​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា ដែល​បានអនុម័ត​កាលពី​ថ្ងៃទី 13 មិនា 1997 រួម មាន​394​មាត្រា មាន​ជំពូក​ទី​13​បាន​ពណ៌នា​ពី​កូដកម្ម និង​ឡុ​ក​អៅ ( Lockout)​។ និយមន័យ​នៃ កូដកម្ម​ដែល​ចែង​ក្នុង​មាត្រា​318​បានកំណត់​ថាៈ កូដកម្ម​គឺជា​ការឈប់​ធ្វើ​ការងារ​ដោយ​កម្មករ និ​-​យោ​ជិត​មួយក្រុម ដែលមាន​ការព្រមព្រៀង​គ្នា​ហើយ​បាន​ធ្វើឡើង​នៅក្នុង​សហគ្រាស​មួយ ឬ​គ្រឹះស្ថាន មួយ ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​នូវ​ដំណោះស្រាយ​ដ៏​យុត្តិធម៌​ចំពោះ​ការទាមទារ​របស់​កម្ម​ករ និយោជិត​ពី​និយោជក ហើយក៏​ជាល​ក្ខ័​ណ្ឌ​ដើម្បី​ចូលធ្វើការ​វិញ ។​
​ឡុ​ក​អៅ គឺជា​ការបិទ​សហគ្រាស ឬ​គ្រឹះស្ថាន​ទាំងមូល ឬមួយ​ផ្នែក ដោយ​និយោជក ក្នុង ឱកាស​ដែលមាន​វិវាទ​ការងារ ។​
​ ​ច្បាប់​ការងារ​នេះ​បាន​ធានា​សិទ្ធិ​ធ្វើ​កូដកម្ម ដោយ​បញ្ច​ក់​ច្បាស់លាស់​ថា សិទ្ធិ​ធ្វើ​កូដកម្ម​អាច​
​អនុវត្តន៍​ទៅបាន​លុះត្រាតែ​បាន​ប្រើប្រាស់​អស់​លទ្ធភាព​ក្នុងការ​ដោះស្រាយ​ជំលោះ​ដោយ​មធ្យោបាយ​សន្តិវិធី​ជាមួយ​និយោជក ។​
​ ​ក្នុងស្ថានភាព​ទូទៅ​ទូទាំង​ពិភពលោក កូដកម្ម​កើតឡើង​ដោយសារ​ទំនាស់​នៃ​ផលប្រយោជន៍ រវាង​និយោជក ដែល​ចង់​បន្ថយថ្លៃ​ផលិត នឹង​និយោជិត ដែល​ស្វែងរក​ការតំឡើង​ប្រាក់​ឈ្នួល​,​បន្ថយ ម៉ោង​ធ្វើការ កែលំអ​រល​ក្ខ័​ណ្ឌ​ការងារ ការទទួលស្គាល់​សហជីព​និង​ផលប្រយោជន៍​គួបផ្សំ​ដទៃទៀត ។​
​ ​និយោជក តែងតែ​ព្យាយាម​បន្ត​ប្រតិបត្តិ​ការផលិត​របស់​គេ ដោយ​មិន​ប្រើ​និ​យោ​ជិ​តិ​ដែល​ចូល រួម​ធ្វើ​កូដកម្ម ដែល​នោះ​គឺជា​ឆ្នួន​នាំឱ្យមាន​អំពើ​ហឹ​ង្សា​។ អំពើ​ហឹ​ង្សា ជាធម្មតា​កើតមាន​ដោយសារតែ ការប្រើ​កងការពារ​ប្រដាប់អាវុធ ដែល​ជួល​ដោយ​និយោជក ឬ​ដោយ​ប៉ូលីស ឬ​យោធា​ដែល​ចេញ មក​រៀបចំ​សណ្តាប់ធ្នាប់ ។
​ ​កូដកម្ម​ឈប់​ធ្វើការ​នៅ​អាមេរិក កើតមាន​តាំងពី​ជំនាន់​អាមេរិក​ស្ថិតនៅក្រោម​អាណានិគម អង់គ្លេស​ម្លេះ ក៏ប៉ុន្តែ​កំណត់ត្រា​អំពី​កូដកម្ម​ទាមទារ​តំឡើង​ប្រាក់​ឈ្នួល​ដំបូង​បំផុត ហាក់ដូចជា​កើត មាននៅ​ហ្វី​ឡា​ដែល​ហ្វៀ ( Philadelphia ) នា​ឆ្នាំ​1789 នៅក្នុង​ផ្នែក​បោះពុម្ព ។
​ ​កូដកម្ម​ទូទាំងប្រទេស​លើក​ទី​1 បានកើត​នៅ​អាមេរិក​នា​ឆ្នាំ​1877 ដោយ​និយោជិត​ផ្លូវដែក រៀបចំឡើង ។
​ ​និយាយ​ជារួម កូដកម្ម​កើតមាន​នៅ​បណ្តា​ប្រទេស​ឧ​ហ្សា​ហូប​នីយកម្ម ហើយ​ដែល​នៅ​ទីនោះ ពលករ​មាន​សិទ្ធិ​នឹងធ្វើ​សកម្មភាព​ដោយ​សេរី​។ ប្រទេស​អង់គ្លេស បាន​កើតមាន​កូដកម្ម​តាំងពី​ទស​វ​ត្យ ទី​19​ម្លេះ ដោយសារតែ​អង់គ្លេស​មាន​បដិវត្តន៍​ឧស្សាហកម្ម​មុនគេ​។
​ ​គូ​បញ្ចា​ក់ថា នៅក្នុង​កូដកម្ម​ដែល​ពោរពេញ​ទៅដោយ​ការបត់បែន​នោះ មាន​ទស្សនាទាន​មួយ ទៀត​ដែល​គេ​ហៅថា​កូដកម្ម​ទូទៅ (General Strike)​ដែល​និយាយ​សំដៅ​ទៅលើ​ការឈប់​ធ្វើការ របស់​កម្មករ​ទាំងមូល ក្នុង​ផ្នែក​ឧស្សាហកម្ម​នៃ​តំបន់​ណាមួយ ឬ​របស់​ជាតិ​។ កូដកម្ម​ទូទៅ អាចធ្វើ ឡើង​ក្នុង​គោលបំណង​សេដ្ឋកិច្ច ដើម្បី​ដាក់​ការគៀបសង្កត់​ទៅលើ​និយោជក ឱ្យគេ​ទទួលយក​ល​ក្ខ័​ណ្ឌ ការងារ​ជា​ខ្សែសង្វាក់​មួយ​។ ជួនកាល កូដកម្ម​ទូទៅ​ក៏ត្រូវ​បាន​គេ​ប្រើ ដើម្បី​គោលបំណង​នយោបាយ សំដៅ​ទាមទារ​សម្បទាន​ណាមួយ​ពី​រដ្ឋាភិបាល ឬ​ក្នុង​គោលដៅ​ទំលាក់​រដ្ឋាភិបាល ដែល​កំពុងកាន់ អំណាច​។ ជាធម្មតា កូដកម្ម​នយោបាយ​តែង​ត្រូវបាន​ជំរុញ​ដោយ​ពួក​សហជីព ហើយ​ពង្រីក​ឱ្យ​ធំ ឡើង​ដោយ​ចលនា​អានាធិបតេយ្យ ។
​មាន​ឧទាហរណ៍​ជា​គំរូ​ជាច្រើន​ក្នុង​រៀង​កូដកម្ម​ទូទៅ​នេះ តួយ៉ាង​ដូចជា កូដកម្ម​ទូទៅ​នា​ឆ្នាំ​
1968 កើត​មាននៅ​ប្រទេស​បារាំង នៅពេលដែល​មហាវិទ្យាល័យ និង​កម្មករ​រួមគ្នា​បិទទ្វារ​ឧស្សា​-​ហក​ម្ម និង​មហាវិទ្យាល័យ​សំខាន់ៗ នា​ខែឧសភា និង​មិថុនា​។ កូដកម្ម​បានបញ្ចប់ ជាមួយ​កិច្ច​ព្រម ព្រៀង​មួយ ដែល​បង្កើន​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ និង​អនុញាតឱ្យ​កម្មករ​មាន​តំណាង ដែលមាន​អំណាច ជាង​មុន​នៅក្នុង​ការគ្រប់គ្រង​រោច​ក្រ ។
​ ​កូដកម្ម​ទូទៅ ទទួលបាន​ជោគជ័យ​ភាគច្រើន​នៅ​ប្រទេស​ណា ដែល​សហជីព​មាន​ទំនាក់ទំនង ជិតស្និទ្ធ​នឹង​គណៈបក្សនយោបាយ ។​
​ ​ ​ ​ ​ ​ ​ ​ ​ ​សមិទ្ធិ​

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (​អាមេរិក )

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (​អាមេរិក )
National Security Council
 
​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​អាមេរិក (​សរសេរ​កាត់​NSC-​អិន​អេស​ស៊ី​) ជា​អង្គភាព​របស់​ការិយាល័យ ប្រតិបត្តិ​ប្រធានាធិបតី ដែលមាន​ភារៈ​ជួយ​ប្រធានាធិបតី​អាមេរិក ក្នុងការ​បង្កើត និង អនុវត្តន៍​សេចក្តីសំរេច​អំពី សន្តិសុខ​ជាតិ ។ អង្គភាព​នេះ​បង្កើតឡើង​តាមរយៈ​ច្បាប់​សន្តិសុខ​ជាតិ (National Security Act)​នា​ឆ្នាំ​1947 ដែល​យោងតាម​ច្បាប់​នោះ លោក​ប្រធានាធិបតី​នឹង​ធ្វើជា​អធិបតី​នៃ​កិច្ចប្រជុំ​របស់​អិន​អេស​ស៊ី ហើយ​មាន​អ្នក​ចូល រួម​គឺៈ រដ្ឋមន្ត្រីការបរទេស , រដ្ឋមន្ត្រី​ការពារជាតិ ព្រមទាំង​លេខាធិការ​នៃ​កងទ័ពជើងគោក កងទ័ពជើងទឹក និង​កង ទ័ពអាកាស ។ នាយក​នៃ​ទីភ្នាក់ងារ​ចារកម្ម​កណ្តាល (​ស៊ី​អាយ​អេ​-CIA) មិនមែនជា​សមាជិក អិន​អេស​ស៊ី​ទេ ប៉ុន្តែ អាចបំពេញ​នាទី​ជាទី​ប្រឹក្សា​មួយ​បាន ។​
​នៅ​ឆ្នាំ​1949 សភា​អាមេរិក​បានធ្វើ​វិសោធនកម្ម​ច្បាប់​ផ្លាស់ប្តូរ​សមាសភាព​ក្រុមប្រឹក្សា​នេះ ដោយ​លេខា​-​ធិ​ការ​ទាំង​3​នៃ​កងទ័ព​បាន​ថយ​ចេញ ហើយ​អនុ​ប្រធានាធិបតី​បាន​ចូល​ជំនួស​វិញ​។ នាយអគ្គសេនាធិការ​ចំរុះ​របស់ កងទ័ព​បាន​ចូលរួម​កិច្ចប្រជុំ​ក្នុងនាម​ជាទី​ប្រឹក្សា​។ ប្រធានាធិបតី​អាច​ជ្រើសរើស​ទុកជាមុន ពី​ពេល​មួយ​ទៅ​ពេល​មួយ នូវ​មន្ត្រី​ផ្សេងទៀត ឱ្យ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា ហើយ​ជាធម្មតា​មាន​មន្ត្រី​2០​រូប ឬ​លើសពីនេះ​តែង​ត្រូវបាន​អញ្ជើញ ឱ្យចូល​រួម​។ អិន​អេស​ស៊ី​មាន​បុគ្គលិក​4០​រូប ឬ​ជំនួយការ​ច្រើនជាង​នេះ ហើយ​ដឹកនាំ​បញ្ចា​ដោយ​ជំនួយការ​ប្រ​ធានា​-​ធិបតី​ទទួលបន្ទុក​សន្តិសុខ​ជាតិ ។​
​អិន​អេស​ស៊ី គ្មាន​អំណាច​ផ្ទាល់ខ្លួន មិនមាន​ការបោះឆ្នោត និង​មិនមាន​ធ្វើការ​សេចក្តីសំរេចចិត្ត​ទេ​។ សេចក្តី សំរេចចិត្ត​របស់​ប្រធានាធិបតី បន្ទាប់ពី​ការពិគ្រោះ​យោបល់​នៅក្នុង​អិន​អេស​ស៊ី គឺជា​សេចក្តី​បង្គាប់​អំពី​ការសំរេច ចិត្ត​សន្តិសុខ​ជាតិ (National Security Decision Directives-NSDD) ហើយ​ត្រូវបាន​យកទៅអនុវត្ត ដោយ​ផ្នែក​និតិប្រតិបត្តិ​នានា​នៃ​រដ្ឋាភិបាល​សហព័ន្ធ ។​
​បុគ្គលិក អិន​អេស​ស៊ី តាមដាន​ពិនិត្យ​ទំនាក់ទំនង​សន្តិសុខ​ជាតិ នៅក្នុង​ការិយាល័យ​មួយ​ដែល​គេ​ឱ្យឈ្មោះ ថា “​បន្ទប់​ស្ថានការណ៍​” (Situation Room) ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សេត​វិមាន និង​នៅក្នុង​ការិយាល័យ មួយទៀត​ឈ្មោះថា “​មជ្ឈមណ្ឌល​គ្រប់គ្រង​វិបត្តិ​” (Crisis Management Center) ដែលមាន​ទីតាំង​នៅក្នុង អាគារ​ការិយាល័យ​និតិប្រតិបត្តិ (Exeutive Offiece Building)​។ ទំនាក់ទំនង​ដែល​ត្រូវ​តាមដាន​ពិនិត្យ​នោះ រួមមាន បទបញ្ជា​នានា​របស់​ក្រសួង​បរទេស​ទៅកាន់​ស្ថានទូត​និង​ស្ថាន​បេសកម្ម​នានា សារ​ទាំងអស់​របស់​ក្រសួង ការពារជាតិ​ទៅកាន់​មេបញ្ជាការ​កងទ័ព​ទាំងអស់ ព្រមទាំង បទបញ្ជា​របស់​នាយអគ្គសេនាធិកា​រ​ចំរុះ​ទៅកាន់​មេ បញ្ច​ការ​តាម​ភូមិភាគ​នានា ។ ទិន្នន័យ​ចេញពី មជ្ឈមណ្ឌល​បញ្ចា​កងទ័ព​ជាតិ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន (Pentagon’s National Military Command Center) ដែល​ស្ថិតនៅ​ខូ​ឡូ​រ៉ា​ដូ ស្ព្រី​ង​(Colorado Springs)​នា​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​អាច នឹ​ងិ​ត្រូវគេ​បើក​មើលឃើញ​ភ្លាមៗ​លើ​ស្គ្រី​ន​កុំព្យូទ័រ​នានា​នៅក្នុង​“​បន្ទប់​សភាពការណ៍ ”​។​
​ក្រៅពី​ប្រធានាធិបតី ហារី ទ្រូ​ម៉ាន់ ; (Harry Truman) និង ដ្វា​យ អាយ​ស៊ិន​ហាវ​វើ​(Dwight Eisenho-wer )​ដែល​កោះប្រជុំ អិន​អេស​ស៊ី​ញឹកញាប់ ប្រធានាធិបតី​ដទៃទៀត​បាន​ផ្អែកលើ​កិច្ចប្រជុំ​អិន​អេស​ស៊ី​តិចតួច​ណាស់ ភាគច្រើន​ប្រធានាធិបតី​ទាំងនោះ​ផ្អែកលើ​កិច្ចប្រជុំ​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ច្រើនជាង ។ ប្រធានាធិបតី កេ​ណ្ណឺ​ឌី ប្រើប្រាស់​“​គណកម្មការ​ប្រតិបត្តិ ” មួយ​តូច​ជាង​(​ប្រមូលផ្តុំ​ដោយ​មន្ត្រី​សន្តិសុខ​ជាតិ​មួយចំនួន​)​ដែលមាន​ឈ្មោះថា អ៊ិ​ច​ខុម (ExComm)​ដើម្បី​ពិគ្រោះ​ពី​ស្ថានការណ៍​វិបត្តិ​នានា​ដូចជា វិបត្តិ​ប៊ែ​រ​ឡាំង​(Berlin Crisis) និង​វិបត្តិ មី​ស៊ី​ល​គូ​បា (Cuban Missile Crisis )​។​
​ប្រធានាធិបតី​លីន​ដុន ច​ន​សុន (Lyndon Johnson) បាន​ផ្អែកទៅលើ​ពេល​អាហារ​ថ្ងៃត្រង់​នា​ថ្ងៃ​អង្គា​រ៍ ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ និង​សង្គ្រាម នាយក​ស៊ី​អាយ​អេ​យ នាយអគ្គសេនាធិការ​ចំរុះ ទីប្រឹក្សា​សន្តិសុខ​ជាតិ ដើម្បី​រៀបចំ​គំរោង​យុទ្ធសាស្ត្រ​សំរាប់​សង្គ្រាម​វៀតណាម ។​
​រី​ឆាត និក​សុន​Rechard Nixon​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ ហេន​រី គី​ស្សី​ង​ហ្គើ​(Henry Kissinger) ដែលជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់គាត់ ក្នុងការ​ធ្វើឱ្យ​ល្អប្រសើរ​នូវ​ទំនាក់ទំនង​ជាមួយ​ចិនប្រជាមានិត និង​សហភាព សូ​វៀត​ហើយ​មានពេលខ្លះ​គេ​បានដាក់​ឈ្មោះ​ឱ្យ​អ្នក​ទាំងពីរ​ថា “​ក្រុម​នៃ​បុរស​ទាំង​ទ្វេ​”(Two-man band) ។
​ជិ​មី ខា​ធើ រៀប​ចំការ​ស្រស់ស្រូប​ពេល​ព្រឺ​ក​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស ្រ ពម​ទាំង ទីប្រឹក្សា​សន្តិសុខ​ជាតិ ដើម្បី​ពិភាក្សា​ពី​រឿង​វិបត្តិ​ចំណាប់ខ្មាំង​នៅ​អ៊ីរ៉ង់ និង​ទំនាក់ទំនង​ជាមួយ​សូ​វៀត ។​
​រ៉ូ​ណា​ល់ រី​ហ្គែ​ន បាន​ប្រើប្រាស់​ក្រុម​ផែនការ​សន្តិសុខ​ជាតិ ដែល​រួមមាន​សមាជិក​នៃ​អិន​អេស​ស៊ី នាយក ស៊ី​អាយ​អេ​យ ទីប្រឹក្សា​សន្តិសុខ​ជាតិ និង​ជំនួយការ​នយោបាយ​ជាន់ខ្ពស់​របស់​សេត​វិមាន​។ រី​ហ្គែ​ន​គឺជា​ប្រធានាធិបតី ទីមួយ ដែល​ដាក់បញ្ចូល​ទីប្រឹក្សានយោបាយ​ទៅក្នុង​ការរៀបចំ​បង្កើត​សេចក្តីសំរេចចិត្ត​អំពី​សន្តិសុខ​ជាតិ ។​

សមិទ្ធិ

Saturday, 27 October 2012

ពិធី​ករ ពិធីការិនី ទទួល​ការ​រិះ​គន់ចំៗ

 
A-Coverក្នុង​សិក្ខាសាលា ស្ដី​ពី​​ប្រធាន​បទ​«ការ​​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​» កាល​ពី​ថ្ងៃ​២៥ តុលា ក្រុម​ពិធី​ករ​ពិធីការិនី បាន​ទទួល​រង​នូវ​ការ​រិះ​គន់ យ៉ាង​ពេញ​ទំហឹង ពាក់​ព័ន្ធ​នឹង​កំហុស​ឆ្គាំ​ឆ្គង​​ក្នុង​ពេល​ធ្វើ​អត្ថាធិប្បាយ​​។ ​ពិធីករ ពិធីការិនី ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ល្បី​ឈ្មោះ រួម​មាន​CTN My TV និង​បាយ័ន ត្រូវ​គេ​កត់​សម្គាល់​ថា ​ហាក់​ទក់​សាច់ ក្នុង​ការ​រិះគន់នេះ​ជាង​គេ​។
​ ក្រោម​ការ​ផ្ដួច​ផ្ដើម​រៀប​ចំ​​ដោយ​ក្រសួង​ព័ត៌មាន​ និង​​ក្រុម​ភាសា​ជាតិ​ភាសា​ខ្មែរ ​​នា​ឱកាស​នោះ មាន​​ពិធី​ករ ពិធី​ការិនី ​​អ្នក​សារព័ត៌មាន និង​បុគ្គលិក​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រមាណ​ជាង​៤០០​នាក់​នៅ​ទូទាំង​ប្រទេស ចូល​រួម​។ តារា​ដែល​លេច​​ធ្លោ ហើយ​លេច​មុខ​នា​ឱកាស​នោះ​រួម​មាន នាង​ស៊ឹម សូលីកា លោក​អេង រិទ្ធី នាង​ថន លក្ខិណា នាង​​រស់ សុធាវី​(ហង្ស​មាស) ឌីជេ​តាប៊ុយ លោក​ប៊ីអាយជី លោក​ភោ សុផានិត ​និង​អ្នក​អាន​ព័ត៌មាន ព្រម​ទាំង​តារា​ៗ​​ជា​ពិធីករ​ពិធីការិនី​ថ្មោង​ថ្មី​ យ៉ាង​ច្រើន​កុះ​ករ​​។ ​
DSC_0586អង្គ​វិធី​ទាំង​មូល បាន​លើក​ឡើង​នូវ​ចំណុច ខ្វះ​​ចន្លោះ​យ៉ាង​ច្រើន របស់​ពិធីករ និង​ពិធីការិនី​នា​ពេល​ចុង​ក្រោយ​។ ​ទោះ​យ៉ាង​ណា ​​ក្នុង​ពិធី​នោះ ក៏​បាន​រិះ​គន់​ចំពោះ​ការ​ដំឡើង​តួ​អក្សរ​ខុស​តាម​វចនានុក្រម និង​ការ​ចំពោះ​ខ្វះ​ខាត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​មូល​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។ ​ក្រុម​គណអធិបតី និង​អ្នក​ចូល​រួម​បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ចំ​ៗ ​ចំពោះ​ការ​អាន​​ពាក្យ​អគ្គនាយកដ្ឋាន ​របស់​ពិធីករពិធីការិនី​​ទូរទស្សន៍​បាយ័ន ​ថា អាក់​គៈ​នា​យៈកៈ​ដ្ឋាន ខណៈ​ដែល​ពាក្យ​នោះ ត្រូវ​គេ​​អាន​ថា អៈគៈ​នាយក់​ដ្ឋាន ​និង​មាន​បញ្ជាក់​ក្នុង​វចនានុក្រម​រួច​ទៅ​ហើយ​។ តាម​រយៈ​ការ​រិះ​គន់​នេះ នាង​ស៊ឹម សូលីកា ដែលឋិត​ក្នុង​អង្គ​ពិធី​នោះ​ដែរ ត្រូវ​គេ​កត់​សម្គាល់​ថា ​រង​​នូវ​ការ​អាម៉ាស​ជាង​គេ បើ​ទោះ​ជា​ការ​​វែកញែក​ដដែល​ៗ​នោះ មិន​បាន​បញ្ជាក់​ថា ​មាន​ពិធីករ​ពិធីការិនី​ណា​ខ្លះ បាន​អាន​បែប​នេះ​ក៏​ដោយ​។
DSC_0595ទោះ​យ៉ាង​ណា អង្គ​ពិធី​​នៅ​មិន​ទាន់​កំណត់​ថា ការ​អាន​របស់​ក្រុម​ទូរទស្សន៍​បាយ័ន គឺ​ជា​រឿង​ឆ្គាំឆ្គង​​ទាំង​ស្រុង​ទេ ដោយ​ខាង​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ គ្រាន់តែ​សន្យារ​​ថា​នឹង​​ស្រាវជ្រាវ ដើម្បី​ឲ្យ​ប្រាកដ​ថា ​​ការ​អាន​​អៈគៈ​នាយៈដ្ឋាន ​នោះ ជា​រឿង​ត្រឹម​ត្រូវ​ ឬ​​ក៏​អត់។ ​ចំពោះ​ការ​ប្រើ​ពាក្យ​បរទេស​​ ក្នុង​ពេល​អត្ថាធិប្បាយ​​កម្មវិធី​ក្នុង​ទូរទស្សន៍​​វិញ ត្រូវ​គេ​កត់សម្គាល់​ថា បាន​វាយ​ប្រហារ​ទៅ​កាន់​ពិធី​ករ ពិធីការិនី​ប្រចាំនៅ​ស្ថានីយ​ទូរទស្សន៍​My TV ពិសេស​គឺ​តាប៊ុយ ខ្លាំង​ជាង​គេ ពិសេស​ស្ទីល​និយាយ​ខ្មែរ​មិន​ច្បាស់​របស់​លោក​នា​ពេល​កន្លង​មក​។ អង្គ​វិធី​ទាំង​មូល និយាយ​ថា គឺ​ជា​​រឿង​សង្វេគ​ណាស់ ដែល​ពាក្យ​ខ្មែរ​ច្រើន​ឲ្យ​គគូក​បែរ​ជា​​យក​ពាក្យ​បរទេស មក​ប្រើ​​ច្រឡូក​ច្រឡំ ​ធ្វើ​ឲ្យ​វប្បធម៌​ និង​ភាសា​ខ្មែរ ​ច្របូក​ច្របល់​​។ ​លោក​ជំទាវ ចាន់ ធី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​មាន​ប្រសាសន៍​ថា​ សូម​កុំ​យល់​ច្រឡំ​ថា ប្អូន​និយាយ​តុង​ខ្មែរ​មិន​ច្បាស់ ហើយ​បញ្ចូល​ពាក្យ​បរទេស​ច្រើន ​​មាន​មោទនភាព​ឲ្យ​សោះ ការ​ពិត​គឺ​អ្នក​ទស្សនា​ អ្នក​ស្ដាប់​គេ​សើច​ទៅ​វិញ​ទេ ​ហើយ​វា​មាន​ន័យ​​ត្រង់​មួយ​ទៀត គឺ​ប្អូន​កំពុង​តែ​បង្ហាញ​ពី​ភាព​កំសោយ​នៃ​ភាសា​ខ្មែរ និង​វប្បធម៌​​ជាតិ​របស់​ដូន​តា​ខ្មែរ ទៅ​កាន់​អ្នក​ទស្សនា​ជា​អន្តរជាតិ​ និង​នៅ​ក្រៅ​ប្រទេស ដែល​ស្រឡាញ់​ខ្មែរ​​។ ​
DSC_0589លោក​ជំទាវ​បន្ត​ថា ក្នុង​នាម​ជា​ពិធី​ករ​ពិធីការិនី មិន​គួរ​ស្នើ​ឲ្យ​អ្នក​ទស្សនា​ទះ​ដៃ ឬ​ស្រែក​ហ៊ោ​ក្នុង​ពេល​ដំណើរ​ការ​កម្មវិធី​តែ​រហូត​នោះ​ទេ ព្រោះ​នោះ​បង្ហាញ​ថា ពួក​គេ​អត់​មាន​សមត្ថភាព​ធ្វើ​អ្វី​ឲ្យ​ត្រូវ​ចិត្ត​របស់​ទស្សនិក​ជន​។ លោក​ជំទាវ​​មាន​ប្រសាសន៍​ថា បើ​​ការ​អត្ថាធិប្បាយ​របស់​ពិធីករពិធីការិនី​គ្រប់​រូប​ចេះ​លើក​ដាក់​សំឡេង​ក្នុង​ការ​និយាយ​បាន​ល្អ ហើយ​ធ្វើ​ឲ្យ​​គេ​ត្រូវចិត្ត គឺ​អ្នក​ទស្សនា​ពិត​ជា​ទះ​ដៃ ឬ​ស្រែក​ហ៊ោ​។ អញ្ចឹង​អ្នក​កាន់​កម្មវិធី​គួរ​រិះ​រក​អ្វី​​​ដែល​ល្អ​ ដើម្បី​កុំ​ឲ្យ​វគ្គ​ណា​​ក៏​សូម​សំឡេង​ទះ​ដៃ​មួយ ឈុត​ណា​ក៏​សុំ​សំឡេង​ហ៊ោ​មួយ ទើប​​កម្មវិធី​នោះ មាន​សំឡេង​កង​រំពង​​បែប​ហ្នឹង​។ ​នៅ​មាន​ចំណុច​មួយ​ទៀត ដែល​​អង្គ​ពិធី​ទាំង​មូល បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ស្ទើរ​​​រញ្ជួយ​អង្គ​សិក្ខាសាលា​ផង​ដែរ នោះ​គឺ​ការ​ប្រើ​ពាក្យ​ថា ឡូយ​ ឬ​ឡូយ​ណាស់ របស់​ពិធីករ​ពិធីការិនី​​បែប​យុវវ័យ​ ស្ទើរ​តែ​គ្រប់​ស្ថានីយ​ទូរទស្សន៍​។ ​ក្រុម​អ្នក​ចោទ​សួរ និង​វាគ្មិន ​បញ្ជាក់​ថា ​ពាក្យ ឡូយ​ ​ឡូយ​ណាស់ ឬ​ឡូយ​មែន​ទែន​នេះ ​មាន​ន័យ​ថា ផ្ដេសផ្ដាស ឬ​ឈ្លើយ​ប៉ុណ្ណោះ ចុះ​ហេតុ​អ្វី​ក៏បែរ​ជា​នាំ​គ្នា​មក​និយាយ សំដៅ​​ថា​អស្ចារ្យ ឬ​ល្អ​ស្អាត​ទៅ​វិញ​។ ​
DSC_0691ក្រុម​អ្នក​វែក​ញែក​បាន​ស្វះ​ស្វែង​រក​ឯក​សារ និង ភស្ដុតាង​ជា​ច្រើន ​បញ្ជាក់​ថា ពាក្យ​ឡូយ​ ឬ​ឡូយ​ណាស់ ​មាន​ន័យ​ថា ឈ្លើយ ឬ​ខុស​គេ​របៀប​ផ្ដេសផ្ដាស​ទាំង​ស្រុង ដោយ​​មិន​គួរ​យក​មក​ប្រើ​ចំពោះ​តារា​សិល្បៈទាល់​តែ​សោះ​។ ​ការ​លើក​ឡើង​បែប​នេះ ​ហាក់​ដូច​ជា​សំដៅ​ដល់​កម្មវិធី​មួយ ដែល​ដាក់​ឈ្មោះ​ថា «​ឡូយ​៩» ​នោះ​ផង​ដែរ ដែល​កម្មវិធី​នេះ កំពុង​បំភ្លៃ​ពាក្យ​មិន​សម​គួរ​នេះ ធ្វើ​ឲ្យ​ក្មេង​ៗ យល់​ថា ពាក្យ​នោះ​​មាន​ន័យ​សមរម្យ​។ ​មាន​ពិធី​ករ​ពិធី​ការិនី​ជា​ច្រើន តែង​​លើក​ឡើង​ថា តារា​កិត្តិយស​នេះ ឬ​ខ្លួន​ឯង​ស្លៀក​ពាក្យ​​អញ្ចឹង​ឡូយ​ ឬ​ឡូយ​ណាស់ យ៉ាង​ស៊ាំ​មាត់ ដោយ​សូម្បី​តែ​​អត់​ដឹង​ថា ពាក្យ​នោះ​មាន​ន័យ​ដូច​ម្ដេច​? ​ក្នុង​នោះ​ការ​និយាយ​​ចាស៎​ៗ ញឹក​ស្អេក របស់​ពិធីការិនីតាម​លំនាំ​ពិធី​ការិនី​​ថៃ ក៏​ត្រូវ​គេ​លើក​ឡើង​ថា​ ជា​រឿង​មិន​សម​រម្យ​ផង​ដែរ​។ ​អង្គ​ពិធី​ទាំង​មូល បញ្ជាក់​ថា ​ពិធីករ​ពិធីការិនី​គឺ​ជា​មនុស្ស​សំខាន់​ណាស់ ដែល​​អាច​ឲ្យ​មនុស្ស​១៤​លាន​នាក់​នៅ​កម្ពុជា​ ពិសេស​ក្មេង​ៗ​ច្របូក​ច្របល់​តាម​បាន បើ​ពួក​គេ​ប្រើ​ពាក្យ​ណា​មួយ​ ដោយ​មិន​បាន​ស្រាវជ្រាវ ហើយ​មិន​ត្រឹម​ត្រូវ​។ ​
DSC_0615ក្នុង​នោះ​ សូម្បី​តែ​ការ​និយាយ​ថា អរគុណ​ធំ​ធំ​ ​ប្រើ​ពាក្យ​បេក្ខភាព​បេក្ខជនបែប​ច្របូក​ច្របល់​គ្នា​ ​និង​ការ​ប្រើ​ពាក្យ​ថា ដឹង​អត់ នឹក​បង​អត់ ​អី​ជា​ដើម ក៏​ត្រូវ​គេ​លើក​យក​មក​​លាត​ត្រដាង​ក្នុង​ន័យ​អវិជ្ជមាន​ដូច​គ្នា​​។ លោក​ជំទាវ​ចាន់ ធី បញ្ជាក់​ថា ពាក្យ​ខ្មែរ​គឺ​នឹក​បង​ឬ​អត់ ​ដឹង​ឬ​ទេ គឺ​មិន​មែន​​​នាំ​គ្នា​មក​ប្រើ​ពាក្យ​ទាំង​អស់​នេះ កាត់​ហើយ​ខុស​ពី​សំណៅ​ដើម​អញ្ចឹង​ឡើយ ព្រោះ​ពិធី​ករ​ពិធីការិនី និង​ប្រព័ន្ធ​ផលិតចម្រៀង ក៏​ដូច​ជា​អ្នក​កាសែត​ ​សំខាន់​ណាស់​ក្នុង​សាប​ព្រួស​ចំណុច​ត្រូវ​ ឬ​ខុស​ទាំង​នេះ​។ ក្រៅ​ពី​ការ​រិះ​គន់​​លើ​ពាក្យ​ពេចន៍ បញ្ហា​សំលៀក​បំពាក់ និង​ការ​តុប​តែង​ខ្លួន​របស់​ពិធី​ករ និង​ពិធី​ការិនី ក៏​ត្រូវ​គេ​លើក​ឡើង​ផង​ដែរ​។ តារា​ខ្លះ ដែល​តែង​ខ្លួន និង​ពាក់​គ្រឿង​ប្រដាប់​តុប​តែង​ខ្លួន​ហួស​ហេតុ ដែល​ស្ទើរ​​តែ​​មើល​មិន​ដឹង​ថា តើ​អ្នក​​ណា​ជា​តារា​​កិត្តិយស អ្នក​ណា​​ជា​ពិធីការិនី។
DSC_0703
DSC_0703លោក​ជំទាវ​បន្ត​ថា ពិធីការិនី​មិន​មែន​តុប​តែង​ខ្លួន​ហួស​ពី​តារា​​ដែល​មក​ច្រៀង​នោះ​ទេ ទោះ​នោះ​ជា​កម្មវិធី​តន្ត្រី​បែប​យុវវ័យ​ក៏​ដោយ ព្រោះ​ពិធីការិនី​ស្មើ​នឹង​​ម្ចាស់​ផ្ទះ ស្មើ​នឹង​អ្នក​សម្រប​សម្រួល អញ្ចឹង​បើ​​បើ​​ពួក​គេ​តែង​ខ្លួន​ហួស​ហេតុ​ពេក តើ​​អ្នក​មើល​គេ​គិត​យ៉ាង​ម៉េច ហើយ​ការ​តែង​ខ្លួន​ត្រូវ​គិត​ផង តើ​​វា​ល្អ​សម្រាប់​កម្មវិធី​យើង​ទេ ល្អ​សម្រាប់​មហាជន​ភាគ​ច្រើន​ទេ ពោល​គឺ​កុំ​ធ្វើ​ឲ្យ​​ដោយ​តម្រូវ​ចិត្ត​តែ​មនុស្ស​មួយ​ក្ដាប់​តូច​។ លោក​ជំទាវ ទទូច​ឲ្យ​ការ​អត្ថាធិប្បាយ​របស់​ពិធី​ករ​ ពិធី​ការិនី ត្រូវ​អាន​ពាក្យ​ខ្មែរ​ឲ្យ​ច្បាស់​ៗ ​កុំ​បន្លំ ហើយ​ត្រូវ​មាន​ដង្ហើម​ដក​ឲ្យ​បាន​ពីរោះ ​ហើយចំណុច​ទាំង​អស់​នេះ ដ្បិត​ថា ​នៅ​កម្ពុជា​មិនមាន​សាលា​បណ្ដុះ​បណ្ដាល តែ​​ក៏​សិក្សា​ស្វែង​យល់ និង​ស្រាវ​ឲ្យ​បាន​ល្អ​បន្តិច​ម្ដង​ៗ​នោះ​ផង​ដែរ​។
 
សូមអរគុណចំពោះប្រភព៖បុរសខ្មែរហ្សូម) នេះមិនមែន​ជាការផ្សាយឡើងវិញ​ដើម្បី​រកកម្រៃ​នោះ​ទេ ​គ្រាន់តែចង់រក្សាការផ្សាយដ៏ល្អ​មាន​ប្រយោជន៍នេះ​ជាឯកសារប៉ុណ្ណោះ! :)
 
 
 
 
 
 
 
 
 
 
 
 

Sunday, 7 October 2012

ពាក្យៈ ម៉ាក់

          
ម៉ែ
( ន. ) ម្ដាយ ។ ហៅ​ម្ដាយ​មីង​ថា ម៉ែ​មីង ឬ ហៅ​ជីដូន​ថា ម៉ែ​យាយ ក៏​មាន ។ បុរាណ​ច្រើន​ហៅ​ស្ត្រី​ដទៃ​ដែល​មាន​វ័យ​ស្មើ​នឹង​មាតា​ថា ម៉ែ (រាប់​ថា​ជា​ពាក្យ​គោរព) ។



( ឧ. ) ពាក្យ​លាន់​មាត់​បន្លឺ​ជាមុន​ដោយ​អាការ​ក្រោធ​ឬ​ស្ងើច, ស្ញែង, ភ្ញាក់, តឹង​ចិត្ត, មាន​សេចក្ដី​ថា ម្ដាយ ! ឬ​ត្រូវ​គ្នា​នឹង​ពាក្យ​ថា ប៉ៃ!, យ៉ !, ព្ធ !, ព្ធយា !; ចួន​កាល​លាន់​មាត់​ថា ម៉ែ​កូន !, ម៉ែ​អញ ! ឬ​ថា ម៉ែ​អើយ ! (ម៉ែ​អ្ហើយ) ក៏​មាន ។ (វចខ.ជ.ណ កំណែ១)

Sunday, 13 May 2012

សាមគ្គីភេទ


 សាមគ្គីភេទ
សាមគ្គីភេទ (ន.) (បា.) (សាមុ័ក-គី-ភេត) ការ​បែក​សាមគ្គី; សាមគ្គី​ភេទ​កើត​ពី​មានៈ គឺ​ការ​ប្រកាន់​រៀង​រាល់​ខ្លួន​ជា​ប្រភព​ឬ​ជា​មូលដ្ឋាន មាន​ត្រឹម​តែ​សេចក្ដី​វិនាស​ជា​លទ្ធ​ផល​ផ្តល់​សេចក្ដី​ទុក្ខ​ឲ្យ​ជា​ដរាប ។ (ព. កា. ថ្លែង​ពី​ទោស​នៃ​សាមគ្គី​ភេទ) : សាមគ្គី​ភេទ ជា​មូល​ហេតុ បើក​ឲ្យ​សត្រូវ ចូល​លុក​រុករាន អស់​ឥត​មាន​ផ្លូវ ទោះ​ធ្វើ​ម្ដេច​កូវ ក៏​កែ​ពុំ​បានដូច​រដ្ឋ​វជ្ជី មាន​សាមគ្គី តាំង​ពី​បុរាណ​វស្សការៈ មន្រ្តី​ឈ្លានពាន ប្រើ​ល្បិច​មូល​បាន ញុះញង់​ខ្ទេចខ្ទី ។ យក​បាន​ប្រទេស ដែល​គេ​ប្រហែស ឲ្យ​បែក​សាមគ្គី ប្រើ​ខ្សឹប​ងាយ​ៗ ឥត​ចាយ​រូបីយ៍ ថែម​ទាំង​មាន​ល្បី ថា​ឈ្លាស​ផង​ទៀត ។ (រឿង​រដ្ឋ​វជ្ជី​មាន​សាមគ្គី​ភេទ ព្រោះ​ចាញ់​ល្បិច​ខ្សឹប របស់​វស្សការៈ ជា​អគ្គ​សេនាបតី​នៃ​ព្រះ​បាទ​អជាត​សត្រូវ ក្នុង​បុរាណ​សម័យ) ។ ហេតុ​នេះ​គួរ​ខ្លាច ប្រយ័ត្ន​កំណាច លប​ចូល​ជ្រៀត​បៀត ធ្វើ​សាមគ្គី ឲ្យ​ខូច​បង់​សៀត បែក​ហើយ​ផ្សារ​ទៀត ពុំ​ងាយ​ជិត​ឡើយ ។ល។  (ជ ណ)

Tuesday, 1 May 2012

ពាក្យ ស្រិន្ទ្រ Srindra

ពាក្យ ស្រិន្ទ្រ Srindra