ដោយ គី សុខលីម
ភ្នំពេញ៖ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បកស្រាយនៅថ្ងៃពុធនេះថា បើទោះបីជាអត្ថន័យនៃពាក្យ«យួន» មានន័យ បង្អាប់បង្អោនឬមិនបង្អាប់បង្អោនក៏ដោយក្តី ក៏ប៉ុន្តែសុន្ទរកថា របស់លោក សម រង្ស៊ី បង្ហាញពីចេតនារើសអើងចំពោះពលរដ្ឋវៀតណាម។
លោក អ៊ូ វីរៈ បានពន្យ់ថា បើទោះបីជាពាក្យ«យួន»មានបង្កប់ឬគ្មានបង្កប់អត្ថន័យបង្អាប់បង្អោនក៏ដោយ វាគឺជារឿងមួយ។ ប៉ុន្តែពាក្យសម្តីរបស់លោក សម រង្ស៊ី ប្រើប្រាស់នៅក្នុងសុន្ទរកថា កាលពីថ្ងៃទី១០ខែធ្នូកន្លងមក ពិតជាបង្ហាញពីការរើសអើងប្រឆាំងជនជាតិវៀតណាម។ ពាក្យសម្តីទាំងនោះបានថ្លែងថា ពលរដ្ឋវៀតណាមកំពុងដណ្តើមដីធ្លី និងការងាររបស់ប្រជាពលរដ្ឋខ្មែរ។ នេះមិនមែនជាលើកទីមួយទេដែលមានការប្រើប្រាស់នូវពាក្យសម្តីទាំងនេះដើម្បីផលប្រយោជន៍នយោបាយ។
ការបកស្រាយរបស់លោក អ៊ូ វីរៈបានធ្វើឡើងបន្ទាប់ពីមានការរិះគន់រូបលោកខ្លាំងៗពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម មតិប្រជាពលរដ្ឋមួយចំនួនធំ និងពីសំណាក់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិផង។ លោក សម រង្ស៊ី ធ្លាប់បានពន្យល់ថា ពាក្យ«យួន»នេះគឺជាពាក្យទូទៅដែលដូនតាខ្មែរបានប្រើប្រាស់តាំងពីយូយារណាស់មកហើយ។
តើពាក្យ«យួន»មានអត្ថន័យយ៉ាងដូម្តេច?
ប្រជាជនខ្មែរម្នាក់ដែលបានទៅរស់នៅប្រទេសវៀតណាមអស់រយៈពេល ជាង២០មកហើយនោះ បានពន្យល់ថា ប្រជាជនខ្មែរហៅជនជាតិវៀតណាមថា«យួន»គឺក្នុងន័យសំដៅមើលងាយពួកវៀតណាម ថាជាមនុស្សមិនល្អ។ ប៉ុន្តែជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសវៀតណាមឯណោះវិញ ពួកគេមិនដឹងថា ពាក្យនេះមានន័យមាក់ងាយនោះទេ។
បុរសខ្មែរដែលចេះភាសាវៀតណាមយ៉ាងស្ទាត់ជំនាញរូបនេះ បានបញ្ជាក់ថា ជនជាតិវៀតណាម៩៥%មិនយល់ពីអត្ថន័យនៃពាក្យយួននេះទេ លើកលែងតែជនជាតិវៀតណាមដែលធ្លាប់មកប្រទេសកម្ពុជាច្រើនដង ឬរស់នៅក្នុងប្រទេសកម្ពុជា ទើបពួកគេអាចយល់ថា ពាក្យ«យួន»នេះជាពាក្យមើលងាយ។
បើយោងតាមបុរសខ្មែរដែលចេះភាសាវៀតណាមខាងលើនេះ ពាក្យ«យួន»អាចមកពីពាក្យវៀតណាមថា«យុង»បញ្ចេញសំឡេងតាមរបៀបជនជាតិវៀតណាមខាងត្បូងក្រុងហូជីមិញឬ«យុន»បញ្ចេញសំឡេងតាមវៀតណាមក្រុងហាណូយ(វៀតណាមខាងជើង)។ ពាក្យ«យុង»ឬ«យុន» នេះ តាមភាសាវៀតណាម មានន័យថា សត្វល្អិតអាក្រក់។ ដូច្នេះ ប្រហែលជាតាមរយៈពាក្យនេះ និងដោយសារការប្តូរសំនៀងបន្តិចបន្តួចហើយ ទើបខ្មែរហៅវៀតណាម ពី«យុង»ឬ«យុន»មកជា«យួន»វិញ។
ជនជាតិខ្មែរម្នាក់ទៀតដែលសុំមិនអោយបញ្ចេញឈ្មោះដែរ ហើយធ្លាប់ទៅរៀន និងទៅធ្វើការនៅក្នុងប្រទេសវៀតណាមអស់រយៈពេលជាង១០ឆ្នាំនោះ បានពន្យល់ក្រោយពេលមានជម្លោះពាក្យសម្តីរវាងលោក សម រង្ស៊ី និងលោក អ៊ូ វីរៈ ថា ពាក្យ«យួន»អាចក្លាយមកពីពាក្យវៀតណាមខាងជើងថា«ហ្ស៊ូន»ឬ«យូន»សម្រាប់ជនជាតិវៀតណាមខាងត្បូងដែលមានន័យថាសត្វព្រូន។ ពាក្យដើមថា«ហ្ស៊ូន ឬយូន» តែខ្មែរវិញអាចហៅថា«យួន»ទៅ។ នេះគឺជាការសន្និដ្ឋានរបស់បញ្ញាវ័ន្តខ្មែរសិក្សា និងរស់នៅក្នុងប្រទេសវៀតណាម៕
No comments:
Post a Comment