Tuesday 20 September 2011

កិច្ចពិភាក្សា​ស្តីពី​ទស្សនវិជ្ជា​ខ្មែរ​នា​សម័យ​នគរ​ភ្នំ

ភ្នំពេញ ព្រឹក​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១១ នៅ​រាជបណ្ឌិត្យសភាកម្ពុជា ផ្នែក​ទស្សនវិជ្ជា​និង​សង្គមវិទ្យា​នៃ​វិទ្យាស្ថាន​មនុស្សសាស្ត្រ​និង​វិទ្យាសាស្ត្រ​សង្គម​បានរៀបចំ​សិក្ខាសាលា​ជាតិ​ស្តីពី​ទស្សនៈ​របស់​អ្នកស្រុក​នគរ​ភ្នំ​ក្នុង​កិច្ចអភិវឌ្ឍ​ជាតិ
ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សោម សុ​មុនី ប្រធាន​វិទ្យាស្ថាន​មនុស្សសាស្ត្រ​និង វិទ្យាសាស្ត្រ​សង្គម។ លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​ផ្នែក​ទស្សនវិជ្ជា​និង​សង្គមវិទ្យា​បាន​គូសបញ្ជាក់ថា ក្នុង​ដំណើរ ស្វែងយល់​ពី​ទស្សនវិជ្ជា​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ផ្នែក​ទស្សនវិជ្ជា​និង​សង្គមវិទ្យា​បានរៀបចំ​សិក្ខាសាលា​ជាតិ​នេះ​ឡើង ដើម្បី​ពិភាក្សា​អំពី១-វប្បធម៌ ២-នយោបាយ​និង​ការបរទេស ៣-ភាសា​និង​អក្សរ និង៤-ជំនឿ​និង​សាសនា។ វាគ្មិន ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​មាន​ចំនួន៧រូប មកពី​រាជបណ្ឌិត្យសភាកម្ពុជា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​មានជ័យ និង​សាកលវិទ្យាល័យ​ន័រតុន ហើយ​មាន​អ្នកចូលរួម​ចំនួន១០០រូប​មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី រាជបណ្ឌិត្យសភាកម្ពុជា ក្រសួង​អភិវឌ្ឍ​ជនបទ ក្រសួង​អប់រំ យុវជន​និង​កីឡា ក្រសួងការពារជាតិ វិទ្យាស្ថាន​ខុង​ជឺ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប។ ក្នុង​កិច្ចពិភាក្សា​នេះ វាគ្មិន​ទាំងអស់​បាន​បកស្រាយ​យ៉ាងច្រើន ដូចជា លោក​បណ្ឌិត មីសែល ត្រា​ណេ ដែលជា​វាគ្មិន​មួយរូប​បាន​បង្ហាញថា ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​នេះ​បានធ្វើ​ឲ​មានការ​ផ្លាស់ប្តូរ​នូវ​ទម្រង់​សង្គម មន-ខ្មែរ ឬ ខ្មែរ​ដើម ពី​សង្គម​មួយ​ដែលមាន​លក្ខណៈ ជា​កុលសម្ព័ន្ធ មេ​និយម ឲ្យ​កា្លយ​ទៅជា​នគរ​ឬ​ព្រះរាជាណាចក្រ​ដែលមាន​ស្តេច​ឬ​ព្រះមហាក្សត្រ​ជា​អ្នកគ្រប់គ្រង​ដឹកនាំ។ លោក យៀង វីរ​បុត្រ និង លោក គុណ រតនា បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​អត្ថន័យ​នៃ​សិលាចារឹក ហើយ​លោក វង្ស មេ​ង បាន​បកស្រាយ​អំពី​ឋានន្តរនាម​នៅក្នុង​សង្គម។ ដោយឡែក លោក មាឃ បូរ៉ា បានបង្ហាញ​ដល់​អង្គ សិក្ខាសាលា​ពី​ការប្រើប្រាស់​ភាសា​និង​អក្សរ​នៅក្នុង​សម័យ​នគរ​ភ្នំ។ ដើម្បី​បញ្ជាក់​ពី​ជំនឿ​និង​សាសនា លោកស្រី កែវ សុជាតិ មានប្រសាសន៍ថា តាមរយៈ​អានុភាព​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​និង​ព្រះពុទ្ធ​ដែលមាន​ប្រភព​មកពី​ឥណ្ឌា បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​សង្គម។ ប្រជារាស្ត្រ​ខ្មែរ បន្តិចម្តងៗក៏បាន​ក្លាយទៅជា​ព្រាហ្មណ៍​សាសនិក​និង​ពុទ្ធសាសនិក​ដ៏​ជ្រះថ្លា។ លើសពីនេះទៅទៀត ក្នុងការ​យល់ដឹង​ច្បាស់​ពី​ទស្សនវិជ្ជា​ខ្មែរ​នា​សម័យ​នគរ​ភ្នំ លោក​បណ្ឌិត សួន ឱសថ បានធ្វើ​បទ​បង្ហាញ​ពី​ទស្សនវិជ្ជា​ខ្មែរ-មន។ ជាការ​បូកសរុប ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សោម សុ​មុនី បាន​មាន ប្រសាសន៍ថា នគរ​ភ្នំ គឺជា​រដ្ឋ​ខ្មែរ​ដំបូងបង្អស់​តាម​លំនាំ​ឥណ្ឌា​ដែល​ទាមទារ​នូវ​ការបង្រួបបង្រួម​នូវ​សហគមន៍ កសិកម្ម​តូចធំ​ទាំងឡាយ​ស្ថិតក្នុង​អំបូរ​មន-ខ្មែរ ដែល​ពីមុន​សង្គម​មាន​លក្ខណៈ​ជា​កុលសម្ព័ន្ធ ឲ្យ​ស្ថិតនៅ​ជុំវិញ​អំណាចកណ្តាល​តែមួយ​តំណាង​ដោយ​ព្រះមហាក្សត្រ​ដ៏​ខ្លាំងពូកែ​ដែលជា​អ្នក​ប្រមុខ​ដឹកនាំ។ ការផ្លាស់ប្តូរ​នូវ​លក្ខណៈ សង្គម​តាមរយៈ​ឥណ្ឌា​រូបនីយកម្ម បានធ្វើឱ្យ​ទម្រង់​នៃ​ទស្សនៈ​របស់​ប្រជាជន​ខ្មែរ​ដើម ឬ មន-ខ្មែរ ដែលមាន​លក្ខណៈ​ជី​វចល​និយម ក៏ត្រូវ​បាន​កែប្រែ​ដែរ ព្រោះថា​បុព្វការី​ជន​ខ្មែរ​ដែលជា​ដូនតា ប្រមុខ​ដឹកនាំ ប្រទេស​ខ្មែរ​នា​សម័យ​នគរ​ភ្នំ​បាន​ប្រារព្ធ​លទ្ធិ​សាសនាធំៗពីរ គឺ​ព្រហ្មញ្ញសាសនា​និង​ព្រះពុទ្ធសាសនា។ ជាការ​ពិតណាស់ ការអនុវត្ត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នយោបាយ សាសនា​ឥណ្ឌា​ជា​ធាតុ​សំខាន់បំផុត​ដែល​បញ្ជាក់​អំពី​លក្ខណៈ​នៃ​សង្គមជាតិ​របស់​ខ្មែរ​យើង​ដែល​បង្ហាញ​អំពី​ឫសកែវ​នៃ​វប្បធម៌​ខ្មែរ​ដែលមាន​លក្ខណៈ​សំយោគ​រវាង​ខ្មែរ​និង​ឥណ្ឌា៕(​ដោយៈបណ្ឌិត ជា មុនី​ឫទ្ធិ)
ប្រភព៖ ចម្លងទាំងស្រុងពី http://ann.com.kh 

No comments:

Post a Comment