Thursday 18 August 2011

ភាសា​ខ្មែរ​ដែល​មិន​ទាន់​ឯកភាព​គ្នា​

ភាសា​ខ្មែរ​ដែល​មិន​ទាន់​ឯកភាព​គ្នា

ភ្នំពេញ: សរសេរ​សំរាយ​ ? សរសេរ​ព្យាង្គ​តម្រួត ? ឬ​សរសេរ​បាន​ទាំងពីរ ​? ខ្មែរ​មិនទាន់​មាន​ការឯកភាព​គ្នា​នៅឡើយ​ទេ​។ ហេ​តយ​នេះ​អ្នកសរសេរ សរសេរ​មួយណា​ក៏បាន អោយ តែ​អាន​ដាច់​ ។ ពាក្យ​ថា​អោយ​តែ​អាន​ដាច់​នេះហើយ ដែល​បាន​បង្ក​អោយ​មាន​ការសរ សេ​រ​ផ្តេសផ្តាស​តាមចិត្ត​នឹកឃើញ ដោយ​គ្មាន​ការត្រួតពិនិត្យ ​។ ទី​បំផុត​ទៅ អក្សរ​ខុស​មួយចំនួន ត្រូវបាន​គេ​សរសេរ​ផ្សព្វផ្សាយ​តាម​ទីសាធារណៈ​ជាទូទៅ ​។ ខ្មែរ​ដែល​មើល​ឃើញ​អក្សរ​ខុស​ទាំង​នេះ ក៏​បាន​ថត​ជាប់​ខួរក្បាល​រហូត​នូវ​ពាក្យ​ខុស​ទាំង​នេះ​ ។​

​ ​តាមពិត​,​ បើ​យោង​តាម​ការអះអាង​របស់អ្នក​អក្សរសាស្ត្រ​ខ្មែរ​មួយចំនួ​ន ការ​ប្រទាញ ប្រទង់​គ្នា​នេះ​បាន​កើត​មាន​រាប់​សិប​ឆ្នាំ​មកហើយ​ ។ នេះ​ជា​និន្នាការ​ពីរ​រវាង​ក្រុម​អ្នក​និយម​អក្សរ​តម្រួត​ព្យាង្គ និង​អ្នក​និយម​អក្សរ​សំ​រាយ​ ។ អក្សរ​សំរាយ​បាន​មាន​មាន​ឥទ្ធិពល​ខ្លាំង​ចាប់​តាំង​ដើម​ទស្សវត្ស​៧០​មក ហើយ​វា​បាន​ទម្លាប់​អោយ​កូន​ខ្មែរ​ស្គាល់​អក្សរ​សំរាយ​ឡើង​ថ្នឹក​ហើយ​ ។ មក​ដល់​ទស្សវត្ស​៨០ ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរ ក្រហម ទំនង​ជា​ក្រុម​អ្នក​ដែល​រួចផុត​ពី​ការកាប់សម្លាប់ មាន​ភាគច្រើន​ជា​ក្រុម​និយម​សរសេរ​ព្យាង្គ​រាយ​ស្រាប់ ទើប​មាន​ការឯកភាព​ក្នុង​ការបោះពុម្ភ​សៀវភៅ​សិក្សា និង​ការបង្រៀន​បែប​សំរាយ​រហូតមក​។ មកដល់ពេលនេះ​សៀវភៅពុម្ព​បង្រៀន​សិស្ស​ក៏​នៅតែ​ជា​ព្យ​ង្គ​រាយ​ដដែល​ ។​

​ ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅពេលនេះ គឺថា​នាពេល​ចុងក្រោយ​នេះ មាន​និន្នាការ​មួយទៀត​ដែល​ប្រកាន់​វចនានុក្រម​សម្តេច​សង្ឃ​ជួន ណាត​ជា​គោល ហើយ​ដែល​មនុស្ស​ក្រុម​នេះ​និយម​ហៅ​អក្សរ​របស់​សម្តេច​សង្ឃ​ជួន ណាត​ថា​ជា​ព្យាង្គ​តម្រួត​។ និន្នាការ​នេះ ត្រូវបាន​អនុវត្ត​នៅតាម​ស្ថាប័ន​ការងារ ​។ ជា​បច្ច័យ ហើយ​ជា​បាតុភូត​ដែល​បាន​កើតឡើង​នោះ​គឺថា បន្ទាប់​ពី​កូន​ខ្មែរ​រៀនអក្សរ​សំរាយ​ជាង​១០​ឆ្នាំ​នៅ​ឯ​សាលារៀន​នោះ ​(​ឧទាហរណ៍ ពាក្យ សំបូរ ចំលើយ​) ពេល​ចូល​ធ្វើការ ស្រាប់តែ​ត្រូវ​សរសេរ​អក្សរ​មួយ​ផ្សេង​ទៀត​ដែល​គេ​ហៅថា តម្រួត​ព្យាង្គ​ទៅវិញ ​(​សម្បូរ ចម្លើយ​)​ ។​

​ ​ដោយសារ​តែ​បច្ចុប្បន្ន និន្នាការ​នៃ​ការសរសេរ​អក្សរ​តម្រួត​ហាក់​កាន់តែ​មាន​ឥទ្ធិពល គ្រូបង្រៀន​ភាសា​ខ្មែរ​មួយចំនួន​ដូចជា​លោក​កែវ ណារិន ត្រូវ​ឆ្លៀត​សរសេរ​បង្ហាញ​សិស្ស​នូវ​ពាក្យ​ជា​តម្រួត​ព្យាង្គ​អោយ​សិស្ស​បាន ​ឃើញ បើ​ទោះជា​នៅ​ក្នុង​សៀវភៅ​ពុម្ព មាន​ពាក្យ​ជា​អក្សរ​សំរាយ​ក៏ដោយ​ ។ លោក​កែវ ណារិន​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​បាន​ ត្អូញត្អែរ បង្ហាញ​ការព្រួយបារម្ភ​២​ចំនុច ​។ ទី​មួយ​ភាគតិច​ណាស់​ដែល​សិស្ស​ជា​កូន​ខ្មែរ​ចាប់អារម្មណ៍ ទៅលើ​ភាសាជាតិ​ខ្លួនឯង​ ។ ទី​២ អ្នក​ដែល​យកចិត្តទុកដាក់​នោះ ត្រូវ​ព្យាយាម​ខ្លាំង​ក្នុង​ការបត់បែន​តាម​សភាពការណ៍ ឬ​ការវិវត្តន៍​នៃ​ការប្រើប្រាស់​ភាសា ពិសេស​ការសរសេរ​នេះឯង​ ។ លោកគ្រូ​កែវ ណារិន​បាន​អះ អាងថា​៖ "​ពួកគេ​ត្រូវ​រារែក​ក្នុង​សម្រេចចិត្ត​សរសេរ​ពាក្យ​មួយ​ដែល​គេ​អាច​ សរសេរ​បាន​ពីរ​យ៉ាងនោះ ​។ អ្នកខ្លះ​ទៀត​ទម្លាប់​សរសេរ​សំរាយ​ឡើង​ថ្នឹក​ទៅហើយ​ ។ ខ្ញុំ​គិតថា រដ្ឋា ភិបាល​គួរ​ប្រកាស​អោយ​មាន​ការសរសេរ​អក្សរ​ជា​ផ្លូវការ​ណាមួយ​"​ ។​

​ ​និយាយ​អំពី​ការបត់បែន​ក្នុង​ការសរសេរ​អក្សរ​ខ្មែរ លោក​ជ័យ ចាប​សាស្ត្រាចារ្យ​អក្សរ សាស្ត្រ​ខ្មែរ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​ទទួលស្គាល់ថា នេះ​ជា​ការលំបាក​មួយ​របស់​សិស្សានុសិស្ស​។ លោក​ជ័យ ចាបបាន​បញ្ជាក់ថា គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តីណែនាំ​មួយ​ប្រាប់​អោយ​ស្ថាប័ន​រដ្ឋបាល​ក្រោម ​ឱវាទ​ប្រើប្រាស់​ការសរសេរ​អក្សរ​ខ្មែរ​ដោយ​យក​វចនានុក្រម​សម្តេច​សង្ឃ​ជួន ណាត​បោះពុម្ព​លើក​ទី​៥​ក្នុង​ឆ្នាំ​១៩៦៨​ធ្វើ​ជា​គោល​។ លោក​ជ័យ ចាប​ក៏​បាន​ទទួលស្គាល់​ផងដែរ​ថា នៅ​មាន​សៀវភៅពុម្ព​ច្រើន​ទៀត​ដែល​មិន​ទាន់​ត្រូវ​បាន​បោះពុម្ព​ថ្មី​ជាមួយ​ នឹង​ការកែតម្រូវ​អក្ខរាវិរុទ្ធ​ឡើងវិញ​ដោយ​យក​តាម​វចនានុក្រម​ជួន ណាត​នោះទេ​។ លោក​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​រៀប រាប់​យ៉ាង​ដូច្នេះ​ថា​៖ "​យើង​ពិបាក​នឹង​បោះពុម្ព​សៀវភៅ​សិក្សា​យើង​ឡើងវិញ​ ។ សៀវភៅ​យើង​មាន​វាល់​លាន​ក្បាល ​។ យើង​ត្រូវការ​ថវិការ​ច្រើន​ ។ ប៉ុន្តែ​ក៏​មាន​សៀវភៅ​ខ្លះ​ដែល​យើង​ត្រូវ​រៀបចំ​ឡើង​វិញ ហើយ​យើង​ក៏​បាន​កែប្រែ​អក្ខរាវិរុទ្ធ​ដែរ​ ។ បន្តិច​ម្តងៗ យើង​បែរ​មក​រក​អក្សរ​តែមួយ​ផ្លូវការ​វិញ​ហើយ​"​ ។​

​ ​ដោយសារតែ​មិន​មាន​ការផ្សព្វផ្សាយ​ច្បាស់លាស់ សព្វថ្ងៃនេះ វា​មាន​ពាក្យ​មួយ​ដែល​ត្រូវបាន​និយាយ​ជា​អត្តនោម័តិ​ទាំង​ខុស​ថា សម្តេច​សង្ឃ​ជួន ណាត​មាន​គោលការណ៍​សរសេរ​ព្យាង្គ​តម្រួត រីឯ​លោក​កេង វ៉ាន់​សា​ក់មាន​គោល​ការសរសេរ​ព្យាង្គ​រាយ​ ។ ដល់​ពេល​អីចឹង​ទៅ វា​កើតចេញ​ជា​ពាក្យ​បង្កើត​ថ្មី​ដែល​អ្នក​អក្សរសាស្ត្រ​ថា មិន​មាន​នៅ​ក្នុង​វចនានុក្រម​សម្តេច​សង្ឃ​ជួន ណាត និង​របស់​លោក​កេង វ៉ាន់​សាក់​ ។ ឧទាហរណ៍​ ពាក្យ ជម្ងឺ ។ មនុស្ស​ទូទៅ​កំពុង​មាន​និន្នាការស​រសេរ​ពាក្យ​នេះ​យ៉ាង​ដូច្នេះ ដែល​នេះ​គឺជា​ពាក្យ​ខុស​។ មាន​ពេល​ខ្លះ​ពាក្យ​នេះ​ត្រូវ​បាន​សរសេរ​នៅលើ​ទំព័រ​កាសែត ក្នុង​ចំណងជើង​ធំៗ​ទៀត​ ។ តើ​គេ​អាច​សរសេរ​អក្សរ​ខ្មែរ​តាម​តែ​អំពើ​ចិត្ត ឬ​យ៉ាងណា ​? តាមពិត​ពាក្យ​ជំងឺ​សរសេរ​បាន​តែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ ជំងឺ​នេះ​ឯង​ ។​

​ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​លោក​ជ័យ ចាបបាន​ថ្លែងថា​នៅ​មាន​មនុស្ស​មួយចំនួន​ដែល​ជា​ក្រុម​អ្នក​អភិរក្ស ​"ផ្កាប់មុខ​" ហើយ​ដែល​ស្ទើរ​គ្រប់​អក្សរ ពួក​គេ​ចង់​សរសេរ​ជា​តម្រួត ​។ លោក​ជ័យ ចាបបាន​ផ្តល់​ឧទាហរណ៍​ពាក្យ​កំលោះ​ ។ ពាក្យ​នេះ​ជា​ពាក្យ​ដែល​សម្តេច​ជួន ណាត​បាន​សរសេរ​នៅក្នុង​វចនានុក្រម​របស់​ព្រះអង្គ​។ ក៏​ប៉ុន្តែ​លោក​ជ័យ ចាប​អះអាងថា មាន​ក្រុម​អ្នក​និយម​តម្រួត​ព្យាង្គ​ដែល​គិត​ថា​សរសេរ ក​ម្លោះ បែបនេះ​ទើប​ត្រឹមត្រូវ​ ។​
​ ​កម្ពុជា​សំបូរ​អ្នកចេះដឹង​ ។ ប៉ុន្តែ​មាន​បញ្ហា​មួយ​គឺ​ពួកគេ​ហាក់ដូចជា​ពិបាក​នឹង​អង្គុយ​ធ្វើការ​ជាមួយគ្នា​ ។ ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​មួយ​ទៅ​លើ​ការប្រើប្រាស់​ភាសា​ក្នុង​សម័យ​ទំនើប​បាន​ ស្តែង​ឲ្យឃើញ​នៅក្នុង​ខារ៉ាអូខេ ​។ មាន​អក្សរ​មិន​តិច​ទេ​ដែល​គេ​សរសេរ​ខុស ហើយ​ត្រូវ​បាន​បញ្ចេញ​មក​លក់​ដូរ​ជា​សាធារណៈ​។ គ្មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​បញ្ហា​ទាំងនេះ​ទេ ​? ពាក្យ​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ពាក្យ​បច្ចេកទេស​ដែល​ត្រូវ​សរសេរ​ប្រកប​ ចេញពី​ពាក្យ​បរទេស ក៏​មិន​ដែល​មាន​ស្ថាប័នរដ្ឋ​អ្នកទទួលខុសត្រូវ​ណា​មួយ​ចេញ​មុខ​ប្រកាស​ជា​ សាធារណៈ​ថា​ត្រូវ​សរសេរ​បែប​ណា​ដែរ ដូច្នេះ​ពាក្យ​បរទេស​តែ​មួយ​សោះ តែ​នាំគ្នា​ប្រកប​សរសេរ​ខុសៗ​ពីគ្នា​ ។​

​ ​លោក​ច័ន្ទ សំណព្វ​អនុប្រធាន​រាជបណ្ឌិតសភា​បាន​ថ្លែងអោយដឹងថា គណៈកម្មាការ​មួយក្រុម​ដែល​មាន​សមាជិក​ជាង​២០​រូប​កំពុង​រៀបចំ​វចនានុក្រម​ ខ្មែរ​ថ្មី​មួយ​ដើម្បី​ធ្វើ​ជា​គោល​ក្នុង​ការសរសេរ​ប្រើប្រាស់​អក្សរ​ខ្មែរ​ នា​ពេលអនាគត​ ។ តាម​គម្រោង វចនានុក្រម​នេះ​នឹងត្រូវ​បញ្ចប់​នៅក្នុង​អំឡុង​ពី​៣ ​ទៅ​៥​ឆ្នាំ​ខាង​មុខ​ ។ ជា​វចនានុក្រម​ដែល​នឹង​មាន​ពាក្យពេចន៍​ច្រើនជាង​វចនានុក្រម​របស់​សម្តេច​ សង្ឃ​ជួន ណាត ​។ លោក​ច័ន្ទ សំណព្វ​មានប្រសាសន៍ថា សព្វថ្ងៃ​ក្រុមការងារ​កំពុង​ពិនិត្យ​លើ​ការសរសេរ និង​ការពន្យល់​ន័យ​ ។ ក្រោយពី​បញ្ចប់​ការតាក់តែង វចនានុក្រម​នេះ​នឹង​ត្រូវ​ដាក់​ទៅ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ត្រួតពិនិត្យ​ ។ លោក​អនុប្រធាន​រាជបណ្ឌិតសភា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖"​នៅក្នុង​ ការសរសេ​រវច​នានុ​ក្រម​នេះ វា​នឹង​មាន​អក្សរ​ខ្លះ​ដែល​យើង​អាច​សរសេរ​ពីរ​ប្រភេទ រាយ​ព្យាង្គ និង​តម្រួត​ព្យាង្គ​ ។ បន្ទាប់​មក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នឹង​សម្រេច​ថា នឹង​ជ្រើស រើស​យក​អក្សរ​ណាមួយ​"​ ។ ប៉ុន្តែ សម្រាប់​លោក​បណ្ឌិត​ភាសាវិទ្យា​បាន​មាន​ប្រា​សាសន៍​អោយដឹងថា ការសម្រេច​ជ្រើសរើស​អក្សរ​ណាមួយ​នោះ ទំនងជា​មិន​មែន​ប្រព្រឹត្តិ​ទៅ​ក្នុង​ក្រប​ខណ្ឌ​មនុស្ស​មួយ​ក្រុម​តូច​ នោះឡើយ​ ។ លោក​ច័ន្ទ សំណព្វ​បន្តថា លោក​មាន​យន្តការ​នៃ​ការធ្វើ​ប្រជាមតិ ដោយ​បង្កើត​នូវ​ឃ្លា​ដែល​មាន​អក្សរ​តម្រួត​ព្យាង្គ​ផង និង​រាយ​ព្យាង្គ​ផង ដើម្បី​អោយ​មនុស្ស​ទូទៅ​សរសេរ​ ។ នៅពេលនោះ ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ​និយម​សរសេរ​អក្សរ​ណាមួយ​ច្រើន​ជាតិ​ ។ តម្រួត ឬ​សំរាយ ​?
​ ​ទោះយ៉ាងណា គេ​ត្រូវ​នៅ​រង់ចាំ​រហូតដល់​វចនានុក្រម​នេះ​ចប់សព្វគ្រប់​ ។ ៥​ឆ្នាំ​ទៀត​ ? ចុះបើ​មាន​ឧបសគ្គ​ ? ឯកភាព​លើ​អក្សរសាស្ត្រ​ខ្មែរ​គួរតែ​មាន​អោយ​ឆាប់​ ៕          

ប្រភព៖ http://www.cen.com.kh    

No comments:

Post a Comment