Wednesday 26 January 2011

ផ្ទាំង​អក្សរ​ចារិក ដែល​សម្គាល់​ពី​កងទ័ព​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា ត្រូវបាន​ដកចេញ​ជា​លើក​ទី​២

ផ្ទាំង​អក្សរ​ចារិក ដែល​សម្គាល់​ពី​កងទ័ព​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា ត្រូវបាន​ដកចេញ​ជា​លើក​ទី​២
ភ្នំពេញ: កង​ទាហាន​កម្ពុជា បាន​យក​ផ្ទាំង​អក្សរ​ចារិក ដែល​សំគាល់​ពី​ទាហាន​ថៃ ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ជិត​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ចេញ​ជា​លើក​ទី​២​ហើយ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​មករា ឆ្នាំ​២០១១​។​

​    ​ផ្ទាំង​ថ្ម​ចារិក​ពី​ទាហាន​ថៃ ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ត្រូវបាន​កង​ទាហាន​កម្ពុជា ធ្វើការ​កែសម្រួល និង​ផ្លាស់ប្តូរ​ដោយ​ស្ងាត់ៗ កាលពី​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១១​។
​    ​ការសម្រេចចិត្ត​កែសម្រួល​អក្សរ​ចារិក​នោះ ដោយសារ​តែ​ភាគី​ថៃ​សុំឲ្យ​កម្ពុជា ដក​ស្លាក​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ថា “ ទីនេះ ជា​កន្លែង​ទាហាន​ថៃ ចូល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា កាលពី​ថ្ងៃ​១៥ ខែកក្កដា ឆ្នាំ​២០០៨ ហើយ​បាន​ដកទ័ព​ទៅវិញ​នៅ​ម៉ោង​១០ និង​៣០ ព្រឹក​នា​ថ្ងៃ​១​ធ្នូ ឆ្នាំ​២០១០”​។ ស្លាក​អក្សរ​ខ្មែរ​មួយ​ផ្ទាំង និង​អក្ស​រលើ​ផ្ទាំង​ថ្ម​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ត្រូវ​បើក​សម្ពោធ ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ កាលពី​ខែ​ធ្នូ តាម​បទបញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥​។
​    ​ស្លាក​អក្សរ​ចារិក នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ដែល​ស្ថិតនៅ​ចម្ងាយ ៣០០ ម៉ែត្រ ពី​ប្រាសាទ​ព្រះវិហារ និង​ជា​ទីតាំង ដែល​ស្ថិត​ក្នុង​តំបន់ ៤,៦ គីឡូម៉ែត្រ ដែល​ថៃ​ប្រកាស​អះអាងថា ជា​តំបន់​ជម្លោះ ត្រូវបាន​កង​ទាហាន​កម្ពុជា កែសម្រួល​ពាក្យពេជន៍ និង​ផ្លាស់ប្តូរ កាលពី​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១១ មក​ជា​ពាក្យ​ថា "​ទីនេះ​! ជា​ទឹកដី​កម្ពុជា​"​។​
​    ​យ៉ាងណាក៏ដោយ ចំពោះ​ការសម្រេចចិត្ត​ដក​ស្លាក​អក្សរ​ចារិក​ចេញ​ជា​ថ្មី ពី​ផ្ទាំង​ថ្ម នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ នៅ​រសៀល​ថ្ងៃ​ទី​២៦​មករា​នេះ លោក​ឧត្តមសេនីយ៍ទោ ស្រី ឌឹ​ក មេបញ្ជាការ​កងពល​ធំ​លេខ ៣ ប្រចាំ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ មិន​បាន​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​បង្វែរ​សំណួរ ទៅកាន់​លោក​នាយ​ឧត្តមសេនីយ៍ ផ្កាយ​បួន ជា​តារា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ ដែល​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។​
​    ​លោកនាយ​ឧត្តមសេនីយ៍ ជា​តារា មិនអាច​ទាក់ទង​បាន​ទេ កាលពី​រសៀល​ថ្ងៃ​ទី​២៦​មករា​នេះ​។​
​    ​ក៏ប៉ុន្តែ​នាយទាហាន ដែល​ឈរជើង​នៅ​តំបន់​ជួរមុខ ក្នុង​ព្រំដែន​ប្រាសាទ​ព្រះវិហារ បានឲ្យដឹងថា ការដក​ផ្ទាំង​អក្សរ​ចារិក​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ចេញពី​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ពុធ ទី​២៦​មករា​នេះ បាន​ធ្វើឡើង ក្រោយពី​មាន​កងទ័ព​ថៃ ប្រមាណ​ពី ៣០ ទៅ ៤០ នាក់ បាន​ចូល​មក​តំបន់​សំបុក​ឃ្មុំ ដែល​ស្ថិតនៅ​ជិត​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ កាលពី​ព្រឹក​ថ្ងៃទី​២៦​មករា​នេះ​។
​    ​កង​ទាហាន​ថៃ បានទាមទារ​ឲ្យ​កម្ពុជា ដក​ស្លាក​អក្សរ ដែល​អះអាង​ថា តំបន់​ដី ៤,៦ គីឡូម៉ែត្រ​នោះ ( ទីនេះ​! ជា​ទឹកដី​កម្ពុជា ) ជា​របស់​កម្ពុជា ចេញពី​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ទើប​ពួកគេ​យល់ព្រម​ដកទ័ព​ចេញពី​តំបន់​សំបុក​ឃ្មុំ​។
    ជុំវិញការដកចេញនូវផ្ទាំងអក្សរចារិកបញ្ជាក់ពីការឈ្លានរបស់ថៃ លើទឹកដីកម្ពុជា ត្រូវបានកាសែតថៃ បាងកកប៉ុស្តិ៍ ស្រង់សំដីរបស់នាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត មកបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃ បានចាត់ទុករឿងនេះ ជាប្រការល្អមួយ ដែលអាជ្ញាធរកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយថៃ ក្នុងការដកចេញនូវស្លាក ដែលសរសរថា "ទីនេះ! ជាទឹកដីកម្ពុជា" ចេញពីតំបន់ជម្លោះ ជិតប្រាសាទព្រះវិហារ៕
ដោយ : លីហូវ (ថ្ងៃទី 26 មករា 2011) 
ប្រភពៈ CEN.COM.KH

No comments:

Post a Comment