Wednesday 12 January 2011

> ប្រភពនៃពាក្យ ខម (ក្រោម) និង ខ្មេន/ខេមរ (ខ្មែរ)


ប្រភព​នៃ​ពាក្យ ខម (​ក្រោម​) និង ខ្មេន​/​ខេ​មរ (​ខ្មែរ​)  
  ​ជនជាតិ​ខ្មែរ​ត្រូវបាន​ជនជាតិ​ជិតខាង​ឲ្យ​តម្លៃ​ថា​ជា​ជនជាតិ​មួយ ដែល​ធ្លាប់​ជា​ម្ចាស់​នៃ​ផែនដី​សុវណ្ណ​ភូមិ ក្នុងខណៈដែល​ដូនតា​របស់​ខ្លួន​ជា​អន្តោប្រវេសន៍ ។ ការ​ដែល​វាយតម្លៃ​យ៉ាងខ្ពស់​ដូច្នេះ បណ្តាល​មកពី​នៅ​លើ​ភូមិភាគ​នៃ​អាស៊ីអាគ្នេយ៍​ដែន​គោក គេ​បាន​រកឃើញ​នូវ​ស្លាកស្នាម​វប្បធម៌ របស់​បុព្វការី​ជន​នៃ​ប្រជាជាតិ​ខ្មែរ យ៉ាងច្រើន​លើសលុប ។ សច្ចភាព​មួយទៀត ក៏​អាច​ឆ្លុះបញ្ចាំង តាមរយៈ​ឥទ្ធិពល​លើ​វិស័យ​ភាសា​សាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ​សាសនា និង​វិស័យ​វិចិត្រសិល្បៈ ដែល​មាន​សារៈសំខាន់​សម្រាប់​ការស្វែងយល់​អំពី​ខ្មែរ ។ ​    ​ក្នុង​ដំណើរការ​នៃ​ប្រវត្តិសាស្ត្រ ដែល​មាន​វ័យ​ចំណាស់​ដ៏​យូរលង់ យើង​ក៏​បាន​ដឹង​ដែរ​ថា ជនជាតិ​ខ្មែរ​ត្រូវ​ជនជាតិ​ថៃ​ហៅថា ខម  ឬ ខ្មេន ដែល​ជា​ជាតិពន្ធុ​នាម ។ តើ​ពាក្យ ខម និង ខ្មេន មាន​ប្រភព​ចេញ​ពី​ណា​មក ? ។  ​    ​យើង​មាន​ភស្តុតាង​យ៉ាង​ពិតប្រាកដ​ណាស់​ថា ជនជាតិ​មន និង​ភូមា នៅ​ប្រទេស​ភូមា ក៏​ដូច​ជា​ជនជាតិ​ថៃ នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​ព្រមទាំង​ជនជាតិ លា​វ ដែល​ស្ថិត​ក្នុង​អំបូរ​តែមួយ​ពួកគេ​ហៅ​ខ្មែរ​ថា ខម តាំង​តែ​ស​.​វ ទី ១២-១៣ ម្ល៉េះ ។ តាមរយៈ​ព្រះ​រាជពង្សាវតារ​ឈ្មោះ វិមាន​កែវ ( The Glass Chronicle ) ដែល​ក្នុងនោះ​មានការ​ពិពណ៌នា​អំពី​ការយាង​ទៅ​កាន់​កោះ​ស្រីលង្ការ ព្រះអង្គម្ចាស់​តាម​លិ​ន្ទ ដែល​ត្រូវជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ យើង​អាច​ដឹងថា ជនជាតិ​ភូមា ក៏​ដូច​ជា​ជនជាតិ​ថៃ អ្នក​ចំណូល​ថ្មី​ហៅ​ជនជាតិ​ខ្មែរ​ថា ក្រោម (Krom)​ក្នុងន័យ​ខ្មែរក្រោម ឬ គ្លុម (Glum) តាំងពី​បុរាណកាល​មក ។ រីឯ​ជនជាតិ​មន​វិញ ដែល​ស្ថិត​ក្នុង​អម្បូរ​មន​-​ខ្មែរ​នោះ ពួកគេ​ក៏​ហៅ​ជនជាតិ​ខ្មែរ​ថា ក្រោម (Krom) ដែរ ។ ឧបករណ៍​ជាក់ស្តែង​មួយទៀត ក្នុង​ឯកសារ​ដដែល​គឺ​ក្នុង​ចម្បាំង​ដ៏​ធំ​មួយ​រវាង​ជនជាតិខ្មែរ និង ភូមា​នៅ​ទីក្រុង ប៉េគូ (Pegu)  ឬ​បាយ​គូ (Paygu) ទ័ព​ភូមា​ហៅ​កងទ័ព​ខ្មែរ​ថា ជនជាតិ​ក្រោម ។ នេះ​ជា​រឿង​មួយ ដែល​បាន​ចារឹក​កត់ត្រា​ទុក​នៅ​ក្នុង​ព្រះ​រាជពង្សាវតារ​វិមាន​កែវ​ដែរ ។ គឺ​ក្នុង​បរិបទ​នេះ​ហើយ ដែល​ជនជាតិ​សៀម​និង​លា​វ ដែល​រួម​ឈាមជ័រ​ជាមួយគ្នា តាំង​ឈ្មោះ​ឲ្យ​ខ្មែរ​ថា ខម ដូចគ្នា ដោយ​និរុត្តិសាស្ត្រ ។ ​    ​សូម​កត់សម្គាល់ថា នៅទីនេះ ពាក្យ​ក្រោម ឬ ខម ដែល​កើតចេញ​ពី​ស័ព្ទ ខ្មែរក្រោម ដែល​សំដៅ​ឲ្យ​ជនជាតិខ្មែរ (​ក្រោម​) ដែល​ស្ថិតនៅ​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក នៅ​ខាង​ផ្នែក​ខាងក្រោម នៃ​ជួរ​ភ្នំ​ដងរែក ពោល​គឺ​នៅ​តាម​វាលទំនាប​នៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ។ ឧទាហរណ៍​ជាក់ស្តែង ជនជាតិ​ខ្មែរ​នៅ​ខេត្ត​នគររាជ​សីមា​,​សុ​រិន្ទ្រ​,​បូរី​រម្យរ មែ​ង​តែ​តាំងខ្លួន​ថា ពួកគេ​ជា​ខ្មែរលើ ហើយ​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃ ជា​ខ្មែរក្រោម​ទៅវិញ ។ មានន័យ​ថា ពួកគេ​គឺជា​ខ្មែរ​ដែល​រស់នៅ​លើ​ខ្ពង់រាប​នគររាជ​សីមា  ។ តាមពិតទៅ ស្ថានភាព​នេះ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ទៅ​នឹង​ស្ថានភាព​នៃ​ជនជាតិ​ខ្មែរ​ក្រោម ដែល​រស់នៅ​ប្រទេស​វៀតណាម​សព្វថ្ងៃនេះ ដែល​ជា​ដែនដី​សណ្ត​ឬ​វាលទំនាប ។ ម្យ៉ាងវិញទៀត ការ​ដែល​ប្រជាជន​ខ្មែរ​ហៅ​សហគមន៍​ខ្មែរ​ដើម​ភាគតិច ដែល​រស់នៅ​តាម​តំបន់​ខ្ពង់រាប ព្រៃភ្នំ ដូចជា ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនៈគិរី​ជាដើម​ថា ជា​ខ្មែរលើ ក៏​មិន​ត្រូវ​ធ្វើឲ្យ​យើង​ងឿងឆ្ងល់​ដែរ ។ ​      សង្ខេប​សេចក្តី​មក ពាក្យ ខម ដែល​កើតចេញ​ពី​ពាក្យ​ក្រោម គឺជា​ពាក្យ​បំព្រួញ​នៃ​ពាក្យ​ខ្មែរ​ក្រោម​ដោយ​ពិតៗ ហើយ​ដែល​ជា​ឈ្មោះ​នៃ​ប្រជាជន​ខ្មែរ ដែល​រស់នៅ ទាំង​លើ​ខ្ពង់រាប​នគររាជ និង​ផ្នែក​ខាងក្រោម​នៃ​ខ្ពង់រាប ទាំង​នៅ​តាម​វាលទំនាប​នៃ​ដង​ទន្លេ​ចៅ​ប្រា​យ៉ា ដែល​តាំង​លំនៅ​ដោយ​ជនជាតិ​សៀម​ឬ​ថៃ ។ រីឯ​ពាក្យ​ខ្មេន​វិញ គឺ​កើត​ចេញពី​ស័ព្ទ​ខ្មែរ​។ ក្នុង​វេយ្យាករណ៍​ថៃ​ពុំ​មាន​ព្យាង្គ​អក្សរ​សរសេរ​ត្រួត​លើ​គ្នា​ទេ ទើប​គេ​អាន​ចេញ​សំនៀង ខ្មេន ។ សូម​កត់សម្គាល់​ផងដែរ​ថា ពាក្យ ខម ឬ​ខ្មេន ត្រូវបាន​ជនជាតិ​សៀម​ឬ​ថៃ​ពេញនិយម​តាំង​តែ​សម័យ​វប្បធម៌​បាយ័ន រហូតមកដល់​សព្វថ្ងៃ​នេះ ដោយ​ស័ព្ទ​នេះ​មិន​បាន​កែប្រែ​ឡើយ ។ ទាំងនេះ ស ឲ្យឃើញថា ពាក្យ​ខម​ពិតជា​មិន​ត្រូវបាន​បង្កើតឡើង​ដោយ​ការបំព្រួញ នៃ​ស័ព្ទ​ទាំង​ពីរ​គឺ​ពាក្យ​ខ្មែរ​និង​មន​ជាដាច់ខាត ។​​    ​ជាទី​បញ្ចប់ សូម​ជម្រាប​ផងដែរ​ថា កុលសម្ព័ន្ធ​ខ្មែរលើ​ដូចជា ពួក​ជង ស្អូច និង ព័រ​ជាដើម ពួកគេ​ក៏​ហៅ​ជនជាតិខ្មែរ​យើង​ថា ក្រោម ដែរ ដោយ​រក្សាបាន​នូវ​អត្ថន័យ​ដូចគ្នា ។ ចំពោះ​ពួក​ចរាយ​និង​សេ​ដាំ​ង ពួកគេ​ហៅ​ជនជាតិ​ខ្មែរ​ថា បង​ត្រួង ឬ​ព្រហ្ម​ទៅវិញ ។ ​    ​ជារួម ពាក្យ​ក្រោម និង ខម ដែល​ជា​ជាតិពន្ធុ​នាម ក្នុង​បរិបទ​វប្បធម៌ ថៃ​-​លា​វ ពិតជា​កើត​ចេញពី​ពាក្យ​ក្រោម​ដែល​សំដៅ​ទៅលើ​ជនជាតិ​ខ្មែរ​យ៉ាង​ប្រាកដ ។ ពាក់ព័ន្ធ​ទៅនឹង​ប្រភព​នៃ​ពាក្យ​ខ្មែរ​វិញ យើង​មាន​ហេតុផល​ជា​ច្រើន​ដែល​ឲ្យដឹងថា ពាក្យ​នេះ​ពិតជា​បាន​កើតចេញ​ពី​ពាក្យ ក្មេរ នា​សម័យ​បុរេ​អង្គរ​និង​អង្គ​រយ៉ាង​ប្រាកដ ហើយ​ដែល​ជា​ឈ្មោះ ដែល​ប្រជាជន​ខ្មែរ តាំង​ឈ្មោះ​របស់​ជាតិ​សាសន៍​ខ្លួនឯង​ដោយ​ផ្ទាល់ ។ ដូចគ្នា​នឹង​នេះដែរ យើង​ក៏​អាចនិយាយបាន​ថា ពាក្យ​ខ្មែរ​មិនមែន​កើតចេញពី​ពាក្យ ក​ម្ពុ និង មេ​រា ឡើយ ដូចដែល​គេ​បាន​យល់​ដោយ​ភ័ន្តច្រឡំ​នោះទេ ៕ (​ម​.​ត្រា​ណេ​)​

3 comments:

  1. ចំណែកពាក្យ "ខេមរៈ" ដែលខ្មែរយើងប្រើសព្វថ្ងៃ តើវាក្លាយមកពីពាក្យ "เขมร" មែនទេ?

    ReplyDelete
  2. សូមទោស!

    ខ្ញុំនឹងបកស្រាយបន្ថែមលើអត្ថបទដែលបាន​ចុះផ្សាយខាងលើ​ដែល​ជាអត្ថបទរបស់សាស្រ្តាចារ្យ មីស្សែល ត្រាណេ ខាលើនេះ។

    ចំពោះពាក្យថា ខេមរៈ ដែលខ្មែរប្រើសព្វថ្ងៃនេះជាពាក្យថៃថា เขมร(ខ្មេរ ឬ ខ្មេន) ករណី​នេះ​មក​ពី​សៀម​បាន​ចាត់ទុកថា ពាក្យខ្មែរ​ ឬខេមរ នេះ​ជាភាសាបាលី ដូចមនេះ​គេហៅតាមភាសាជាតិគេ ដោយ​បញ្ចេញសំឡេង "រ" ជា "ន" ។ ហើផសៀមគេប្រើថា "ខេមរសិក្សា" (เขมรศึกษา) គេមិនបាន​អានថា "ខ្មេនសិក្សា" ឡើយ។

    ម្យ៉ាងទៀត សម្តេចសង្ឃរាជ ជូន ណាតបកស្រាយថា៖
    ខេមរៈ ខេម៉ៈរ៉ៈ ( ន. ) ខ្មែរ; (ពាក្យ​នេះ​មាន​ទំនង​ជា​បាលី​ភាសា​ដែល​ប្រែ​ថា “មនុស្ស​មាន​សេចក្ដី​ក្សេម” មក​អំពី​វិគ្គហៈ​ថា “ខេមំ យស្ស អត្ថីតិ ខេមរោ” ឬ ជា​ពហុវចនៈ​ថា “ខេមំ យេសមត្ថីតិ ខេមរា”; ប៉ុន្តែ​នឹង​ពោល​ឲ្យ​ប្រាកដ​ថា បាន​ជា​ហៅ “ខេមរៈ​ៗ” នោះ ពី​ព្រោះ​ប្រែ​ថា មាន​សេចក្ដី​ក្សេម ដូច្នេះ​ក៏អាច​ដឹង​ប្រាកដ​ពុំ​បាន ព្រោះ​ក្នុង​សិលា​ចារឹក​បុរាណ សរសេរ “ក្មែរ ” ក៏​មាន ។

    បើមានទិន្ន័ល្អជាងនេះសូមមេត្តាជួយចែករំលែកផង,

    សូមអរគុណ!

    ReplyDelete
    Replies
    1. អរគុណចំពោះចម្លើយរបស់បង
      ខ្ញុំក៏មិនដឹងច្បាស់ដែរ ខ្ញុំគ្រាន់តែបានលឺលោកគ្រូប្រវត្តិសាស្ត្រខ្ញុំធ្លាប់និយាយដូច្នេះ ហើយគាត់ក៏មិនបានបកស្រាយអ្វីវែងឆ្ងាយដែរ។

      Delete