Sunday 21 June 2015

គំរូ ឬ គម្រូ?

គំរូ ឬ គម្រូ?

ដោយ : ហ៊ុន ឈុនតេង
អត្ថបទ​នេះ​ ខ្ញុំបានសរសេរ​តាំងពីខ្ញុំនៅសិក្សា​ថ្នាក់បរិញ្ញាបត្រអក្សរសាស្ដ្រខ្មែរ​ឆ្នាំ​ទី​៣​មក​ម្ល៉េះ​និង​ធ្លាប់​បាន​ចុះ​ផ្សាយក្នុងទស្សនាវដ្ដីចំណេះដឹងសាកលផង។ ទីនេះ ខ្ញុំ​សូម​យក​អត្ថបទ​នោះ​មក​បង្ហាញ​ដោយ​ពុំ​មាន​ការ​​កែសម្រួលឲ្យ​បានល្អត្រឹមត្រូវនោះឡើយ។
១- បញ្ហាស្តីពីពាក្យ“គំរូឬ​គម្រូ”
តាមរយៈ​ការ​ពិនិត្យ​លើ​ឯកសារ​មួយ​ចំនួន​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​កន្លង​មក​ ស្មេរ​ឃើញ​ថា​មាន​បញ្ហា​មួយ​​បាន​​ចោទ​​ឡើង​​ចំពោះ​ការ​សរសេរ​អក្ខរាវិរុទ្ធពាក្យ​“​គំរូ​ឬ​គម្រូ”។ ដោយសា​រ​ស្មេរ​សង្កេត​ឃើញ​នូវបញ្ហា​នេះ​ ស្មេរ​​​ក៏​សាក​ល្បង​​ស្រាវ​ជ្រាវ​និង​ពិចារណា​លើ​បញ្ហា​នៃ​អក្ខរា​វិរុទ្ធ​របស់​ពាក្យ​នេះ ​ថា​​តើ​មួយ​ណា​ត្រឹម​​​​​ត្រូវ​ជាង​ ដោយ​​​​ផ្អែក​លើ​ហេតុ​​​ផល​តាម​បែប​ភាសា​វិទ្យា​។
មាន​ឯក​សារ​សំខាន់​ៗ​ពីរ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ឯកសារនានាសរសេរ​អក្ខរាវិរុទ្ធ​នៃ​ពាក្យ​នេះ​បាន​ពីរ​យ៉ាង​គឺ៖
-វចនានុក្រមខ្មែរ, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ​, ទំព័រទី១៤៧, ពន្យល់ថា​ ៖
គំរូ ន. បែប, សំណាក, តួយ៉ាង, ផែនទី : គំរូស្ពានបេតុង, គំរូផ្ទះឈើ …។
-ក្រសួងអប់រំ, សៀវភៅវេយ្យាករណ៍ថ្នាក់ទី៨, ទំព័រ១៧, ឆ្នាំ១៩៨៦
គំរូ < គ្រូ+ [-អ៊’ម-]
យើងឃើញថានៅក្នុងវចនានុក្រមខ្មែរបានពន្យល់ពីន័យរបស់ពាក្យថា“គំរូ” ដូច​ដែល​បាន​បង្ហាញ​ខាង​លើ​ស្រាប់​ តែ​​ពុំ​​បានលើកហេតុ​ផល​​ពន្យ​ល់​ពីប្រភពពាក្យ​នេះ​ឡើយ​​។ ចំណែក​ឯ​សៀវ​ភៅ​វេយ្យាករណ៍​ថ្នាក់​ទី​៨​របស់​ក្រសួងអប់រំវិញ​បាន​​ប​ង្ហា​ញ​​​​ពីកំ​ណើ​ត​​​​ពា​ក្យ“គំរូ” ថាចេញ​ពី​ពាក្យ​​​ថា​​​“គ្រូ” តែមិនបានពន្យល់ន័យទេ។
តើ​ពាក្យ​​“គំរូឬ​គម្រូ”​ដែល​ពាក្យ​ត្រឹម​ត្រូវ​តាម​ហេតុ​ផល​វិទ្យា​សាស្ដ្រ? តើពាក្យ​នេះ​ពិ​តជា​មាន​ប្រភព​ពាក្យ​ពី​ពាក្យ​​​“គ្រូ”ឬ? តើ​ពាក្យ​នេះ​អាច​មាន​ប្រភ​ព​ចេញ​មក​ពី​ពាក្យ​ផ្សេង​ដែរ​ឬ​ទេ?​

២- បំណកស្រាយស្តីពីពាក្យ “គំរូឬគម្រូ”
ក្រសួងអប់រំបាន​ពន្យល់​ថាពាក្យនេះចេញពីពាក្យ គ្រូ + [-អ៊’ម-] > ​គំរូ។ ប៉ុន្តែយើង​សង្កេត​ឃើញ​ថា​ពាក្យ​“គំរូ” នេះគ្មានន័យជាប់ទាក់ទងនឹងពាក្យថា“គ្រូ”នេះឡើយ។ សូម​ពិនិត្យ​លើ​ឧទាហរណ៍​ខាង​ក្រោម៖
. ចូរអ្នកឆ្លាក់​រូប​ព្រះពុទ្ធ១អង្គ ដែលមានរូបថតមួយសន្លឹកនេះជាគំរូ
នៅក្នុងល្បះនេះ ពាក្យ“គំរូ”វាគ្មានន័យអ្វីទាក់ទងនឹងពាក្យថា“គ្រូ”ឡើយ។ ល្បះនេះអាច​មាន​ន័យថា “ចូរ​អ្នកឆ្លាក់​រូប​​ព្រះពុទ្ធ១អង្គ ដែលមានរូបថតមួយសន្លឹកនេះជាបែបផែន,​ ឬតួយ៉ាង​(មាន​ន័យ​ថា​របស់​ដែល​ដូច​នឹង​​​របស់​ដើម ហើយ​ព្រះ​​ដែលគេឆ្លាក់​នោះគឺត្រូវតែដូចនឹងរូប​ថតដែល​គេ​ឲ្យ​​នោះ)”​។
២. លោកគ្រូ ជាគំរូរបស់ខ្ញុំ។
ចំណែកនៅក្នុងល្បះនេះក៏នៅតែមានន័យថា“លោកគ្រូ ជាបែបផែនតួយ៉ាង(នៅ​ក្នុង​សង្គម​ខ្មែរយើង​ចាត់​ទុក​​គ្រូ​ជា​អ្នក​រៀនបានខ្ពង់ខ្ពស់ ដឹង​ខុស​ត្រូវ​ មាន​ចរិតលក្ខណៈល្អ ទើបសិស្សចង់ធ្វើដូចគាត់)របស់ខ្ញុំ”​ គឺ​មិន​មែន​មានន័យថា “លោកគ្រូ ដែ​លជាគ្រូរបស់ខ្ញុំ”នោះទេ។ បើ​ពិនិត្យ​លើ​ផ្នក់ជែក[-អ៊’ម-] បញ្ជាក់ពី​ន័យ​ជា​កិរិយា​​ហេតុ ឬ​ន័យ​សម្គាល់​លទ្ធ​ផ​ល​/អំពើ[1] ដែលមិនបញ្ជាក់ពីន័យជាសភាព ឬបែប​បទ​រប​ស់​នាម ឬ​គុណ​នាម​​នោះ​ទេ។
តាមទស្សនៈរបស់ស្មេរផ្ទាល់ពាក្យថា“គំរូ”នេះ មានប្រភពចេញមកពីពាក្យ“រូ”ដែលជា​ពាក្យ​ខ្មែរ​បុរាណ​​ច្រើន​ជួប​ប្រទះ​ក្នុងរឿងរាមកេរ្តិ៍មានន័យថា“ដូច”។ ហេតុដែលខ្ញុំ​ហ៊ាន​អះអាង​បែប​នេះ គឺសំអាងលើន័យរបស់​ពាក្យ​“គំរូ”​នេះ​ទាក់​ទង​នឹ​ង ពាក្យថា“ដូច”ច្រើនជាងពាក្យ​“គ្រូ”។ សូមពិនិត្យឧទាហរណ៍ខាង​ក្រោម​៖
. ផ្ទះនេះយកគំរូតាមផ្ទះនៅម៉ាឡេស៊ី។
​យើងពិនិត្យឃើញថាពាក្យ“គំរូ” មានថ្នាក់ពាក្យជានាម និងជាកម្មបទផ្ទាល់របស់ពាក្យផ្ទះ មិន​មែន​មាន​​ថ្នាក់​ពាក្យ​ជា​កិរិយាហេតុនោះទេ។ ក្នុងល្បះនេះមានន័យថា ផ្ទះនេះយកលក្ខណៈដែល​មាន​ដូច​ផ្ទះនៅ​ម៉ាឡេ​ស៊ី។
. នេះជាផ្ទះគំរូរបស់ខ្មែរ។
ក្នុងល្បះនេះ​ពាក្យគំរូដើរតួជាគុណនាមបញ្ជាក់ន័យឲ្យនាម“ផ្ទះ” ដែលមានន័យថាផ្ទះនេះ​ជាផ្ទះ​ដែល​មាន​​ដូចៗ​គ្នា​នឹង​ផ្ទះ​របស់ខ្មែរផ្សេងទៀត។
តាមរយៈឧទាហរណ៍ពីរខាងលើ យើងឃើញថាពាក្យថា“គំរូ” នេះមានន័យជាប់ទាក់ទង​នឹងពាក្យ“រូ”​ជាង​ពាក្យ​“គ្រូ”។ ពាក្យ“គំរូ”នេះមានប្រភពមកពីពាក្យ“រូ”​ផ្សំនឹងផ្នត់ដើម[គំ-]។ យើង​សង្កេត​ឃើញ​មាន​ពាក្យ​ទាំង​អស់​សរុប​ចំនួន​៤​ដែលជាពាក្យកម្លាយតាមរយៈផ្នត់ដើម​​[គំ-] គឺ គំរេច គំរឹល គំរល និងគំរូ។ ពាក្យ “គំរេច” មានន័យជាប់​ទាក់​ទង​នឹង​ពាក្យ​“រេច”, ពាក្យ“គំរឹល” មានន័យជាប់ទាក់ទងនឹងពាក្យ“រឹល”, ពាក្យ“គំរល” មាន​ន័យ​ជាប់ទាក់ទងនឹងពាក្យ“រល”។ ចំណែក​ឯ​ពាក្យ​“គំរូ”នេះ ក៏​មាន​ន័យ​ជាប់​ទាក់​ទង​នឹង​ពាក្យ​ថា​“រូ”​នេះ​ដែរ​។ ផ្នត់[គំ-] នេះ​សម្រាប់ប្រើ​ធ្វើ​ឲ្យ​ពាក្យ​កម្លាយ​ក្លាយ​ជា​នាម ឬគុណនាមទៅ​តាម​បរិបទ​ដែល​បាន​លើក​ឧទាហរណ៍​​ក្នុង​ល្បះ​ខាង​លើ​មក​។ ប៉ុន្តែវចនានុក្រមដាក់ពាក្យ“គំរូ” ​នេះ​ត្រឹម​តែ​ជានាមប៉ុណ្ណោះ ទាំងវា​មាន​ថ្នាក់​​ពាក្យ​ជា​គុណនាម​ផងដែរ ដូច​ក្នុង​ករណី ផ្ទះគំរូ និងមនុស្សគំរូ។
យ៉ាងណាម៉ិញពាក្យនេះគេធ្លាប់ជួបតាំងពីសម័យមុនអង្គររួចម្ដងមកហើយនៅក្នុងសិលាចារឹក K.138 និង​K.​109 គឺ​ពាក្យ“កំរុ”។ នៅក្នុងសិសាចារឹកទាំងពីរនេះពាក្យ​“កំរុ”​ គឺជានរនាម​​(ឈ្មោះ​មនុស្ស) ដែល​នៅ​ក្នុង​វចនានុ​​ក្រម​ខ្មែ​របុរាណ​តាម​រយៈ​​សិលាចារឹកសម័យមុនអង្គរ សតវ​ត្ស​​ទី៦-៨ របស់បណ្ឌិតសាស្ដ្រាចារ្យ ឡុង សៀម ទំព័រទី១០​៣ ថាពាក្យ “កំរុ” នេះ​ចេញ​​ពីពាក្យ “រុ” មាន​ន័យថាដូច។
៣- សន្និដ្ឋាន
ស្ថិតនៅក្នុងសេចក្ដីសន្និដ្ឋាន ស្មេរអាចនិយាយបានថា ​“​គំរូ​ឬ​គម្រូ​” អាច​សរសេរ​ឲ្យ​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ​បាន​​​តែ​មួយ​បែប​គត់​គឺ ​“គំរូ”​ ព្រោះ​វា​មាន​ប្រភព​មក​ពី​ពាក្យ“រូ” ដូច​ហេតុផលដូចបានជម្រាបមកខាងលើ។ មិន​​ត្រឹម​តែ​ប៉ុណ្ណោះ​ ពាក្យ​នេះ​មានថ្នាក់​ពាក្យ​ចំនួន​ពីរ​ គឺ​ជានាម​ និង​គុណ​នាម។ ​ដោយ​ផ្អែក​លើ​ហេតុ​ផល​ដែល​​បាន​បង្ហាញ​មក​នេះ ស្មេរ​​សូម​ឲ្យ​មាន​ការ​បំពេញ​បន្ថែមលើ​កង្វះខាត​ដែល​បាន​កើត​មាន​នៅ​ក្នុង​វចនា​នុ​ក្រម​ និង​កែកំហុស​ដែល​មាន​នៅ​ក្នុង​សៀវ​​​ភៅ​​របស់​ក្រសួង​អប់​រំ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ឆ្នាំ១៩៨៦ ដើម្បី​​ឲ្យ​ភាសា​ខ្មែរ​ឈាន​ទៅ​រក​ការ​ឯក​ភាព​គ្នា​ក្នុង​ការ​​ប្រើ​ប្រាស់​អក្ខរាវិរុទ្ធឲ្យ​មាន​តែ​មួយ។
[1] សូមមើល ព្រុំ ម៉ល់,វេយ្យាករណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប,​ ២០០៦។

1 comment:

  1. In this fashion my friend Wesley Virgin's report begins with this shocking and controversial video.

    Wesley was in the army-and soon after leaving-he found hidden, "mind control" tactics that the government and others used to get anything they want.

    As it turns out, these are the same SECRETS lots of famous people (especially those who "became famous out of nowhere") and top business people used to become wealthy and famous.

    You've heard that you utilize only 10% of your brain.

    Mostly, that's because most of your brainpower is UNCONSCIOUS.

    Perhaps that thought has even occurred INSIDE OF YOUR own head... as it did in my good friend Wesley Virgin's head 7 years ago, while driving an unregistered, garbage bucket of a car with a suspended driver's license and on his banking card.

    "I'm absolutely fed up with living paycheck to paycheck! Why can't I become successful?"

    You took part in those types of conversations, right?

    Your success story is waiting to be written. You just need to take a leap of faith in YOURSELF.

    Take Action Now!

    ReplyDelete