ពាក្យខ្មែរដែលស្ទើរតែមិនជឿថាមានប្រភពមកពីបរទេស
មុននឹងនិយាយដល់រឿងនេះ ខ្ញុំសូមរំលឹកបន្ដិចថាភាសាខ្មែរសិ្ថតនៅក្នុងអម្បូរអូស្ដ្រូអាស៊ីនិងក្រុមមនខ្មែរឬខ្មែរមន ឯសំស្ក្រឹតឯណោះវិញស្ថិតនៅក្នុងអម្បូរឥណ្ឌូអឺរ៉ុប។ គេបែងចែកអម្បូរផ្សេងគ្នា ដោយសារតែភាសាទាំងនោះវាមានលក្ខណៈផ្សេងគ្នា។ ដូចគ្នាដែរ ការចាត់ភាសាឲ្យទៅក្នុងអម្បូរជាមួយគ្នា ក៏ដោយសារលក្ខណៈភាសានោះវាដូចគ្នាផងដែរ។ ភាសាមួយៗ តែងមានពាក្យជាធាតុសំខាន់មួយក្នុងភាសា ដែលទុនពាក្យសព្ទអាចមានប្រភពច្រើនយ៉ាង។ ទុនពាក្យសព្ទម្យ៉ាង គឺជាទុនដើមបំផុតនៃភាសាមួយនោះ ពោលគឺភាសានោះកើតឡើងដោយមានទុនពាក្យសព្ទដើមតែម្ដង។ ទុនពាក្យសព្ទម្យ៉ាងទៀត គឺបានមកពីពាក្យក្នុងភាសាដទៃ។ ភាសាណាក៏មិនល្អបរិសុទ្ធដែរ ដែលខ្ញុំនិយាយថាមិនស្អាតបរិសុទ្ធនេះ គឺដោយសារតែគ្មានភាសាណាដែលមានទុនតែពាក្យសព្ទដើមរបស់ភាសានោះដែរ។ មនុស្សជាអ្នកប្រើប្រាស់ភាសា។ មនុស្សមានទំនាក់ទំនងគ្នា ភាសាក៏មានការរងឬជះឥទ្ធិពលដែរ។ ដូច្នេះការទទួលយកទុនពាក្យសព្ទពីភាសាដ៏ទៃ មិនមែនជារឿងចម្លែកនោះទេ!
ភាសានីមួយៗតែងមានលក្ខណៈជាមូលដ្ឋានគ្រឹះរបស់ខ្លួន ដែលជាកត្តាមិននាំឲ្យច្រឡំនឹងភាសាដទៃ។ មូលដ្ឋានសទ្ទតា សូរ រូបសព្ទ ការបង្កើតពាក្យ និងប្រព័ន្ធវេយ្យាករណ៍ជាដើម ជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់ភាសា។ ការទទួលយកពាក្យពីបរទេស មិនមែនជាបញ្ហាធំដែលអាចប៉ះពាល់ដល់មូលដ្ឋានគ្រឹះភាសានោះឡើយ។ ដែលប៉ះពាល់ គឺប៉ះពាល់ត្រឹមតែកម្រិតពាក្យសព្ទ មិនប៉ះពាល់ដល់មូលដ្ឋានសទ្ទតា សូរ និងប្រព័ន្ធវេយ្យាករណ៍នោះឡើយ។ បែបនេះហើយ ទើបយើងឃើញថា ពេលដែលយើងទទួលពាក្យសព្ទពីបរទេស យើងមិនដែលគោរពតាមសូររបស់គេនោះទេដូចជា កាហ្វេ មនុស្សខ្មែរនិយមអានជា កាផែ ឬកាខ្វេ នេះក៏ដោយសារតែខ្មែរគ្មានសទ្ទតា ហ្វ [f ]។ ម្យ៉ាងទៀត យើងក៏មិនដែលខ្ចីពាក្យដោយជាមួយនូវប្រព័ន្ធវេយ្យាករណ៍ធំដុំពីភាសាដទៃដែរ។ យើងមិនដែលខ្ចីពាក្យមកបំបែកវិភត្តិ កាល វចនៈ… ឲ្យដូចនឹងភាសាបាលី សំស្ក្រឹត បារាំង អង់គ្លេសនោះដែរ។ ប្រការដែលមិនយល់ពីមូលដ្ឋានរបស់ភាសានីមួយៗ ហើយបង្ខំឲ្យភាសាខ្មែរគោរពតាមក្បួនភាសាដទៃមួយទៀត ដោយគ្រាន់ខ្មែរតែការទទួលយកនូវពាក្យមកទុកក្នុងឃ្លាំងពាក្យសព្ទខ្មែរនោះ ជាប្រការមិនសមរម្យឡើយ។ ប្រការនេះអាចហៅថា កាត់ក្បាលតម្រូវមួក!
ដោយសារតែភាសាមានលក្ខណៈមូលដ្ឋានផ្សេងគ្នានេះហើយ ទើបភាគច្រើនពាក្យដែលខ្មែរប្រើមានប្រភពពីបរទេស យើងប្រើដោយមិនបានដឹងឬចាប់អារម្មណ៍ពីប្រភពរបស់វាទេ លុះត្រាតែអ្នកធ្លាប់រៀនសូត្រពីរឿងនេះឬដោយការមើលវចនានុក្រម។ ដោយហេតុថាពាក្យបរទេសនោះ លុះតែប្រើយូរទៅៗ ក៏មានលក្ខណៈសូរជាខ្មែរ មានន័យប្រែប្រួលទៅតាមសង្គមខ្មែរ និងប្រើតាមតែរបៀបនៃវេយ្យាករណ៍ខ្មែរ។ រឿងនេះមិនមែនជារឿងសំខាន់ដែលខ្ញុំនឹងយកមកនិយាយពេលនេះឡើយ! រឿងដែលសំខាន់ គឺខ្ញុំនឹងបង្ហាញនូវពាក្យដែលមានប្រភពមកពីបរទេស ដែលយើងស្ទើរតែមិនជឿថាឬមិនដែលនឹកថាមានប្រភពមកពីជាពាក្យមកពីបរទេសសោះឡើយ ឯក្នុងវចនានុក្រមខ្មែរក៏ពុំបានបញ្ជាក់ប្រភពពាក្យនោះទៀត។ ពាក្យទាំងនោះមានដូចខាងក្រោម៖
ក- កន្ថោរ
នៅក្នុងវចនានុក្រមខ្មែរបញ្ជាក់យ៉ាងដូច្នេះថា កន្ថោរ ន. ប្រដាប់សម្រាប់ស្ដោះទឹកមាត់ ។ ពាក្យនេះមួយមានរឿងវែងឆ្ងាយណាស់! រឿងមួយក្នុងវប្បធម៌ខ្មែរទាក់ទងនឹងកន្ថោរសូមអាន៖
បើនិយាយពីប្រភពនៃពាក្យនេះ គឺមកពីសំស្ក្រឹតថា កដោរ (कटोर kaṭora) មានន័យថា ភាជន៍ជាចានឬពែងម្យ៉ាង[1]។ បើភាសាហីណ្ឌីរាល់ថ្ងៃ កដោរា (कटोरा kaṭorā) ប្រែថាចានធំ។ តាមរយៈសិលាចារឹកខ្មែរជាច្រើន បានបញ្ជាក់ឲ្យឃើញពីវត្តមានពាក្យ កន្ថោរ នេះក្នុងអក្ខរាវិរុទ្ធជា កថោរ ប៉ុន្ដែយើងមិនអាចកំណត់ពីរូបរាងនិងវត្ថុបំណងនៃការប្រើប្រាស់នេះច្បាស់លាស់ទេ។ លោកអ្នកអាចតំណភ្ជាប់ខាងលើ ដើម្បីបញ្ជាក់ឲ្យច្បាស់ពីរឿងកន្ថោរក្នុងវប្បធម៌ខ្មែរដែលផ្សេងគ្នាពីកន្ថោរក្នុងវប្បធម៌ចិន។
ពាក្យ កថោរ ក្នុងខ្មែរបុរាណ ត្រូវបានសៀមយកទៅប្រើជា៖ กะโถน និង กระโถน ដែលហៅសំដៅកន្ថោរ កន្ថោរស្ដោះជាដើម។ ពាក្យនេះហើយ ដែលអ្នកស្រុកនៅប៉ែកពាយ័ព្យប្រទេសខ្មែរយើងនិយាយថា ក្រធុនឬ កាធុន [2] សំដៅដល់វត្ថុធ្វើពីលោហៈរាងមូលមានសណ្ឋានរាក់ឬជ្រៅប្រើក្នុងបំណងផ្សេងៗដូចជាដាក់ទឹកនិងបោកសម្លៀកបំពាក់ជាដើម។ ពាក្យនេះហើយដែលក្រោយមកទំនងជាក្លាយមកជាពាក្យ កាធុង(ជាសម្ដីអ្នកស្រុកប៉ែកពាយ័ព្យ) និងក្លាយខ្លីជា ធុង(?)។
ខ- អង្គាដី
អង្គាដី ជារុក្ខជាតិមួយប្រភេទដែលគេនិយមយកត្រួយនិងផ្កាស្លសម្លផ្សេងៗ។ បើនឹងនិយាយរឿងអង្គាដី គេអាចនឹកឃើញដល់មុខម្ហូបឬក៏សក់រួញអង្គាដី។ បើនិយាយដល់នេះ អ្នកស្រុកខ្ញុំនិយាយតែអង្គាសដី។ ពាក្យនេះមានប្រភពមកពីសំស្ក្រឹតថា អគស្ដិ (अगस्ति) គឺប្រែថាដើមអង្គាដីនេះឯង។ និយាយលេងចុះថា អ្នកស្រុកខ្ញុំនិយាយបុរាណជាងអ្នកនិយាយថា អង្គាដី ដ្បិតថាខ្មែរបុរាណក៏មានចារឹកពាក្យនេះនៅក្នុងសិលាចារឹកផងដែរ គឺសិលាចារឹក K.38 ចារឹកថា ស្រេតេំអគស្ដិ ប្រែថាស្រែ(នៅឯ)ដើមអង្គាដី។
គ- ខ្ទះ
ខ្ទះ គឺជាពាក្យសាមញ្ញបំផុតដែលអ្នកផងទាំងពួងតែងស្គាល់។ ពាក្យនេះមានប្រភពមកពីសំស្ក្រឹតថាគដាហ (गटाह gaṭāha) ឯខ្មែរបុរាណសរសេរជា គទាហ (K.713B, K.420) កដាហ (K.958, K.542) និងកទាហ (K.415) ។ បើនឹងប្រាប់ថា កទាហ ក្លាយមកជា ខ្ទះ លោកអ្នកទំនងជាមិនជឿខ្ញុំនោះទេ! តែបើលោកអ្នកចាប់អារម្មណ៍នឹងភាសាខ្មែរបន្ដិច លោកអ្នកនឹងមិនសង្ស័យអ្វីឡើយ។ ខ្ញុំសូមបង្ហាញពាក្យមួយចំនួនដូចជា៖ ភ្ញាក់ ធាក់ ទាក់…! លោកអ្នកប្រហែលជាយល់ហើយថា ហេតុអ្វី កទាហ ក្លាយមកជា ខ្ទះ។ ខ្ញុំសូមមិនពន្យល់តាមបាតុភូតសូរនិងការប្រែប្រួលសូរក្នុងប្រវត្តិភាសាខ្មែរឡើយ ដោយសារខ្ញុំនៅស្ទើររឿងនេះផងនិងមិនចង់ឲ្យក្លាយជាប្រការវែងឆ្ងាយឡើយ។
ឃ- សំប៉ាន
អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនៅសំប៉ាន!
តាមវចនានុក្រមខ្មែរពន្យល់ថា៖
ទូកអុំមួយប្រភេទ តដោយក្ដារ ៥ សន្លឹកខាងក្បាលនិងកន្សៃរាង-ង ។ ទូកអុំមួយប្រភេទទៀត មាឌជាទូកផ្កាចារ ប៉ុន្តែលើកក្ដារប៉ះថែមឡើងទៀត ក៏ហៅ សំប៉ាន ដែរ។ (វចនានុក្រមខ្មែរ)
ខ្ញុំបានប្រទះប្រភពពាក្យនេះដោយចៃដន្យថាជាពាក្យមានប្រភពមកពីភាសាចិន។ ពាក្យចិនកុកងឺថា舢舨 (pinyin: shānbǎn) គឺជាប្រភេទទូកចិនមួយប្រភេទដែលមានបាតរាប ហើយសំប៉ានខ្លះរាប់បញ្ជូលទាំងកូនទូកដែលនៅជាប់នឹងនាវា។ សំប៉ានខ្លះប្រើជាលំនៅអចិន្ត្រៃយ៍នៅលើទឹកផងដែរ[3]។ ពាក្យនេះមានប្រភពដើមមកពីភាសាចិនហុកកៀនថា三板 (sam pan) មានន័យតាមជាតិសព្ទថា “ក្ដាបីបន្ទះ”។ សំប៉ាននេះនៅតែមានប្រើនៅតំបន់ដាច់ស្រយាលនៅក្នុងដែលដីអាស៊ីអាគ្នេយ៍ ជាពិសេសនៅម៉ាឡេស៊ី ឥណ្ឌូណេស៊ី បង់ក្លាដេស ភូមា និងវៀតណាម។ ទីនេះខ្ញុំនិយាយតែពីប្រភពពាក្យ មិននិយាយពីប្រភពកំណើតរបស់វត្ថុនេះឡើយ។ព៌ត័មានក្បោះក្បាយជានេះសូមអាន៖https://en.wikipedia.org/?title=Sampan។
សូមលោកអ្នកជាអ្នកឈ្លាសខាងនេះ សូមមេត្តាជួយណែនាំដោយក្ដីអនុគ្រោះ លើសេចក្ដីលើសលោះឬខ្វះចន្លោះលើអត្ថបទនេះផងចុះ។
[1] សូមមើល : http://spokensanskrit.de/index.php?tinput=kaTora&direction=SE&script=HK&link=yes&beginning=0
[2] ដោយសារគ្មានសំណេរក្នុងវចនានុក្រម ខ្ញុំសូមសរសេរទៅតាមសំណូរដែលអ្នកស្រុកប៉ែកខាងនោះនិយាយភាគច្រើន។
ចម្លងការផ្សាយពី សាស្ត្រាចារ្យ ហ៊ុន ឈុនតេង
https://hunchhunteng.wordpress.com/2015/06/19/etymology-1/
https://hunchhunteng.wordpress.com/2015/06/19/etymology-1/
You should see how my partner Wesley Virgin's biography begins in this SHOCKING AND CONTROVERSIAL VIDEO.
ReplyDeleteWesley was in the military-and soon after leaving-he revealed hidden, "mind control" tactics that the CIA and others used to get whatever they want.
These are the EXACT same secrets tons of celebrities (notably those who "became famous out of nowhere") and the greatest business people used to become wealthy and successful.
You've heard that you utilize only 10% of your brain.
Really, that's because the majority of your brainpower is UNCONSCIOUS.
Maybe that expression has even taken place INSIDE OF YOUR very own head... as it did in my good friend Wesley Virgin's head 7 years ago, while driving a non-registered, trash bucket of a car with a suspended driver's license and on his bank card.
"I'm absolutely fed up with going through life paycheck to paycheck! When will I become successful?"
You've taken part in those types of thoughts, ain't it so?
Your success story is waiting to be written. All you have to do is in YOURSELF.
Watch Wesley Virgin's Video Now!