រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃទី១៩ មីនា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០០៨-២០០៩ និងលើកទិសដៅឆ្នាំសិក្សាឆ្នាំ២០០៩-២០១០ នៅវិទ្យាស្ថានជាតិអប់រំ ឱ្យបន្ដជំរុញការប្រឡងប្រជែងលើកិច្ចការស្រាវជ្រាវ និងកិច្ចការតែងនិពន្ធលើគ្រប់មុខវិជ្ជា។ ជាមួយនេះត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់លើអត្ថបទសិក្សាស្រាវជ្រាវ កាសែត ទស្សនាវដ្ដី គេហទំព័រ ស្លាកសញ្ញានានានៅតាមទីសាធារណៈ ឱ្យរក្សាបាននូវទម្រង់ និងក្បួនខ្នាតអក្សរសាស្ដ្រ និងភាសាជាតិខ្មែរដូចបានរៀបចំនៅក្នុងវចនានុក្រមខ្មែរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានឱ្យគណៈកម្មាធិការជាតិភាសាខ្មែរផ្ដោតការយកចិត្ដទុកដាក់ទៅលើភារកិច្ចកំណត់ឯកភាពនៃភាសាខ្មែរក្នុងការអាន ការបង្កើតពាក្យការឱ្យនិយមន័យ ក៏ដូចជាការសរសេរអក្ខរាវិរុទ្ធដែលបច្ចុប្បន្ននេះមានមួយចំនួនមិនទាន់មានការឯកភាពគ្នានៅឡើយ។ សម្ដេចតេជានាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា បើប្រៀបធៀបទៅនឹង២០ឆ្នាំមុន គឺមានការស្រួលបន្ដិច។ ឥឡូវនេះ ក្រុមសម្ដេច ជួន ណាត កំពុងមានកម្លាំងខ្លាំងលើសលប់ហើយ។ ក្រុមទំនាញសូររបស់លោក កេង វ៉ាន់សាក់ បានធាក់ថយហើយ…។ ពិបាកណាស់ មហាពិបាក ខុសគ្នារឿងអក្សរ កាលសម័យដើមទាស់គ្នាពីរឿងអក្សរនេះ។ ម្ខាងគឺខាងសម្ដេចព្រះសង្ឃរាជ ជួន ណាត ឯម្ខាងទៀត គឺក្រុមទំនាញសូររបស់លោក កេង វ៉ាន់សាក់។ក្រោយឆ្នាំ១៩៧៩ នៅពេលបើកកិច្ចប្រជុំសភាម្ដងៗមានការជជែកយ៉ាងខ្លាំងអំពីរឿងភាសានេះ ក្រុមទំនាញសូរមួយក្រុមទៅ ឯខាងក្រុមម្ខាងទៀត ក៏ទិតៀនទៅ ឧទាហរណ៍ៈ ដូចពាក្យ “ សំណើ” =គេសរសេរ “ សំណើ” ។ ប៉ុន្ដែទំនាញសូររបស់លោកតា កេង វ៉ាន់សាក់ ពាក្យ “ ណើ” នោះសរសេរនឹង “ន” ទេ (សំនើ)។
ទោះជាយ៉ាងនេះក្ដី សម្ដេចតេជោនាយករដ្ឋមន្ដ្រីបញ្ជាក់ថា កាលណោះ ខ្ញុំម៉ឺងម៉ាត់ណាស់ តាំងពីឆ្នាំ១៩៨៥ ពេលខ្ញុំធ្វើនាយករដ្ឋមន្ដ្រី ខ្ញុំកំណត់ច្បាស់ថា អ្នកណាធ្វើលិខិត ឬបញ្ជូនរបាយការណ៍អ្វីៗ សរសេរ តាមទំនាញសូរ ខ្ញុំអត់ចុះហត្ថលេខា ត្រូវយកទៅកែដែលកាលជំនាន់នោះមិនមែនជំនាន់ កុំព្យូទ័រឯណា ជំនាន់អង្គុលីលេខយកទៅវាយកែវិញទៅ។ បើប្រៀបធៀបនឹងជាង២០ឆ្នាំមុនការលំបាកមានការថយចុះហើយ។ ឥឡូវល្អហើយអត្ថបទច្បាប់មួយ ឬអនុក្រឹត្យមួយមានសន្ទានុក្រមភ្ជាប់ទៅជាមួយដើម្បីបកស្រាយ។ ទាក់ទិននឹងបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបញ្ជាក់ថា ព្រោះមានភាសាខ្លះយើងអត់ទាន់មានផង។ នេះគឺជាចំណុចមួយដែលត្រូវបន្ដយកចិត្ដទុកដាក់ យើងត្រូវយល់ហើយឯកភាពគ្នាក្នុងការប្រើប្រាស់។ សម្ដេចបានលើកមកបញ្ជាក់ខ្លះៗថា គ្រាន់តែភាសាខ្មែរមួយក៏មានរបៀបសរសេរខុសគ្នាដែរ។
ឥឡូវយើងបានឯកភាពគ្នាត្រឹមត្រូវហើយតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។ លោក អ៊ឹម សិទ្ធី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា អង្គសន្និបាតបានពិនិត្យផ្ដល់យោបល់លើរបាយការណ៍បូកសរុប និងទិសដៅការងារព្រមទាំងបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៨ នឹងបានឯកភាពលើរបាយការណ៍បូកសរុបវាយតម្លៃ និងទិសដៅ។ ការពិភាក្សាលើប្រធានបទនីមួយៗបានវាយតម្លៃពីការរីកចម្រើនកំណត់បញ្ហាប្រឈមដែលត្រូវដោះស្រាយ និងលើកវិធានការ និងអនុសាសន៍ជាអាទិភាពសម្រាប់អនុវត្ដនាពេលខាងមុខមានៈ
1. ការចូលរៀន និងអត្រាបញ្ចប់ការសិក្សាដើម្បីសម្រេចការអប់រំសម្រាប់ទាំងអស់គ្នាៈ បង្កើនការចូលរៀនកុមារអាយុ៣-៥ឆ្នាំ នៅថ្នាក់មត្តេយ្យសិក្សា ជាពិសេសកុមារអាយុ៥ឆ្នាំ, បង្កើនការចុះឈ្មោះចូលរៀន កុមារអាយុ៦ឆ្នាំ នៅថ្នាក់ទី១ និងធានានិរន្ដរភាពការសិក្សានៅបឋមសិក្សា, បង្កើនអត្រាបញ្ចប់ការសិក្សានៅបឋមសិក្សា។
2. ការគ្រប់គ្រង និងការធ្វើសនិទានកម្ម បុគ្គលិកអប់រំតម្រូវការនិងការផ្គត់ផ្គង់គ្រូបង្រៀនៈ កែលំអគុណភាពគ្រប់គ្រង និងធ្វើសនិទានកម្មបុគ្គលិកអប់រំ។ ដោះស្រាយតម្រូវការគ្រូបង្រៀន និងពង្រឹងគុណភាពវិជ្ជា ជីវៈគ្រូបង្រៀន។
3. ការអនុវត្ដន៍កម្មវិធីសមមូល និងអភិវឌ្ឍន៍មជ្ឈមណ្ឌលសិក្សាសហគមន៍ៈ ធានាសមធម៌នៃការចូលរៀនតាមកម្មវិធីសមមូល, ធានានិរន្ដរភាពនៃដំណើរការមជ្ឈមណ្ឌលសិក្សាសហគមន៍។
4. ការចូលរៀននៅឧត្ដមសិក្សាៈ ធានាសមធម៌នៃការចូលរៀននៅឧត្ដមសិក្សា, ធានាគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលនៅឧត្ដមសិក្សា។
5. ការងារយុវជន និងការងារអប់រំកាយ និងកីឡាៈ អភិវឌ្ឍន៍គោលនយោបាយជាតិយុវជនកម្ពុជា, ជំរុញចលនាប្រឡងប្រណាំង៣ល្អ (កូនល្អ សិស្សល្អ មិត្ដល្អ), ពង្រឹងក្រុមប្រឹក្សាយុវជន-កុមារ និងសមាគមនិស្សិត, អភិវឌ្ឍន៍មជ្ឈមណ្ឌលយុវជនជាតិ និងមជ្ឈមណ្ឌលយុវជនរាជធានី-ខេត្ដ, អភិវឌ្ឍន៍គោលនយោបាយជាតិកីឡា, ពង្រឹងគុណភាព និងប្រសិទ្ធភាពសកម្មភាពអប់រំកាយ និងកីឡា។
6. អនុវត្ដកម្មវិធីសិក្សាថ្មី និងផ្គត់ផ្គង់សៀវភៅសិក្សាគោលៈ អនុវត្ដកម្មវិធីសិក្សាថ្មីនៅមធ្យមសិក្សាទុតិយភូមិដោយផ្សារភ្ជាប់ទៅនឹងការតម្រង់ទិសវិជ្ជាជីវៈ, ពង្រឹងគុណភាពអប់រំនៅមធ្យមសិក្សាទុតិយភូមិ, ផ្គត់ផ្គង់សៀវភៅសិក្សាគោលទៅដល់សាលារៀនឱ្យទាន់ពេលវេលា និងគ្រប់គ្រាន់។
7. ការកសាងសមត្ថភាពមន្ដ្រីគ្រប់គ្រងអប់រំៈ អនុវត្ដវិមជ្ឈការការងារស្ថិតិ និងផែនការអប់រំ, ពង្រឹងសមត្ថភាពមន្ដ្រីគ្រប់គ្រងសម្រាប់ឆ្លើយតបទៅនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ។
8. ការងារកំណែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈក្នុងវិស័យអប់រំៈ ពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ, អនុវត្ដយន្ដការគ្រប់គ្រងហិរញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យា, ពង្រឹងភាពជឿទុកចិត្ដលើថវិកា។
ទាំងអស់នេះ គឺជារបាយការណ៍សង្ខេបស្ដីពីលទ្ធផលសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និងកីឡា។ លោករដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា បញ្ជាក់ថា លទ្ធផលវិជ្ជមានដែលក្រសួងសម្រេចបាននេះ គឺអាស្រ័យដោយមគ្គុទេសក៍ភាពដ៏ឆ្នើមនៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលផ្ដល់ឱកាសឱ្យក្រសួងបានទទួលកិច្ចសហប្រតិបត្ដិការល្អពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធជាពិសេសកិច្ចគាំទ្រដ៏មានប្រសិទ្ធភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិ។
ដោយ៖ កោះឯករាជ្យ
ថ្ងៃច័ន្ទ ទី២២ ខែមីនា ឆ្នាំ២០១០
ស្រង់ចេញពីគេហទំព័រសារព័ត៌មាន កោះសន្តិភាព
ថ្ងៃច័ន្ទ ទី២២ ខែមីនា ឆ្នាំ២០១០
ស្រង់ចេញពីគេហទំព័រសារព័ត៌មាន កោះសន្តិភាព
No comments:
Post a Comment