ថ្ងៃទី១១ មីនា ១៨៨៣ ជាថ្ងៃប្រសូតរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ដែលត្រូវនឹងនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស. ២៤២៧ ។ |
វចនាធិប្បាយប៉ាកកាខ្មែរ
ឈ្វេងយល់បរិបទរបស់ភាសាជាតិ
Thursday, 10 March 2016
ទិវាជាតិអំណាន នៃព្រះរាជាណាចក្រកម្ពុជា ១១ មីនា ២០១៦
Wednesday, 2 September 2015
ពុម្ពអក្សរខ្មែរ khmer compaq font by Lek Chumnor
ជម្រាបសួរប្រិយមិត្តអ្នកស្នេហាអក្សរសាស្ត្រជាតិ និងអ្នកចូលចិត្តពុម្ពអក្សរប្លែកៗ
ថ្ងៃនេះប៉ាកកាខ្មែរមានពុម្ពថ្មី ជូនប្រិយមិត្ត។
ចំពោះអ្នកប្រើប្រាស់ទូទៅ អាចយកទៅប្រើបានដោយសេរី រីឯអ្នកដែលមានបំណងធ្វើអាជីវកម្ម សូមសរសេរមកយើងខ្ញុំ តាមរយៈអ៊ីម៉ែល៖ khmerpenfonts@gmail.com ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ស្របច្បាប់។ សូមអរគុណ !
ចុចត្រង់នេះទាញយកពុម្ព
ថ្ងៃនេះប៉ាកកាខ្មែរមានពុម្ពថ្មី ជូនប្រិយមិត្ត។
ចំពោះអ្នកប្រើប្រាស់ទូទៅ អាចយកទៅប្រើបានដោយសេរី រីឯអ្នកដែលមានបំណងធ្វើអាជីវកម្ម សូមសរសេរមកយើងខ្ញុំ តាមរយៈអ៊ីម៉ែល៖ khmerpenfonts@gmail.com ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ស្របច្បាប់។ សូមអរគុណ !
ចុចត្រង់នេះទាញយកពុម្ព
Sunday, 21 June 2015
គំរូ ឬ គម្រូ?
គំរូ ឬ គម្រូ?
ដោយ : ហ៊ុន ឈុនតេង
អត្ថបទនេះ ខ្ញុំបានសរសេរតាំងពីខ្ញុំនៅសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ដ្រខ្មែរឆ្នាំទី៣មកម្ល៉េះនិងធ្លាប់បានចុះផ្សាយក្នុងទស្សនាវដ្ដីចំណេះដឹងសាកលផង។ ទីនេះ ខ្ញុំសូមយកអត្ថបទនោះមកបង្ហាញដោយពុំមានការកែសម្រួលឲ្យបានល្អត្រឹមត្រូវនោះឡើយ។
១- បញ្ហាស្តីពីពាក្យ“គំរូឬគម្រូ”
តាមរយៈការពិនិត្យលើឯកសារមួយចំនួនដែលបានបោះពុម្ពផ្សាយកន្លងមក ស្មេរឃើញថាមានបញ្ហាមួយបានចោទឡើងចំពោះការសរសេរអក្ខរាវិរុទ្ធពាក្យ“គំរូឬគម្រូ”។ ដោយសារស្មេរសង្កេតឃើញនូវបញ្ហានេះ ស្មេរក៏សាកល្បងស្រាវជ្រាវនិងពិចារណាលើបញ្ហានៃអក្ខរាវិរុទ្ធរបស់ពាក្យនេះ ថាតើមួយណាត្រឹមត្រូវជាង ដោយផ្អែកលើហេតុផលតាមបែបភាសាវិទ្យា។
មានឯកសារសំខាន់ៗពីរដែលជាហេតុនាំឲ្យឯកសារនានាសរសេរអក្ខរាវិរុទ្ធនៃពាក្យនេះបានពីរយ៉ាងគឺ៖
-វចនានុក្រមខ្មែរ, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ទំព័រទី១៤៧, ពន្យល់ថា ៖
គំរូ ន. បែប, សំណាក, តួយ៉ាង, ផែនទី : គំរូស្ពានបេតុង, គំរូផ្ទះឈើ …។
-ក្រសួងអប់រំ, សៀវភៅវេយ្យាករណ៍ថ្នាក់ទី៨, ទំព័រ១៧, ឆ្នាំ១៩៨៦
គំរូ < គ្រូ+ [-អ៊’ម-]
យើងឃើញថានៅក្នុងវចនានុក្រមខ្មែរបានពន្យល់ពីន័យរបស់ពាក្យថា“គំរូ” ដូចដែលបានបង្ហាញខាងលើស្រាប់ តែពុំបានលើកហេតុផលពន្យល់ពីប្រភពពាក្យនេះឡើយ។ ចំណែកឯសៀវភៅវេយ្យាករណ៍ថ្នាក់ទី៨របស់ក្រសួងអប់រំវិញបានបង្ហាញពីកំណើតពាក្យ“គំរូ” ថាចេញពីពាក្យថា“គ្រូ” តែមិនបានពន្យល់ន័យទេ។
តើពាក្យ“គំរូឬគម្រូ”ដែលពាក្យត្រឹមត្រូវតាមហេតុផលវិទ្យាសាស្ដ្រ? តើពាក្យនេះពិតជាមានប្រភពពាក្យពីពាក្យ“គ្រូ”ឬ? តើពាក្យនេះអាចមានប្រភពចេញមកពីពាក្យផ្សេងដែរឬទេ?
២- បំណកស្រាយស្តីពីពាក្យ “គំរូឬគម្រូ”
ក្រសួងអប់រំបានពន្យល់ថាពាក្យនេះចេញពីពាក្យ គ្រូ + [-អ៊’ម-] > គំរូ។ ប៉ុន្តែយើងសង្កេតឃើញថាពាក្យ“គំរូ” នេះគ្មានន័យជាប់ទាក់ទងនឹងពាក្យថា“គ្រូ”នេះឡើយ។ សូមពិនិត្យលើឧទាហរណ៍ខាងក្រោម៖
ឧ១. ចូរអ្នកឆ្លាក់រូបព្រះពុទ្ធ១អង្គ ដែលមានរូបថតមួយសន្លឹកនេះជាគំរូ។
នៅក្នុងល្បះនេះ ពាក្យ“គំរូ”វាគ្មានន័យអ្វីទាក់ទងនឹងពាក្យថា“គ្រូ”ឡើយ។ ល្បះនេះអាចមានន័យថា “ចូរអ្នកឆ្លាក់រូបព្រះពុទ្ធ១អង្គ ដែលមានរូបថតមួយសន្លឹកនេះជាបែបផែន, ឬតួយ៉ាង(មានន័យថារបស់ដែលដូចនឹងរបស់ដើម ហើយព្រះដែលគេឆ្លាក់នោះគឺត្រូវតែដូចនឹងរូបថតដែលគេឲ្យនោះ)”។
ឧ២. លោកគ្រូ ជាគំរូរបស់ខ្ញុំ។
ចំណែកនៅក្នុងល្បះនេះក៏នៅតែមានន័យថា“លោកគ្រូ ជាបែបផែន, តួយ៉ាង(នៅក្នុងសង្គមខ្មែរយើងចាត់ទុកគ្រូជាអ្នករៀនបានខ្ពង់ខ្ពស់ ដឹងខុសត្រូវ មានចរិតលក្ខណៈល្អ ទើបសិស្សចង់ធ្វើដូចគាត់)របស់ខ្ញុំ” គឺមិនមែនមានន័យថា “លោកគ្រូ ដែលជាគ្រូរបស់ខ្ញុំ”នោះទេ។ បើពិនិត្យលើផ្នក់ជែក[-អ៊’ម-] បញ្ជាក់ពីន័យជាកិរិយាហេតុ ឬន័យសម្គាល់លទ្ធផល/អំពើ[1] ដែលមិនបញ្ជាក់ពីន័យជាសភាព ឬបែបបទរបស់នាម ឬគុណនាមនោះទេ។
តាមទស្សនៈរបស់ស្មេរផ្ទាល់ពាក្យថា“គំរូ”នេះ មានប្រភពចេញមកពីពាក្យ“រូ”ដែលជាពាក្យខ្មែរបុរាណច្រើនជួបប្រទះក្នុងរឿងរាមកេរ្តិ៍មានន័យថា“ដូច”។ ហេតុដែលខ្ញុំហ៊ានអះអាងបែបនេះ គឺសំអាងលើន័យរបស់ពាក្យ“គំរូ”នេះទាក់ទងនឹង ពាក្យថា“ដូច”ច្រើនជាងពាក្យ“គ្រូ”។ សូមពិនិត្យឧទាហរណ៍ខាងក្រោម៖
ឧ៣. ផ្ទះនេះយកគំរូតាមផ្ទះនៅម៉ាឡេស៊ី។
យើងពិនិត្យឃើញថាពាក្យ“គំរូ” មានថ្នាក់ពាក្យជានាម និងជាកម្មបទផ្ទាល់របស់ពាក្យផ្ទះ មិនមែនមានថ្នាក់ពាក្យជាកិរិយាហេតុនោះទេ។ ក្នុងល្បះនេះមានន័យថា ផ្ទះនេះយកលក្ខណៈដែលមានដូចផ្ទះនៅម៉ាឡេស៊ី។
ឧ៤. នេះជាផ្ទះគំរូរបស់ខ្មែរ។
ក្នុងល្បះនេះពាក្យគំរូដើរតួជាគុណនាមបញ្ជាក់ន័យឲ្យនាម“ផ្ទះ” ដែលមានន័យថាផ្ទះនេះជាផ្ទះដែលមានដូចៗគ្នានឹងផ្ទះរបស់ខ្មែរផ្សេងទៀត។
តាមរយៈឧទាហរណ៍ពីរខាងលើ យើងឃើញថាពាក្យថា“គំរូ” នេះមានន័យជាប់ទាក់ទងនឹងពាក្យ“រូ”ជាងពាក្យ“គ្រូ”។ ពាក្យ“គំរូ”នេះមានប្រភពមកពីពាក្យ“រូ”ផ្សំនឹងផ្នត់ដើម[គំ-]។ យើងសង្កេតឃើញមានពាក្យទាំងអស់សរុបចំនួន៤ដែលជាពាក្យកម្លាយតាមរយៈផ្នត់ដើម[គំ-] គឺ គំរេច គំរឹល គំរល និងគំរូ។ ពាក្យ “គំរេច” មានន័យជាប់ទាក់ទងនឹងពាក្យ“រេច”, ពាក្យ“គំរឹល” មានន័យជាប់ទាក់ទងនឹងពាក្យ“រឹល”, ពាក្យ“គំរល” មានន័យជាប់ទាក់ទងនឹងពាក្យ“រល”។ ចំណែកឯពាក្យ“គំរូ”នេះ ក៏មានន័យជាប់ទាក់ទងនឹងពាក្យថា“រូ”នេះដែរ។ ផ្នត់[គំ-] នេះសម្រាប់ប្រើធ្វើឲ្យពាក្យកម្លាយក្លាយជានាម ឬគុណនាមទៅតាមបរិបទដែលបានលើកឧទាហរណ៍ក្នុងល្បះខាងលើមក។ ប៉ុន្តែវចនានុក្រមដាក់ពាក្យ“គំរូ” នេះត្រឹមតែជានាមប៉ុណ្ណោះ ទាំងវាមានថ្នាក់ពាក្យជាគុណនាមផងដែរ ដូចក្នុងករណី ផ្ទះគំរូ និងមនុស្សគំរូ។
យ៉ាងណាម៉ិញពាក្យនេះគេធ្លាប់ជួបតាំងពីសម័យមុនអង្គររួចម្ដងមកហើយនៅក្នុងសិលាចារឹក K.138 និងK.109 គឺពាក្យ“កំរុ”។ នៅក្នុងសិសាចារឹកទាំងពីរនេះពាក្យ“កំរុ” គឺជានរនាម(ឈ្មោះមនុស្ស) ដែលនៅក្នុងវចនានុក្រមខ្មែរបុរាណតាមរយៈសិលាចារឹកសម័យមុនអង្គរ សតវត្សទី៦-៨ របស់បណ្ឌិតសាស្ដ្រាចារ្យ ឡុង សៀម ទំព័រទី១០៣ ថាពាក្យ “កំរុ” នេះចេញពីពាក្យ “រុ” មានន័យថាដូច។
៣- សន្និដ្ឋាន
ស្ថិតនៅក្នុងសេចក្ដីសន្និដ្ឋាន ស្មេរអាចនិយាយបានថា “គំរូឬគម្រូ” អាចសរសេរឲ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធបានតែមួយបែបគត់គឺ “គំរូ” ព្រោះវាមានប្រភពមកពីពាក្យ“រូ” ដូចហេតុផលដូចបានជម្រាបមកខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ ពាក្យនេះមានថ្នាក់ពាក្យចំនួនពីរ គឺជានាម និងគុណនាម។ ដោយផ្អែកលើហេតុផលដែលបានបង្ហាញមកនេះ ស្មេរសូមឲ្យមានការបំពេញបន្ថែមលើកង្វះខាតដែលបានកើតមាននៅក្នុងវចនានុក្រម និងកែកំហុសដែលមាននៅក្នុងសៀវភៅរបស់ក្រសួងអប់រំដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៨៦ ដើម្បីឲ្យភាសាខ្មែរឈានទៅរកការឯកភាពគ្នាក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធឲ្យមានតែមួយ។
[1] សូមមើល ព្រុំ ម៉ល់,វេយ្យាករណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប, ២០០៦។
Friday, 19 June 2015
ប្រភពពាក្យកន្ថោរ អង្គាដី ខ្ទះ និងសំប៉ាន
ពាក្យខ្មែរដែលស្ទើរតែមិនជឿថាមានប្រភពមកពីបរទេស
មុននឹងនិយាយដល់រឿងនេះ ខ្ញុំសូមរំលឹកបន្ដិចថាភាសាខ្មែរសិ្ថតនៅក្នុងអម្បូរអូស្ដ្រូអាស៊ីនិងក្រុមមនខ្មែរឬខ្មែរមន ឯសំស្ក្រឹតឯណោះវិញស្ថិតនៅក្នុងអម្បូរឥណ្ឌូអឺរ៉ុប។ គេបែងចែកអម្បូរផ្សេងគ្នា ដោយសារតែភាសាទាំងនោះវាមានលក្ខណៈផ្សេងគ្នា។ ដូចគ្នាដែរ ការចាត់ភាសាឲ្យទៅក្នុងអម្បូរជាមួយគ្នា ក៏ដោយសារលក្ខណៈភាសានោះវាដូចគ្នាផងដែរ។ ភាសាមួយៗ តែងមានពាក្យជាធាតុសំខាន់មួយក្នុងភាសា ដែលទុនពាក្យសព្ទអាចមានប្រភពច្រើនយ៉ាង។ ទុនពាក្យសព្ទម្យ៉ាង គឺជាទុនដើមបំផុតនៃភាសាមួយនោះ ពោលគឺភាសានោះកើតឡើងដោយមានទុនពាក្យសព្ទដើមតែម្ដង។ ទុនពាក្យសព្ទម្យ៉ាងទៀត គឺបានមកពីពាក្យក្នុងភាសាដទៃ។ ភាសាណាក៏មិនល្អបរិសុទ្ធដែរ ដែលខ្ញុំនិយាយថាមិនស្អាតបរិសុទ្ធនេះ គឺដោយសារតែគ្មានភាសាណាដែលមានទុនតែពាក្យសព្ទដើមរបស់ភាសានោះដែរ។ មនុស្សជាអ្នកប្រើប្រាស់ភាសា។ មនុស្សមានទំនាក់ទំនងគ្នា ភាសាក៏មានការរងឬជះឥទ្ធិពលដែរ។ ដូច្នេះការទទួលយកទុនពាក្យសព្ទពីភាសាដ៏ទៃ មិនមែនជារឿងចម្លែកនោះទេ!
ភាសានីមួយៗតែងមានលក្ខណៈជាមូលដ្ឋានគ្រឹះរបស់ខ្លួន ដែលជាកត្តាមិននាំឲ្យច្រឡំនឹងភាសាដទៃ។ មូលដ្ឋានសទ្ទតា សូរ រូបសព្ទ ការបង្កើតពាក្យ និងប្រព័ន្ធវេយ្យាករណ៍ជាដើម ជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់ភាសា។ ការទទួលយកពាក្យពីបរទេស មិនមែនជាបញ្ហាធំដែលអាចប៉ះពាល់ដល់មូលដ្ឋានគ្រឹះភាសានោះឡើយ។ ដែលប៉ះពាល់ គឺប៉ះពាល់ត្រឹមតែកម្រិតពាក្យសព្ទ មិនប៉ះពាល់ដល់មូលដ្ឋានសទ្ទតា សូរ និងប្រព័ន្ធវេយ្យាករណ៍នោះឡើយ។ បែបនេះហើយ ទើបយើងឃើញថា ពេលដែលយើងទទួលពាក្យសព្ទពីបរទេស យើងមិនដែលគោរពតាមសូររបស់គេនោះទេដូចជា កាហ្វេ មនុស្សខ្មែរនិយមអានជា កាផែ ឬកាខ្វេ នេះក៏ដោយសារតែខ្មែរគ្មានសទ្ទតា ហ្វ [f ]។ ម្យ៉ាងទៀត យើងក៏មិនដែលខ្ចីពាក្យដោយជាមួយនូវប្រព័ន្ធវេយ្យាករណ៍ធំដុំពីភាសាដទៃដែរ។ យើងមិនដែលខ្ចីពាក្យមកបំបែកវិភត្តិ កាល វចនៈ… ឲ្យដូចនឹងភាសាបាលី សំស្ក្រឹត បារាំង អង់គ្លេសនោះដែរ។ ប្រការដែលមិនយល់ពីមូលដ្ឋានរបស់ភាសានីមួយៗ ហើយបង្ខំឲ្យភាសាខ្មែរគោរពតាមក្បួនភាសាដទៃមួយទៀត ដោយគ្រាន់ខ្មែរតែការទទួលយកនូវពាក្យមកទុកក្នុងឃ្លាំងពាក្យសព្ទខ្មែរនោះ ជាប្រការមិនសមរម្យឡើយ។ ប្រការនេះអាចហៅថា កាត់ក្បាលតម្រូវមួក!
ដោយសារតែភាសាមានលក្ខណៈមូលដ្ឋានផ្សេងគ្នានេះហើយ ទើបភាគច្រើនពាក្យដែលខ្មែរប្រើមានប្រភពពីបរទេស យើងប្រើដោយមិនបានដឹងឬចាប់អារម្មណ៍ពីប្រភពរបស់វាទេ លុះត្រាតែអ្នកធ្លាប់រៀនសូត្រពីរឿងនេះឬដោយការមើលវចនានុក្រម។ ដោយហេតុថាពាក្យបរទេសនោះ លុះតែប្រើយូរទៅៗ ក៏មានលក្ខណៈសូរជាខ្មែរ មានន័យប្រែប្រួលទៅតាមសង្គមខ្មែរ និងប្រើតាមតែរបៀបនៃវេយ្យាករណ៍ខ្មែរ។ រឿងនេះមិនមែនជារឿងសំខាន់ដែលខ្ញុំនឹងយកមកនិយាយពេលនេះឡើយ! រឿងដែលសំខាន់ គឺខ្ញុំនឹងបង្ហាញនូវពាក្យដែលមានប្រភពមកពីបរទេស ដែលយើងស្ទើរតែមិនជឿថាឬមិនដែលនឹកថាមានប្រភពមកពីជាពាក្យមកពីបរទេសសោះឡើយ ឯក្នុងវចនានុក្រមខ្មែរក៏ពុំបានបញ្ជាក់ប្រភពពាក្យនោះទៀត។ ពាក្យទាំងនោះមានដូចខាងក្រោម៖
ក- កន្ថោរ
នៅក្នុងវចនានុក្រមខ្មែរបញ្ជាក់យ៉ាងដូច្នេះថា កន្ថោរ ន. ប្រដាប់សម្រាប់ស្ដោះទឹកមាត់ ។ ពាក្យនេះមួយមានរឿងវែងឆ្ងាយណាស់! រឿងមួយក្នុងវប្បធម៌ខ្មែរទាក់ទងនឹងកន្ថោរសូមអាន៖
បើនិយាយពីប្រភពនៃពាក្យនេះ គឺមកពីសំស្ក្រឹតថា កដោរ (कटोर kaṭora) មានន័យថា ភាជន៍ជាចានឬពែងម្យ៉ាង[1]។ បើភាសាហីណ្ឌីរាល់ថ្ងៃ កដោរា (कटोरा kaṭorā) ប្រែថាចានធំ។ តាមរយៈសិលាចារឹកខ្មែរជាច្រើន បានបញ្ជាក់ឲ្យឃើញពីវត្តមានពាក្យ កន្ថោរ នេះក្នុងអក្ខរាវិរុទ្ធជា កថោរ ប៉ុន្ដែយើងមិនអាចកំណត់ពីរូបរាងនិងវត្ថុបំណងនៃការប្រើប្រាស់នេះច្បាស់លាស់ទេ។ លោកអ្នកអាចតំណភ្ជាប់ខាងលើ ដើម្បីបញ្ជាក់ឲ្យច្បាស់ពីរឿងកន្ថោរក្នុងវប្បធម៌ខ្មែរដែលផ្សេងគ្នាពីកន្ថោរក្នុងវប្បធម៌ចិន។
ពាក្យ កថោរ ក្នុងខ្មែរបុរាណ ត្រូវបានសៀមយកទៅប្រើជា៖ กะโถน និង กระโถน ដែលហៅសំដៅកន្ថោរ កន្ថោរស្ដោះជាដើម។ ពាក្យនេះហើយ ដែលអ្នកស្រុកនៅប៉ែកពាយ័ព្យប្រទេសខ្មែរយើងនិយាយថា ក្រធុនឬ កាធុន [2] សំដៅដល់វត្ថុធ្វើពីលោហៈរាងមូលមានសណ្ឋានរាក់ឬជ្រៅប្រើក្នុងបំណងផ្សេងៗដូចជាដាក់ទឹកនិងបោកសម្លៀកបំពាក់ជាដើម។ ពាក្យនេះហើយដែលក្រោយមកទំនងជាក្លាយមកជាពាក្យ កាធុង(ជាសម្ដីអ្នកស្រុកប៉ែកពាយ័ព្យ) និងក្លាយខ្លីជា ធុង(?)។
ខ- អង្គាដី
អង្គាដី ជារុក្ខជាតិមួយប្រភេទដែលគេនិយមយកត្រួយនិងផ្កាស្លសម្លផ្សេងៗ។ បើនឹងនិយាយរឿងអង្គាដី គេអាចនឹកឃើញដល់មុខម្ហូបឬក៏សក់រួញអង្គាដី។ បើនិយាយដល់នេះ អ្នកស្រុកខ្ញុំនិយាយតែអង្គាសដី។ ពាក្យនេះមានប្រភពមកពីសំស្ក្រឹតថា អគស្ដិ (अगस्ति) គឺប្រែថាដើមអង្គាដីនេះឯង។ និយាយលេងចុះថា អ្នកស្រុកខ្ញុំនិយាយបុរាណជាងអ្នកនិយាយថា អង្គាដី ដ្បិតថាខ្មែរបុរាណក៏មានចារឹកពាក្យនេះនៅក្នុងសិលាចារឹកផងដែរ គឺសិលាចារឹក K.38 ចារឹកថា ស្រេតេំអគស្ដិ ប្រែថាស្រែ(នៅឯ)ដើមអង្គាដី។
គ- ខ្ទះ
ខ្ទះ គឺជាពាក្យសាមញ្ញបំផុតដែលអ្នកផងទាំងពួងតែងស្គាល់។ ពាក្យនេះមានប្រភពមកពីសំស្ក្រឹតថាគដាហ (गटाह gaṭāha) ឯខ្មែរបុរាណសរសេរជា គទាហ (K.713B, K.420) កដាហ (K.958, K.542) និងកទាហ (K.415) ។ បើនឹងប្រាប់ថា កទាហ ក្លាយមកជា ខ្ទះ លោកអ្នកទំនងជាមិនជឿខ្ញុំនោះទេ! តែបើលោកអ្នកចាប់អារម្មណ៍នឹងភាសាខ្មែរបន្ដិច លោកអ្នកនឹងមិនសង្ស័យអ្វីឡើយ។ ខ្ញុំសូមបង្ហាញពាក្យមួយចំនួនដូចជា៖ ភ្ញាក់ ធាក់ ទាក់…! លោកអ្នកប្រហែលជាយល់ហើយថា ហេតុអ្វី កទាហ ក្លាយមកជា ខ្ទះ។ ខ្ញុំសូមមិនពន្យល់តាមបាតុភូតសូរនិងការប្រែប្រួលសូរក្នុងប្រវត្តិភាសាខ្មែរឡើយ ដោយសារខ្ញុំនៅស្ទើររឿងនេះផងនិងមិនចង់ឲ្យក្លាយជាប្រការវែងឆ្ងាយឡើយ។
ឃ- សំប៉ាន
អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនៅសំប៉ាន!
តាមវចនានុក្រមខ្មែរពន្យល់ថា៖
ទូកអុំមួយប្រភេទ តដោយក្ដារ ៥ សន្លឹកខាងក្បាលនិងកន្សៃរាង-ង ។ ទូកអុំមួយប្រភេទទៀត មាឌជាទូកផ្កាចារ ប៉ុន្តែលើកក្ដារប៉ះថែមឡើងទៀត ក៏ហៅ សំប៉ាន ដែរ។ (វចនានុក្រមខ្មែរ)
ខ្ញុំបានប្រទះប្រភពពាក្យនេះដោយចៃដន្យថាជាពាក្យមានប្រភពមកពីភាសាចិន។ ពាក្យចិនកុកងឺថា舢舨 (pinyin: shānbǎn) គឺជាប្រភេទទូកចិនមួយប្រភេទដែលមានបាតរាប ហើយសំប៉ានខ្លះរាប់បញ្ជូលទាំងកូនទូកដែលនៅជាប់នឹងនាវា។ សំប៉ានខ្លះប្រើជាលំនៅអចិន្ត្រៃយ៍នៅលើទឹកផងដែរ[3]។ ពាក្យនេះមានប្រភពដើមមកពីភាសាចិនហុកកៀនថា三板 (sam pan) មានន័យតាមជាតិសព្ទថា “ក្ដាបីបន្ទះ”។ សំប៉ាននេះនៅតែមានប្រើនៅតំបន់ដាច់ស្រយាលនៅក្នុងដែលដីអាស៊ីអាគ្នេយ៍ ជាពិសេសនៅម៉ាឡេស៊ី ឥណ្ឌូណេស៊ី បង់ក្លាដេស ភូមា និងវៀតណាម។ ទីនេះខ្ញុំនិយាយតែពីប្រភពពាក្យ មិននិយាយពីប្រភពកំណើតរបស់វត្ថុនេះឡើយ។ព៌ត័មានក្បោះក្បាយជានេះសូមអាន៖https://en.wikipedia.org/?title=Sampan។
សូមលោកអ្នកជាអ្នកឈ្លាសខាងនេះ សូមមេត្តាជួយណែនាំដោយក្ដីអនុគ្រោះ លើសេចក្ដីលើសលោះឬខ្វះចន្លោះលើអត្ថបទនេះផងចុះ។
[1] សូមមើល : http://spokensanskrit.de/index.php?tinput=kaTora&direction=SE&script=HK&link=yes&beginning=0
[2] ដោយសារគ្មានសំណេរក្នុងវចនានុក្រម ខ្ញុំសូមសរសេរទៅតាមសំណូរដែលអ្នកស្រុកប៉ែកខាងនោះនិយាយភាគច្រើន។
ចម្លងការផ្សាយពី សាស្ត្រាចារ្យ ហ៊ុន ឈុនតេង
https://hunchhunteng.wordpress.com/2015/06/19/etymology-1/
https://hunchhunteng.wordpress.com/2015/06/19/etymology-1/
ពុម្ពអក្សរឡាតាំង Vanna-English Kbach Khmer
ថ្ងៃនេះអ្នករចនាពុម្ពអក្សរវ័យក្មេង មេត្តា វណ្ណា សូមចែកជួនពុម្ពឡាតាំង បែបក្បាច់ជូនអ្នកប្រើប្រាស់ដើម្បីជាការអបអរសាទរដល់ក្រុមកីឡាបាល់ទាត់ខ្មែរ... អ្នកចម្បាំងក្រុងអង្គរ សូមរីករាយទាំងអស់គ្នា!
បើមានកំហុសឆ្គងដោយប្រការណាមួយ សូមអភ័យទោស នេះជាស្នាដៃសាកល្បងទី១។
សូមទាញយកពុម្ពតាមតំណនេះ ៖ ចុចត្រង់នេះ
Thursday, 4 June 2015
ពុម្ពអក្សរយូនីកូដខ្មែរ Khmer HUYSAVY R
អក្សរ អ័ក ឬ អក់-ស សំ.; បា. ( ន. ) (អក្ខរ) អក្ខរៈ ។ អក្សរខម អក្សរខ្មែរ (ហៅតាមសៀមដែលយកអក្សរខ្មែរទៅប្រើ, លុះចំណេរកាលតមក ខ្មែរហៅអក្សរមូលដែលមានសណ្ឋានតួរាងខ្លាំងៗបន្តិច បែបភាពខុសគ្នាអំពីអក្សរមូលធម្មតាខ្លះថា អក្សរខម ឬ តួខម, បើចារឬសរសេរតួរាងបែបនោះ ប៉ុន្តែតូចៗ ហៅថា កូនខម) ។ អក្សរខ្វៀក អក្សរខ្មែរមានសណ្ឋានតួរាងជាចំហៀងៗសម្រាប់សរសេរខ្វៀកៗរំហ័សការ ។ អក្សរគ្រវាត់ ឬ --ក្រវាត់ អក្សរដែលមានជើង រ គ្រវាត់ឬក្រវាត់ព័ទ្ធពីក្រៅ គឺអក្សរដែលផ្សំជាមួយនឹងជើង រ ឬផ្ញើជើង រ ដូចជា ក្រ, គ្រ, ច្រ, ជ្រ ជាដើម ។ អក្សរជ្រៀង អក្សរខ្មែរមានសណ្ឋានតួរាងទ្រេតៗ ។ អក្សរបំបែក ព្យញ្ជនៈដែលផ្សំជាមួយនឹងស្រៈតាមលំដាប់, ដូចជា ក កា កី កឹ កឺ ។ល។ កុំ កំ កាំ កះ ។ អក្សរប្រកប អក្សរដែលសរសេរពីខាងចុងពាក្យ ឥតចេញសំឡេង, ខ្មែរដូចជា កក, កង, ចក, ចង ជាដើម; បា. ឬ សំ. ដូចជា ហរ៑, អន៑, ករ៑, កម៌ន៑, វិទ៑, វិទ្យុត៑ ជាដើម ។ អក្សរប្រយោគ អក្សរផ្ញើជើង ឬអក្សរគ្រវាត់ (ហៅ អក្ខរប្បយោគ ក៏បាន) ។ អក្សរផ្ញើជើង អក្សរដែលផ្សំជាមួយនឹងអក្សរឯទៀត (អក្សរប្រយោគ), ដូចជា ក្ង, ក្ន, ខ្ច, ខ្ទ ជាដើម។ អក្សរពុម្ព អក្សរដែលសិតជាតួរាងសម្រាប់បោះពុម្ពឬស្នាមអក្សរដែលបោះពុម្ពហើយ ។ អក្សរលក្ខណ៍ ឬ --លក្សណ៍ សំបុត្រសម្គាល់ ។ អក្សរសព្ទ អក្សរល្អិតៗដែលសរសេរដាក់សព្ទប្រែនៅប៉ែកខាងលើក្បែរភាសាដទៃ ។ អក្សរសាស្រ្ត វិជ្ជាអក្សរ; ក្បួនប្រាប់វិធីអក្សរ, ការសរសេរត្រឹមត្រូវក្នុងភាសាណាមួយ; មុខការខាងនិពន្ធ,... ។ អក្សរសាសន៍ សំបុត្រឲ្យដំណឹង; សំបុត្រសំណួរ ។ល។ (សម្រង់វចនានុក្រមខ្មែរ បោះពុម្ពលើកទី៥)
ពុម្ពនេះជាពុម្ពអក្សរមូលខ្មែរ ដែលបានរចនាឡើងដោយលោក ហ៊ុយ សាវី ឆ្នាំ១៩៩៨។ ថ្មីៗលោកបានស្នើមកខ្ញុំប៉ាកកាខ្មែរ រៀបចំសម្រួលដើម្បីដាក់ជាពុម្ពអក្សរខ្មែរយូនីកូដ ទុកជាមរតកនៃភាសាជាតិផ្សព្វផ្សាយដើម្បីប្រើប្រាស់តទៅ។
ចំពោះប្រិយមិត្តអ្នកអាន ឬអតិថិជនដែលមានបំណងយកពុម្ពទាំងនេះទៅប្រើប្រាស់នៅក្នុងអាជីវកម្មបោះពុម្ព សូមមេត្តាទំនាក់ទំនងផ្ទាល់ទៅលោក ហ៊ុយ សាវី ឬទំនាក់ទំនងមកប៉ាកកាខ្មែរ តាមរយៈ khmerpenfonts@gmail.com ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ និងក្នុងគោលបំណងលើកកម្ពស់ស្នាដៃអ្នករចនាពុម្ពអក្សរខ្មែរ។ សូមអរគុណ!
សូមទាញយកពុម្ពអក្សរ Khmer HUYSAVY R
ស្លាក:
ការបោះពុម្ព,
ពុម្ពអក្សរFONTS,
អ្នកអក្សរសាស្ត្រ
Monday, 25 May 2015
លិខិតរបស់លេខាធិការដ្ឋានក្រុមដឹកនាំការងារជាតិសម្រាប់ឧត្តសិក្សា ស្តីពីការបញ្ចូលភាសាខ្មែរក្នុងយូនីកូដកុំព្យូទ័រ
Letter to Mr. Maurice Bauhahn in 1996
This is letter of National Higher Education Task Force sent to Mr. Maurice Bauhahn in 1996. I found this document is useful for Khmer Unicode font development.
ប្រភពឯកសារ: Khmer Logical Keyboard
Subscribe to:
Posts (Atom)