ដោយ គី សុខលីម
ភ្នំពេញ៖ សង្គ្រាមពាក្យសម្តីរវាង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជុំវិញពាក្យ«យួន»នៅមិនទាន់បញ្ចប់នៅឡើយទេ។ សម្រាប់លោកបណ្ឌិតអក្សសាស្ត្រខ្មែរ ច័ន្ទ សំណព្វ ពាក្យ«យួន»គ្មានន័យមើលងាយទេ!តើពាក្យ«យួន»មានអត្ថន័យយ៉ាងដូចម្តេច និង អាចក្លាយមកពីពាក្យអ្វី?
បើផ្អែកលើវចនានុក្រុមសម្តេចសង្ឃជួនណាត ពាក្យថា«យួន» គឺ ជាតិមនុស្សអ្នកដែនតុងក័ង ដែនអណ្ណាម ដែនកូស័ងស៊ីន។ យួនតុងក័ង យួនកូស័ងស៊ីន យួនដែនអណ្ណាម។ ពាក្យសាមញ្ញច្រើនហៅយួនតុងក័ង ថា យួន ហាណូយ។ ហៅយួនអណ្ណាម ថា យួន ហ្វេ។ ហៅយួនកូស័ងស៊ីនថា យួន ព្រៃនគរ។
វចនានុក្រមរបស់សម្តេចសង្ឃជួនណាគ្រាន់តែពន្យល់ពាក្យ«យួន»គឺជាប្រភពនៃជនជាតិប៉ុណ្ណោះ។ប៉ុន្តែវចនានុក្រមនេះមិនបានពន្យល់ពាក្យ«យួន»ថា មានន័យយ៉ាងណានោះទេ។
ចំពោះលោក ច័ន្ទ សំណព្វ បណ្ឌិតអក្សរសាស្ត្រខ្មែរ និងជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជាវិញ ពាក្យ«យួន»គឺមិនមានអត្ថន័យមើលងាយទេ។ ពាក្យនេះវាគ្រាន់តែការដាក់ងារអោយដោយប្រជាជនខ្មែរប៉ុណ្ណោះ។ បើយោងតាមឯកសារចិនមួយចំនួន ពាក្យ«យួន»នេះអាចមកពីពាក្យដើមរបស់ប្រទេសវៀតណាមថា«យៀកណាន់»។ តាមរយៈពាក្យនេះ ចិនហៅវៀតណាមថា «យៀកណាន់» តែខ្មែរវិញមិនហៅថា «យៀក»ដូចចិនទេ តែបែរជាហៅថា«យួន»វិញ។
លោក ច័ន្ទ សំណព្វ បានរម្លឹកថា សម្តេចព្រះបាទនរោត្តម សីហនុ កាលពីអតីតកាល មិនដែលហៅប្រទេសវៀតណាមថា «វៀតណាម»នោះទេ។ ព្រះអង្គតែងតែហៅថា«យៀកណាម»។ រីឯ លោក ប៉ុល ពត វិញ លោកបានហៅជនជាតិវៀតណាមថា«អាយួន»។
សរុបសេចក្តីមកវិញ សម្រាប់លោក សំណព្វ ពាក្យ«យួន»មិនមានន័យមើលងាយទេ។ ជនជាតិខ្មែរក្រោមនៅវៀតណាម ក៏ហៅ វៀតណាម ថា«យួន»ដែរ ហើយគ្មានវៀតណាមណាម្នាក់ខឹងនោះទេ។
ងាកមកបញ្ញវ័ន្តខ្មែររស់នៅក្នុងប្រទេសវៀតណាម និងសិក្សានៅក្នុងប្រទេសវៀតណាមឯណោះវិញ ពួកគេសាកល្បងពន្យល់ពាក្យ«យួន»ដូចខាងក្រោមនេះ។
ប្រជាជនខ្មែរម្នាក់ដែលបានទៅរស់នៅប្រទេសវៀតណាមអស់រយៈពេល ជាង២០មកហើយនោះ បានពន្យល់ថា ប្រជាជនខ្មែរហៅជនជាតិវៀតណាមថា«យួន»គឺក្នុងន័យសំដៅមើលងាយពួកវៀតណាម ថាជាមនុស្សមិនល្អ។ ប៉ុន្តែជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសវៀតណាមឯណោះវិញ ពួកគេមិនដឹងថា ពាក្យនេះមានន័យមាក់ងាយនោះទេ។
បុរសខ្មែរដែលចេះភាសាវៀតណាមយ៉ាងស្ទាត់ជំនាញរូបនេះ បានបញ្ជាក់ថា ជនជាតិវៀតណាម៩៥%មិនយល់ពីអត្ថន័យនៃពាក្យយួននេះទេ លើកលែងតែជនជាតិវៀតណាមដែលធ្លាប់មកប្រទេសកម្ពុជាច្រើនដង ឬរស់នៅក្នុងប្រទេសកម្ពុជា ទើបពួកគេអាចយល់ថា ពាក្យ«យួន»នេះជាពាក្យមើលងាយ។
បើយោងតាមបុរសខ្មែរដែលចេះភាសាវៀតណាមខាងលើនេះ ពាក្យ«យួន»អាចមកពីពាក្យវៀតណាមថា«យុង»បញ្ចេញសំឡេងតាមរបៀបជនជាតិវៀតណាមខាងត្បូងក្រុងហូជីមិញឬ«យុន»បញ្ចេញសំឡេងតាមវៀតណាមក្រុងហាណូយ(វៀតណាមខាងជើង)។ ពាក្យ«យុង»ឬ«យុន» នេះ តាមភាសាវៀតណាម មានន័យថា សត្វល្អិតអាក្រក់។ ដូច្នេះ ប្រហែលជាតាមរយៈពាក្យនេះ និងដោយសារការប្តូរសំនៀងបន្តិចបន្តួចហើយ ទើបខ្មែរហៅវៀតណាម ពី«យុង»ឬ«យុន»មកជា«យួន»វិញ។
ជនជាតិខ្មែរម្នាក់ទៀតដែលសុំមិនអោយបញ្ចេញឈ្មោះដែរ ហើយធ្លាប់ទៅរៀន និងទៅធ្វើការនៅក្នុងប្រទេសវៀតណាមអស់រយៈពេលជាង១០ឆ្នាំនោះ បានពន្យល់ក្រោយពេលមានជម្លោះពាក្យសម្តីរវាងលោក សម រង្ស៊ី និងលោក អ៊ូ វីរៈ ថា ពាក្យ«យួន»អាចក្លាយមកពីពាក្យវៀតណាមខាងជើងថា«ហ្ស៊ូន»ឬ«យូន»សម្រាប់ជនជាតិវៀតណាមខាងត្បូងដែលមានន័យថាសត្វព្រូន។ ពាក្យដើមថា«ហ្ស៊ូន ឬយូន» តែខ្មែរវិញអាចហៅថា«យួន»ទៅ។ នេះគឺជាការសន្និដ្ឋានរបស់បញ្ញាវ័ន្តខ្មែរសិក្សា និងរស់នៅក្នុងប្រទេសវៀតណាម៕
No comments:
Post a Comment