ប្រភព៖បុរស ខ្មែរហ្សូម)
តុលា 26|09:31
ក្នុងសិក្ខាសាលា ស្ដីពីប្រធានបទ«ការប្រើប្រាស់ភាសាខ្មែរក្នុងប្រព័ន្ធផ្សព្វផ្សាយ» កាលពីថ្ងៃ២៥ តុលា ក្រុមពិធីករពិធីការិនី បានទទួលរងនូវការរិះគន់ យ៉ាងពេញទំហឹង ពាក់ព័ន្ធនឹងកំហុសឆ្គាំឆ្គងក្នុងពេលធ្វើអត្ថាធិប្បាយ។ ពិធីករ ពិធីការិនី ប្រចាំនៅស្ថានីយទូរទស្សន៍ល្បីឈ្មោះ រួមមានCTN My TV និងបាយ័ន ត្រូវគេកត់សម្គាល់ថា ហាក់ទក់សាច់ ក្នុងការរិះគន់នេះជាងគេ។
ក្រោមការផ្ដួចផ្ដើមរៀបចំដោយក្រសួងព័ត៌មាន និងក្រុមភាសាជាតិភាសាខ្មែរ នាឱកាសនោះ មានពិធីករ ពិធីការិនី អ្នកសារព័ត៌មាន និងបុគ្គលិកក្នុងប្រព័ន្ធផ្សព្វផ្សាយប្រមាណជាង៤០០នាក់នៅទូទាំងប្រទេស ចូលរួម។ តារាដែលលេចធ្លោ ហើយលេចមុខនាឱកាសនោះរួមមាន នាងស៊ឹម សូលីកា លោកអេង រិទ្ធី នាងថន លក្ខិណា នាងរស់ សុធាវី(ហង្សមាស) ឌីជេតាប៊ុយ លោកប៊ីអាយជី លោកភោ សុផានិត និងអ្នកអានព័ត៌មាន ព្រមទាំងតារាៗជាពិធីករពិធីការិនីថ្មោងថ្មី យ៉ាងច្រើនកុះករ។
អង្គវិធីទាំងមូល បានលើកឡើងនូវចំណុច ខ្វះចន្លោះយ៉ាងច្រើន របស់ពិធីករ និងពិធីការិនីនាពេលចុងក្រោយ។ ទោះយ៉ាងណា ក្នុងពិធីនោះ ក៏បានរិះគន់ចំពោះការដំឡើងតួអក្សរខុសតាមវចនានុក្រម និងការចំពោះខ្វះខាតរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងមូលនៅប្រទេសកម្ពុជាផងដែរ។ ក្រុមគណអធិបតី និងអ្នកចូលរួមបានធ្វើការរិះគន់យ៉ាងចំៗ ចំពោះការអានពាក្យអគ្គនាយកដ្ឋាន របស់ពិធីករពិធីការិនីទូរទស្សន៍បាយ័ន ថា អាក់គៈនាយៈកៈដ្ឋាន ខណៈដែលពាក្យនោះ ត្រូវគេអានថា អៈគៈនាយក់ដ្ឋាន និងមានបញ្ជាក់ក្នុងវចនានុក្រមរួចទៅហើយ។ តាមរយៈការរិះគន់នេះ នាងស៊ឹម សូលីកា ដែលឋិតក្នុងអង្គពិធីនោះដែរ ត្រូវគេកត់សម្គាល់ថា រងនូវការអាម៉ាសជាងគេ បើទោះជាការវែកញែកដដែលៗនោះ មិនបានបញ្ជាក់ថា មានពិធីករពិធីការិនីណាខ្លះ បានអានបែបនេះក៏ដោយ។
ទោះយ៉ាងណា អង្គពិធីនៅមិនទាន់កំណត់ថា ការអានរបស់ក្រុមទូរទស្សន៍បាយ័ន គឺជារឿងឆ្គាំឆ្គងទាំងស្រុងទេ ដោយខាងក្រុមប្រឹក្សាជាតិភាសាខ្មែរ គ្រាន់តែសន្យារថានឹងស្រាវជ្រាវ ដើម្បីឲ្យប្រាកដថា ការអានអៈគៈនាយៈដ្ឋាន នោះ ជារឿងត្រឹមត្រូវ ឬក៏អត់។ ចំពោះការប្រើពាក្យបរទេស ក្នុងពេលអត្ថាធិប្បាយកម្មវិធីក្នុងទូរទស្សន៍វិញ ត្រូវគេកត់សម្គាល់ថា បានវាយប្រហារទៅកាន់ពិធីករ ពិធីការិនីប្រចាំនៅស្ថានីយទូរទស្សន៍My TV ពិសេសគឺតាប៊ុយ ខ្លាំងជាងគេ ពិសេសស្ទីលនិយាយខ្មែរមិនច្បាស់របស់លោកនាពេលកន្លងមក។ អង្គវិធីទាំងមូល និយាយថា គឺជារឿងសង្វេគណាស់ ដែលពាក្យខ្មែរច្រើនឲ្យគគូកបែរជាយកពាក្យបរទេស មកប្រើច្រឡូកច្រឡំ ធ្វើឲ្យវប្បធម៌ និងភាសាខ្មែរ ច្របូកច្របល់។ លោកជំទាវ ចាន់ ធី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ថា សូមកុំយល់ច្រឡំថា ប្អូននិយាយតុងខ្មែរមិនច្បាស់ ហើយបញ្ចូលពាក្យបរទេសច្រើន មានមោទនភាពឲ្យសោះ ការពិតគឺអ្នកទស្សនា អ្នកស្ដាប់គេសើចទៅវិញទេ ហើយវាមានន័យត្រង់មួយទៀត គឺប្អូនកំពុងតែបង្ហាញពីភាពកំសោយនៃភាសាខ្មែរ និងវប្បធម៌ជាតិរបស់ដូនតាខ្មែរ ទៅកាន់អ្នកទស្សនាជាអន្តរជាតិ និងនៅក្រៅប្រទេស ដែលស្រឡាញ់ខ្មែរ។
លោកជំទាវបន្តថា ក្នុងនាមជាពិធីករពិធីការិនី មិនគួរស្នើឲ្យអ្នកទស្សនាទះដៃ ឬស្រែកហ៊ោក្នុងពេលដំណើរការកម្មវិធីតែរហូតនោះទេ ព្រោះនោះបង្ហាញថា ពួកគេអត់មានសមត្ថភាពធ្វើអ្វីឲ្យត្រូវចិត្តរបស់ទស្សនិកជន។ លោកជំទាវមានប្រសាសន៍ថា បើការអត្ថាធិប្បាយរបស់ពិធីករពិធីការិនីគ្រប់រូបចេះលើកដាក់សំឡេងក្នុងការនិយាយបានល្អ ហើយធ្វើឲ្យគេត្រូវចិត្ត គឺអ្នកទស្សនាពិតជាទះដៃ ឬស្រែកហ៊ោ។ អញ្ចឹងអ្នកកាន់កម្មវិធីគួររិះរកអ្វីដែលល្អ ដើម្បីកុំឲ្យវគ្គណាក៏សូមសំឡេងទះដៃមួយ ឈុតណាក៏សុំសំឡេងហ៊ោមួយ ទើបកម្មវិធីនោះ មានសំឡេងកងរំពងបែបហ្នឹង។ នៅមានចំណុចមួយទៀត ដែលអង្គពិធីទាំងមូល បានធ្វើការរិះគន់យ៉ាងស្ទើររញ្ជួយអង្គសិក្ខាសាលាផងដែរ នោះគឺការប្រើពាក្យថា ឡូយ ឬឡូយណាស់ របស់ពិធីករពិធីការិនីបែបយុវវ័យ ស្ទើរតែគ្រប់ស្ថានីយទូរទស្សន៍។ ក្រុមអ្នកចោទសួរ និងវាគ្មិន បញ្ជាក់ថា ពាក្យ ឡូយ ឡូយណាស់ ឬឡូយមែនទែននេះ មានន័យថា ផ្ដេសផ្ដាស ឬឈ្លើយប៉ុណ្ណោះ ចុះហេតុអ្វីក៏បែរជានាំគ្នាមកនិយាយ សំដៅថាអស្ចារ្យ ឬល្អស្អាតទៅវិញ។
ក្រុមអ្នកវែកញែកបានស្វះស្វែងរកឯកសារ និង ភស្ដុតាងជាច្រើន បញ្ជាក់ថា ពាក្យឡូយ ឬឡូយណាស់ មានន័យថា ឈ្លើយ ឬខុសគេរបៀបផ្ដេសផ្ដាសទាំងស្រុង ដោយមិនគួរយកមកប្រើចំពោះតារាសិល្បៈទាល់តែសោះ។ ការលើកឡើងបែបនេះ ហាក់ដូចជាសំដៅដល់កម្មវិធីមួយ ដែលដាក់ឈ្មោះថា «ឡូយ៩» នោះផងដែរ ដែលកម្មវិធីនេះ កំពុងបំភ្លៃពាក្យមិនសមគួរនេះ ធ្វើឲ្យក្មេងៗ យល់ថា ពាក្យនោះមានន័យសមរម្យ។ មានពិធីករពិធីការិនីជាច្រើន តែងលើកឡើងថា តារាកិត្តិយសនេះ ឬខ្លួនឯងស្លៀកពាក្យអញ្ចឹងឡូយ ឬឡូយណាស់ យ៉ាងស៊ាំមាត់ ដោយសូម្បីតែអត់ដឹងថា ពាក្យនោះមានន័យដូចម្ដេច? ក្នុងនោះការនិយាយចាស៎ៗ ញឹកស្អេក របស់ពិធីការិនីតាមលំនាំពិធីការិនីថៃ ក៏ត្រូវគេលើកឡើងថា ជារឿងមិនសមរម្យផងដែរ។ អង្គពិធីទាំងមូល បញ្ជាក់ថា ពិធីករពិធីការិនីគឺជាមនុស្សសំខាន់ណាស់ ដែលអាចឲ្យមនុស្ស១៤លាននាក់នៅកម្ពុជា ពិសេសក្មេងៗច្របូកច្របល់តាមបាន បើពួកគេប្រើពាក្យណាមួយ ដោយមិនបានស្រាវជ្រាវ ហើយមិនត្រឹមត្រូវ។
ក្នុងនោះ សូម្បីតែការនិយាយថា អរគុណធំធំ ប្រើពាក្យបេក្ខភាពបេក្ខជនបែបច្របូកច្របល់គ្នា និងការប្រើពាក្យថា ដឹងអត់ នឹកបងអត់ អីជាដើម ក៏ត្រូវគេលើកយកមកលាតត្រដាងក្នុងន័យអវិជ្ជមានដូចគ្នា។ លោកជំទាវចាន់ ធី បញ្ជាក់ថា ពាក្យខ្មែរគឺនឹកបងឬអត់ ដឹងឬទេ គឺមិនមែននាំគ្នាមកប្រើពាក្យទាំងអស់នេះ កាត់ហើយខុសពីសំណៅដើមអញ្ចឹងឡើយ ព្រោះពិធីករពិធីការិនី និងប្រព័ន្ធផលិតចម្រៀង ក៏ដូចជាអ្នកកាសែត សំខាន់ណាស់ក្នុងសាបព្រួសចំណុចត្រូវ ឬខុសទាំងនេះ។ ក្រៅពីការរិះគន់លើពាក្យពេចន៍ បញ្ហាសំលៀកបំពាក់ និងការតុបតែងខ្លួនរបស់ពិធីករ និងពិធីការិនី ក៏ត្រូវគេលើកឡើងផងដែរ។ តារាខ្លះ ដែលតែងខ្លួន និងពាក់គ្រឿងប្រដាប់តុបតែងខ្លួនហួសហេតុ ដែលស្ទើរតែមើលមិនដឹងថា តើអ្នកណាជាតារាកិត្តិយស អ្នកណាជាពិធីការិនី។
លោកជំទាវបន្តថា ពិធីការិនីមិនមែនតុបតែងខ្លួនហួសពីតារាដែលមកច្រៀងនោះទេ ទោះនោះជាកម្មវិធីតន្ត្រីបែបយុវវ័យក៏ដោយ ព្រោះពិធីការិនីស្មើនឹងម្ចាស់ផ្ទះ ស្មើនឹងអ្នកសម្របសម្រួល អញ្ចឹងបើបើពួកគេតែងខ្លួនហួសហេតុពេក តើអ្នកមើលគេគិតយ៉ាងម៉េច ហើយការតែងខ្លួនត្រូវគិតផង តើវាល្អសម្រាប់កម្មវិធីយើងទេ ល្អសម្រាប់មហាជនភាគច្រើនទេ ពោលគឺកុំធ្វើឲ្យដោយតម្រូវចិត្តតែមនុស្សមួយក្ដាប់តូច។ លោកជំទាវ ទទូចឲ្យការអត្ថាធិប្បាយរបស់ពិធីករ ពិធីការិនី ត្រូវអានពាក្យខ្មែរឲ្យច្បាស់ៗ កុំបន្លំ ហើយត្រូវមានដង្ហើមដកឲ្យបានពីរោះ ហើយចំណុចទាំងអស់នេះ ដ្បិតថា នៅកម្ពុជាមិនមានសាលាបណ្ដុះបណ្ដាល តែក៏សិក្សាស្វែងយល់ និងស្រាវឲ្យបានល្អបន្តិចម្ដងៗនោះផងដែរ។
សូមអរគុណចំពោះប្រភព៖បុរសខ្មែរហ្សូម) នេះមិនមែនជាការផ្សាយឡើងវិញដើម្បីរកកម្រៃនោះទេ គ្រាន់តែចង់រក្សាការផ្សាយដ៏ល្អមានប្រយោជន៍នេះជាឯកសារប៉ុណ្ណោះ! :)
No comments:
Post a Comment