ភ្នំពេញ ៖ ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១១ នៅរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមបានរៀបចំសិក្ខាសាលាជាតិស្តីពីទស្សនៈរបស់អ្នកស្រុកនគរភ្នំក្នុងកិច្ចអភិវឌ្ឍជាតិ
ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សោម សុមុនី ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិង វិទ្យាសាស្ត្រសង្គម។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យាបានគូសបញ្ជាក់ថា ក្នុងដំណើរ ស្វែងយល់ពីទស្សនវិជ្ជាខ្មែរនាសម័យនគរភ្នំ ផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យាបានរៀបចំសិក្ខាសាលាជាតិនេះឡើង ដើម្បីពិភាក្សាអំពី១-វប្បធម៌ ២-នយោបាយនិងការបរទេស ៣-ភាសានិងអក្សរ និង៤-ជំនឿនិងសាសនា។ វាគ្មិន ដែលបានចូលរួមក្នុងកិច្ចពិភាក្សាមានចំនួន៧រូប មកពីរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យមានជ័យ និងសាកលវិទ្យាល័យន័រតុន ហើយមានអ្នកចូលរួមចំនួន១០០រូបមកពីទីស្តីការគណៈរដ្ឋមន្ត្រី រាជបណ្ឌិត្យសភាកម្ពុជា ក្រសួងអភិវឌ្ឍជនបទ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការពារជាតិ វិទ្យាស្ថានខុងជឺ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក្នុងកិច្ចពិភាក្សានេះ វាគ្មិនទាំងអស់បានបកស្រាយយ៉ាងច្រើន ដូចជា លោកបណ្ឌិត មីសែល ត្រាណេ ដែលជាវាគ្មិនមួយរូបបានបង្ហាញថា ឥទ្ធិពលវប្បធម៌ឥណ្ឌានេះបានធ្វើឲមានការផ្លាស់ប្តូរនូវទម្រង់សង្គម មន-ខ្មែរ ឬ ខ្មែរដើម ពីសង្គមមួយដែលមានលក្ខណៈ ជាកុលសម្ព័ន្ធ មេនិយម ឲ្យកា្លយទៅជានគរឬព្រះរាជាណាចក្រដែលមានស្តេចឬព្រះមហាក្សត្រជាអ្នកគ្រប់គ្រងដឹកនាំ។ លោក យៀង វីរបុត្រ និង លោក គុណ រតនា បានពន្យល់យ៉ាងក្បោះក្បាយពីអត្ថន័យនៃសិលាចារឹក ហើយលោក វង្ស មេង បានបកស្រាយអំពីឋានន្តរនាមនៅក្នុងសង្គម។ ដោយឡែក លោក មាឃ បូរ៉ា បានបង្ហាញដល់អង្គ សិក្ខាសាលាពីការប្រើប្រាស់ភាសានិងអក្សរនៅក្នុងសម័យនគរភ្នំ។ ដើម្បីបញ្ជាក់ពីជំនឿនិងសាសនា លោកស្រី កែវ សុជាតិ មានប្រសាសន៍ថា តាមរយៈអានុភាពនៃលទ្ធិព្រហ្មញ្ញសាសនានិងព្រះពុទ្ធដែលមានប្រភពមកពីឥណ្ឌា បានក្លាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម។ ប្រជារាស្ត្រខ្មែរ បន្តិចម្តងៗក៏បានក្លាយទៅជាព្រាហ្មណ៍សាសនិកនិងពុទ្ធសាសនិកដ៏ជ្រះថ្លា។ លើសពីនេះទៅទៀត ក្នុងការយល់ដឹងច្បាស់ពីទស្សនវិជ្ជាខ្មែរនាសម័យនគរភ្នំ លោកបណ្ឌិត សួន ឱសថ បានធ្វើបទបង្ហាញពីទស្សនវិជ្ជាខ្មែរ-មន។ ជាការបូកសរុប ឯកឧត្តមបណ្ឌិតសភាចារ្យ សោម សុមុនី បានមាន ប្រសាសន៍ថា នគរភ្នំ គឺជារដ្ឋខ្មែរដំបូងបង្អស់តាមលំនាំឥណ្ឌាដែលទាមទារនូវការបង្រួបបង្រួមនូវសហគមន៍ កសិកម្មតូចធំទាំងឡាយស្ថិតក្នុងអំបូរមន-ខ្មែរ ដែលពីមុនសង្គមមានលក្ខណៈជាកុលសម្ព័ន្ធ ឲ្យស្ថិតនៅជុំវិញអំណាចកណ្តាលតែមួយតំណាងដោយព្រះមហាក្សត្រដ៏ខ្លាំងពូកែដែលជាអ្នកប្រមុខដឹកនាំ។ ការផ្លាស់ប្តូរនូវលក្ខណៈ សង្គមតាមរយៈឥណ្ឌារូបនីយកម្ម បានធ្វើឱ្យទម្រង់នៃទស្សនៈរបស់ប្រជាជនខ្មែរដើម ឬ មន-ខ្មែរ ដែលមានលក្ខណៈជីវចលនិយម ក៏ត្រូវបានកែប្រែដែរ ព្រោះថាបុព្វការីជនខ្មែរដែលជាដូនតា ប្រមុខដឹកនាំ ប្រទេសខ្មែរនាសម័យនគរភ្នំបានប្រារព្ធលទ្ធិសាសនាធំៗពីរ គឺព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។ ជាការពិតណាស់ ការអនុវត្តនូវហេដ្ឋារចនាសម្ព័ន្ធនយោបាយ សាសនាឥណ្ឌាជាធាតុសំខាន់បំផុតដែលបញ្ជាក់អំពីលក្ខណៈនៃសង្គមជាតិរបស់ខ្មែរយើងដែលបង្ហាញអំពីឫសកែវនៃវប្បធម៌ខ្មែរដែលមានលក្ខណៈសំយោគរវាងខ្មែរនិងឥណ្ឌា៕(ដោយៈបណ្ឌិត ជា មុនីឫទ្ធិ)
ប្រភព៖ ចម្លងទាំងស្រុងពី http://ann.com.kh
No comments:
Post a Comment