ស្ថាបនិកពុម្ពអក្សរយូនីកូដខ្មែរដំបូងសម្រាប់ប្រទេសកម្ពុជា លោក ដាញ់ ហុង កាលពីពេលថ្មីនេះ បានសម្រេចសមិទ្ធផលថ្មីមួយទៀត គឺកម្មវិធីបម្លែងរូបភាពអក្សរ ឲ្យទៅជាអត្ថបទ ដើម្បីកាត់បន្ថយការចំណាយពេលវាយអត្ថបទឡើងវិញ។
កម្មវិធីបម្លែងរូបភាពអក្សរ ឲ្យទៅជាអត្ថបទ គឺជាកម្មវិធីថ្មី និងដំបូងគេក្នុងប្រទេសកម្ពុជា ដែលកម្មវិធីនេះ អាចឲ្យលោកអ្នកបម្លែងរូបភាពជាលក្ខណៈអក្សរខ្មែរ ឲ្យទៅជាអត្ថបទ ដោយមានភាពងាយស្រួល និងអាចជួយកាត់បន្ថយការចំណាយពេលវេលាវាយអត្ថបទឡើងវិញ។
ស្ថាបនិកពុម្ពអក្សរយូនីកូដខ្មែរដំបូងក្នុងប្រទេសកម្ពុជា លោក ដាញ់ ហុង បានឲ្យTheBNEWSដឹងថា គោលដៅនៃការបង្កើតជាកម្មវិធីនេះឡើង គឺដើម្បីសម្រួលដល់ការងាររដ្ឋបាលរបស់បុគ្គលិក ឬគ្រូបង្រៀន និងមហាជនទូទៅក្នុងការវាយអត្ថបទឡើងវិញតាមរយៈឯកសារជារូបភាព និងមួយវិញទៀតគឺ ជួយលើកស្ទួយឲ្យមានការប្រើប្រាស់ប្រព័ន្ធសៀវភៅអេឡិចត្រូនិច(ebook)ឲ្យកាន់តែច្រើន ក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា ជាក់ស្តែង ដូចនៅតាមបណ្ដាស្ថាប័នរដ្ឋ និងឯកជនមួយចំនួន នៅពេលដែលគាត់ចង់រក្សាឯកសារ ឬអត្ថបទមួយ សម្រាប់រក្សាទុកក្នុងកុំព្យូទ័រ គឺគាត់តែងតែ Scan ឬ Save ឯកសារនោះជាលក្ខណៈPDF ដូច្នេះដើម្បីសម្រួលដល់ការវាយអត្ថបទឡើងវិញពី File ឯកសារជារូបភាពទាំងនោះវិញ គឺយើងគ្រាន់តែយកFileឯកសារដែលបានSave ជារូបភាពនោះ ដាក់ក្នុងកម្មវិធីថ្មីរបស់លោកឈ្មោះ Khmer OCR នៅលើInternet នោះ វានឹងបម្លែងទៅជាអត្ថបទដោយស្វ័យប្រវត្តិ។
ស្ថាបនិកពុម្ពអក្សរខ្មែរដំបូងខាងលើឲ្យដឹងបន្តថា លោកសង្ឃឹមថា កម្មវិធីបម្លែងរូបភាពឲ្យទៅជាអត្ថបទថ្មីដំបូងគេក្នុងប្រទេសកម្ពុជា ឈ្មោះKhmer OCR នេះ នឹងទាញទទួលបានការគាំទ្រច្រើនពីមហាជន ហើយក៏ជាការចូលរួមចំណែក ដើម្បីលើកស្ទួយអក្សរសាស្ត្រខ្មែរ ឲ្យមានលក្ខណៈស្តង់ដា ព្រមជាមួយនឹង ការចូលរួមចំណែកកាត់បន្ថយទាំងពេលវេលា និងថវិកា ក្នុងការវាយអត្ថបទឡើងវិញ។
លោក ហុង បន្ថែមទៀតថា កម្មវិធីនេះ ទើបតែដាក់ឲ្យប្រើបណ្ដោះអាសន្ននៅលើគេហទំព័រKhmerocr.org ក្នុងពាក់កណ្ដាលឆ្នាំ២០១៤នេះតែប៉ុណ្ណោះ ប៉ុន្តែហាក់ដូចជាទទួលបានអ្នកចូលទៅប្រើប្រាស់ច្រើនដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកយ័ញ ហុង ក៏បានស្នើដល់កូនខ្មែរ ឲ្យជួយគាំទ្ររាល់កម្មវិធីដែលជាស្នាដៃកូនខ្មែរ ដើម្បីលើកស្ទួយឲ្យមានការច្នៃប្រឌិតថ្មីបន្ថែម ជាក់ស្តែងដូចជាការព្យាយាមបង្កើតនូវកម្មវិធីនេះគឺមិនមានការគាំទ្រថវិកាពីស្ថាប័ន ឬអង្គការណាទេ គឺកើតចេញពីកម្លាំងចិត្តកូនខ្មែរ ដើម្បីលើកស្ទួយវប្បធម៌ និងអក្សរសាស្ត្រខ្មែរ។
លោករៀបរាប់បន្តថា កម្មវិធីបម្លែងនេះ នឹងអាចមានសមត្ថភាពបម្លែងពីរូបភាព ឲ្យទៅជាអក្សរទទួលបានលទ្ធផលខ្ពស់ជាងនេះ នៅប៉ុន្មានខែខាងមុខទៀត ព្រោះបច្ចុប្បន្នកម្មវិធីនេះ នៅមិនទាន់ទទួលលទ្ធផល ល្អ១០០% ទេ គឺបានត្រឹមតែ៦០%នៅឡើយ ។ លោកថា ក្រុមការងារយើងកំពុងបញ្ចូលទិន្និន័យបន្ថែម ដើម្បីទទួលបាននូវកម្រិតគុណភាពមួយដែលអាចទទួលយកបានជាងនេះ។
សូមបញ្ជាក់ថា ក្រោយពីសមិទ្ធផលដំបូងរបស់លោកក្នុងការបង្កើតជាពុម្ពអក្សរយូនិកូដខ្មែរ ដែលបានប្រកាសដាក់ឲ្យប្រើជាផ្លូវការក្នុងឆ្នាំ ២០០២ រួចមក លោកដាញ់ ហុង បានបង្កើតនូវសមិទ្ធផលថ្មីៗជាច្រើនផ្សេងទៀតដូចជា នៅឆ្នាំ២០១០ លោកបានបង្កើតពុម្ពអក្សរសម្រាប់ដាក់ក្នុងគេហទំព័រក្នុងGoogle(Google Web Font) កម្មវិធីនេះ បើទោះបីជាទូរស័ព្ទដៃ ឬកុំព្យូទ័រលោកអ្នកមិនមានFont យូនីកូដ ក៏អាចមើលបានដែរ។ នៅឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្នលោកបានសិក្សាបង្កើតជាកម្មវិធីបម្លែងរូបភាពឲ្យទៅជាអត្ថបទនេះ និងកម្មវិធីEbook និងបានបង្កើតជាAppសម្រាប់កម្មវិធីទូរស័ព្ទឲ្យក្រុមហ៊ុនឯកជន និងស្ថាប័នមួយចំនួនផងដែរ៕
ដោយ៖ ម៉ៅ ចរិយា
ប្រភព៖ http://www.thebnews.com/news/8845/
ប្រភព៖ http://www.thebnews.com/news/8845/