ភាសាខ្មែរដែលមិនទាន់ឯកភាពគ្នា
ភ្នំពេញ: សរសេរសំរាយ ? សរសេរព្យាង្គតម្រួត ? ឬសរសេរបានទាំងពីរ ? ខ្មែរមិនទាន់មានការឯកភាពគ្នានៅឡើយទេ។ ហេតយនេះអ្នកសរសេរ សរសេរមួយណាក៏បាន អោយ តែអានដាច់ ។ ពាក្យថាអោយតែអានដាច់នេះហើយ ដែលបានបង្កអោយមានការសរ សេរផ្តេសផ្តាសតាមចិត្តនឹកឃើញ ដោយគ្មានការត្រួតពិនិត្យ ។ ទីបំផុតទៅ អក្សរខុសមួយចំនួន ត្រូវបានគេសរសេរផ្សព្វផ្សាយតាមទីសាធារណៈជាទូទៅ ។ ខ្មែរដែលមើលឃើញអក្សរខុសទាំងនេះ ក៏បានថតជាប់ខួរក្បាលរហូតនូវពាក្យខុសទាំងនេះ ។
តាមពិត, បើយោងតាមការអះអាងរបស់អ្នកអក្សរសាស្ត្រខ្មែរមួយចំនួន ការប្រទាញ ប្រទង់គ្នានេះបានកើតមានរាប់សិបឆ្នាំមកហើយ ។ នេះជានិន្នាការពីររវាងក្រុមអ្នកនិយមអក្សរតម្រួតព្យាង្គ និងអ្នកនិយមអក្សរសំរាយ ។ អក្សរសំរាយបានមានមានឥទ្ធិពលខ្លាំងចាប់តាំងដើមទស្សវត្ស៧០មក ហើយវាបានទម្លាប់អោយកូនខ្មែរស្គាល់អក្សរសំរាយឡើងថ្នឹកហើយ ។ មកដល់ទស្សវត្ស៨០ ក្រោយការដួលរលំនៃរបបខ្មែរ ក្រហម ទំនងជាក្រុមអ្នកដែលរួចផុតពីការកាប់សម្លាប់ មានភាគច្រើនជាក្រុមនិយមសរសេរព្យាង្គរាយស្រាប់ ទើបមានការឯកភាពក្នុងការបោះពុម្ភសៀវភៅសិក្សា និងការបង្រៀនបែបសំរាយរហូតមក។ មកដល់ពេលនេះសៀវភៅពុម្ពបង្រៀនសិស្សក៏នៅតែជាព្យង្គរាយដដែល ។
បញ្ហាដែលកំពុងកើតឡើងនៅពេលនេះ គឺថានាពេលចុងក្រោយនេះ មាននិន្នាការមួយទៀតដែលប្រកាន់វចនានុក្រមសម្តេចសង្ឃជួន ណាតជាគោល ហើយដែលមនុស្សក្រុមនេះនិយមហៅអក្សររបស់សម្តេចសង្ឃជួន ណាតថាជាព្យាង្គតម្រួត។ និន្នាការនេះ ត្រូវបានអនុវត្តនៅតាមស្ថាប័នការងារ ។ ជាបច្ច័យ ហើយជាបាតុភូតដែលបានកើតឡើងនោះគឺថា បន្ទាប់ពីកូនខ្មែររៀនអក្សរសំរាយជាង១០ឆ្នាំនៅឯសាលារៀននោះ (ឧទាហរណ៍ ពាក្យ សំបូរ ចំលើយ) ពេលចូលធ្វើការ ស្រាប់តែត្រូវសរសេរអក្សរមួយផ្សេងទៀតដែលគេហៅថា តម្រួតព្យាង្គទៅវិញ (សម្បូរ ចម្លើយ) ។
ដោយសារតែបច្ចុប្បន្ន និន្នាការនៃការសរសេរអក្សរតម្រួតហាក់កាន់តែមានឥទ្ធិពល គ្រូបង្រៀនភាសាខ្មែរមួយចំនួនដូចជាលោកកែវ ណារិន ត្រូវឆ្លៀតសរសេរបង្ហាញសិស្សនូវពាក្យជាតម្រួតព្យាង្គអោយសិស្សបាន ឃើញ បើទោះជានៅក្នុងសៀវភៅពុម្ព មានពាក្យជាអក្សរសំរាយក៏ដោយ ។ លោកកែវ ណារិនសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរនៅវិទ្យាល័យស៊ីសុវត្ថិបាន ត្អូញត្អែរ បង្ហាញការព្រួយបារម្ភ២ចំនុច ។ ទីមួយភាគតិចណាស់ដែលសិស្សជាកូនខ្មែរចាប់អារម្មណ៍ ទៅលើភាសាជាតិខ្លួនឯង ។ ទី២ អ្នកដែលយកចិត្តទុកដាក់នោះ ត្រូវព្យាយាមខ្លាំងក្នុងការបត់បែនតាមសភាពការណ៍ ឬការវិវត្តន៍នៃការប្រើប្រាស់ភាសា ពិសេសការសរសេរនេះឯង ។ លោកគ្រូកែវ ណារិនបានអះ អាងថា៖ "ពួកគេត្រូវរារែកក្នុងសម្រេចចិត្តសរសេរពាក្យមួយដែលគេអាច សរសេរបានពីរយ៉ាងនោះ ។ អ្នកខ្លះទៀតទម្លាប់សរសេរសំរាយឡើងថ្នឹកទៅហើយ ។ ខ្ញុំគិតថា រដ្ឋា ភិបាលគួរប្រកាសអោយមានការសរសេរអក្សរជាផ្លូវការណាមួយ" ។
និយាយអំពីការបត់បែនក្នុងការសរសេរអក្សរខ្មែរ លោកជ័យ ចាបសាស្ត្រាចារ្យអក្សរ សាស្ត្រខ្មែរ និងជារដ្ឋលេខាធិការក្រសួងអប់រំបានទទួលស្គាល់ថា នេះជាការលំបាកមួយរបស់សិស្សានុសិស្ស។ លោកជ័យ ចាបបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីបានចេញសេចក្តីណែនាំមួយប្រាប់អោយស្ថាប័នរដ្ឋបាលក្រោម ឱវាទប្រើប្រាស់ការសរសេរអក្សរខ្មែរដោយយកវចនានុក្រមសម្តេចសង្ឃជួន ណាតបោះពុម្ពលើកទី៥ក្នុងឆ្នាំ១៩៦៨ធ្វើជាគោល។ លោកជ័យ ចាបក៏បានទទួលស្គាល់ផងដែរថា នៅមានសៀវភៅពុម្ពច្រើនទៀតដែលមិនទាន់ត្រូវបានបោះពុម្ពថ្មីជាមួយ នឹងការកែតម្រូវអក្ខរាវិរុទ្ធឡើងវិញដោយយកតាមវចនានុក្រមជួន ណាតនោះទេ។ លោករដ្ឋលេខាធិការក្រសួងអប់រំបានរៀប រាប់យ៉ាងដូច្នេះថា៖ "យើងពិបាកនឹងបោះពុម្ពសៀវភៅសិក្សាយើងឡើងវិញ ។ សៀវភៅយើងមានវាល់លានក្បាល ។ យើងត្រូវការថវិការច្រើន ។ ប៉ុន្តែក៏មានសៀវភៅខ្លះដែលយើងត្រូវរៀបចំឡើងវិញ ហើយយើងក៏បានកែប្រែអក្ខរាវិរុទ្ធដែរ ។ បន្តិចម្តងៗ យើងបែរមករកអក្សរតែមួយផ្លូវការវិញហើយ" ។
ដោយសារតែមិនមានការផ្សព្វផ្សាយច្បាស់លាស់ សព្វថ្ងៃនេះ វាមានពាក្យមួយដែលត្រូវបាននិយាយជាអត្តនោម័តិទាំងខុសថា សម្តេចសង្ឃជួន ណាតមានគោលការណ៍សរសេរព្យាង្គតម្រួត រីឯលោកកេង វ៉ាន់សាក់មានគោលការសរសេរព្យាង្គរាយ ។ ដល់ពេលអីចឹងទៅ វាកើតចេញជាពាក្យបង្កើតថ្មីដែលអ្នកអក្សរសាស្ត្រថា មិនមាននៅក្នុងវចនានុក្រមសម្តេចសង្ឃជួន ណាត និងរបស់លោកកេង វ៉ាន់សាក់ ។ ឧទាហរណ៍ ពាក្យ ជម្ងឺ ។ មនុស្សទូទៅកំពុងមាននិន្នាការសរសេរពាក្យនេះយ៉ាងដូច្នេះ ដែលនេះគឺជាពាក្យខុស។ មានពេលខ្លះពាក្យនេះត្រូវបានសរសេរនៅលើទំព័រកាសែត ក្នុងចំណងជើងធំៗទៀត ។ តើគេអាចសរសេរអក្សរខ្មែរតាមតែអំពើចិត្ត ឬយ៉ាងណា ? តាមពិតពាក្យជំងឺសរសេរបានតែម្យ៉ាងប៉ុណ្ណោះ គឺ ជំងឺនេះឯង ។
រដ្ឋលេខាធិការក្រសួងអប់រំលោកជ័យ ចាបបានថ្លែងថានៅមានមនុស្សមួយចំនួនដែលជាក្រុមអ្នកអភិរក្ស "ផ្កាប់មុខ" ហើយដែលស្ទើរគ្រប់អក្សរ ពួកគេចង់សរសេរជាតម្រួត ។ លោកជ័យ ចាបបានផ្តល់ឧទាហរណ៍ពាក្យកំលោះ ។ ពាក្យនេះជាពាក្យដែលសម្តេចជួន ណាតបានសរសេរនៅក្នុងវចនានុក្រមរបស់ព្រះអង្គ។ ក៏ប៉ុន្តែលោកជ័យ ចាបអះអាងថា មានក្រុមអ្នកនិយមតម្រួតព្យាង្គដែលគិតថាសរសេរ កម្លោះ បែបនេះទើបត្រឹមត្រូវ ។
កម្ពុជាសំបូរអ្នកចេះដឹង ។ ប៉ុន្តែមានបញ្ហាមួយគឺពួកគេហាក់ដូចជាពិបាកនឹងអង្គុយធ្វើការជាមួយគ្នា ។ ឧបករណ៍ដ៏មានឥទ្ធិពលមួយទៅលើការប្រើប្រាស់ភាសាក្នុងសម័យទំនើបបាន ស្តែងឲ្យឃើញនៅក្នុងខារ៉ាអូខេ ។ មានអក្សរមិនតិចទេដែលគេសរសេរខុស ហើយត្រូវបានបញ្ចេញមកលក់ដូរជាសាធារណៈ។ គ្មានគណៈកម្មការត្រួតពិនិត្យបញ្ហាទាំងនេះទេ ? ពាក្យផ្សេងទៀតដែលទាក់ទងនឹងពាក្យបច្ចេកទេសដែលត្រូវសរសេរប្រកប ចេញពីពាក្យបរទេស ក៏មិនដែលមានស្ថាប័នរដ្ឋអ្នកទទួលខុសត្រូវណាមួយចេញមុខប្រកាសជា សាធារណៈថាត្រូវសរសេរបែបណាដែរ ដូច្នេះពាក្យបរទេសតែមួយសោះ តែនាំគ្នាប្រកបសរសេរខុសៗពីគ្នា ។
លោកច័ន្ទ សំណព្វអនុប្រធានរាជបណ្ឌិតសភាបានថ្លែងអោយដឹងថា គណៈកម្មាការមួយក្រុមដែលមានសមាជិកជាង២០រូបកំពុងរៀបចំវចនានុក្រម ខ្មែរថ្មីមួយដើម្បីធ្វើជាគោលក្នុងការសរសេរប្រើប្រាស់អក្សរខ្មែរ នាពេលអនាគត ។ តាមគម្រោង វចនានុក្រមនេះនឹងត្រូវបញ្ចប់នៅក្នុងអំឡុងពី៣ ទៅ៥ឆ្នាំខាងមុខ ។ ជាវចនានុក្រមដែលនឹងមានពាក្យពេចន៍ច្រើនជាងវចនានុក្រមរបស់សម្តេច សង្ឃជួន ណាត ។ លោកច័ន្ទ សំណព្វមានប្រសាសន៍ថា សព្វថ្ងៃក្រុមការងារកំពុងពិនិត្យលើការសរសេរ និងការពន្យល់ន័យ ។ ក្រោយពីបញ្ចប់ការតាក់តែង វចនានុក្រមនេះនឹងត្រូវដាក់ទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ត្រួតពិនិត្យ ។ លោកអនុប្រធានរាជបណ្ឌិតសភាបានបញ្ជាក់យ៉ាងដូច្នេះថា៖"នៅក្នុង ការសរសេរវចនានុក្រមនេះ វានឹងមានអក្សរខ្លះដែលយើងអាចសរសេរពីរប្រភេទ រាយព្យាង្គ និងតម្រួតព្យាង្គ ។ បន្ទាប់មកក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងសម្រេចថា នឹងជ្រើស រើសយកអក្សរណាមួយ" ។ ប៉ុន្តែ សម្រាប់លោកបណ្ឌិតភាសាវិទ្យាបានមានប្រាសាសន៍អោយដឹងថា ការសម្រេចជ្រើសរើសអក្សរណាមួយនោះ ទំនងជាមិនមែនប្រព្រឹត្តិទៅក្នុងក្របខណ្ឌមនុស្សមួយក្រុមតូច នោះឡើយ ។ លោកច័ន្ទ សំណព្វបន្តថា លោកមានយន្តការនៃការធ្វើប្រជាមតិ ដោយបង្កើតនូវឃ្លាដែលមានអក្សរតម្រួតព្យាង្គផង និងរាយព្យាង្គផង ដើម្បីអោយមនុស្សទូទៅសរសេរ ។ នៅពេលនោះ ប្រសិនបើប្រជាពលរដ្ឋខ្មែរនិយមសរសេរអក្សរណាមួយច្រើនជាតិ ។ តម្រួត ឬសំរាយ ?
ទោះយ៉ាងណា គេត្រូវនៅរង់ចាំរហូតដល់វចនានុក្រមនេះចប់សព្វគ្រប់ ។ ៥ឆ្នាំទៀត ? ចុះបើមានឧបសគ្គ ? ឯកភាពលើអក្សរសាស្ត្រខ្មែរគួរតែមានអោយឆាប់ ៕
ប្រភព៖ http://www.cen.com.kh